ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​កាលពី​ម្សិលមិញ​បាន​បូម​យក​សំណាក​ឈាម​ពី​សត្វ​មាន់​ជាង​ ២​ ០០០ ​ក្បាល​ ដើម្បី​ពិសោធ​រក​មេរោគ​ផ្សេងៗ បន្ទាប់ពី​ត្រូវ​បាន​គេ​លួច​នាំចូល​ខុសច្បាប់​ពី​ថៃ​មក​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។

លោក​ ហ៊ុន សារ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​ថា សត្វ​មាន់​ទាំងនោះ​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​ ១ ​គ្រឿង​ចេញពី​ប្រទេស ​ថៃ​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់​តាម​ច្រករបៀង​តំបន់​ ៥ នៅ​ភូមិ​ព្រៃច័ន ឃុំ​អូរ៣​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ហើយ​ត្រូវបាន​មន្ត្រី​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​សហការ​ជាមួយ​មន្ត្រី​នៃ​​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ និង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​ចាប់​បាន​នៅតាម​ផ្លូវ​លេខ​ ៥៦ ជាប់​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ​។

លោក​ សារ៉ាត់ បាន​បន្ត​ថា​វត្ថុតាង​ទាំងនោះ​រួមមាន សត្វ​មាន់​រស់​ ២ ១០០ ​ក្បាល និង​រថយន្ត​ដឹកទំនិញ​ ១ ​គ្រឿង​​ ត្រូវ​បាន​រឹបអូស​យក​ទៅ​រក្សាទុក​នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ រីឯ​អ្នកបើកបរ និង​អ្នករួមដំណើរ​​ម្នាក់​ទៀត​នៅលើ​រថយន្ត​ដឹក​សត្វ​មាន់​នោះ​​មិន​ត្រូវបាន​ឃាត់ខ្លួន​ទេ បើទោះ​ជា​ពួកគេ​គ្មាន​ឯកសារ​ផ្លូវច្បាប់​ក្ដី​។

លោក​ថា​៖ «​ពេលនេះ​មន្ត្រី​ជំនាញ​បាន​បូម​ឈាម​ពី​សត្វ​មាន់​ទាំងនោះ​យក​ទៅ​​ពិសោធ​នៅ​ឡាបូ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​របស់​យើង​ដើម្បី​ពិនិត្យ​រក​រោគសញ្ញា​ជំងឺឆ្លង​។

ក្នុង​ករណី​រក​មិនឃើញ​មាន​ជំងឺឆ្លង​នោះ ម្ចាស់​ទំនិញ​ [​សត្វ​មាន់​] អាច​រួចខ្លួន​ពី​​ការចោទប្រកាន់​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​រងការផាកពិន័យ​ពី​ ១០-១៥ ​លាន​រៀល​»​។

លោក​បាន​បន្ថែម​ថា​៖ «​ក្នុង​ករណី​រកឃើញ​ថា មាន់​ទាំងនោះ​មាន​ផ្ទុក​ជំងឺ​​ឆ្លង​ត្រូវ​ដុត​កម្ទេចចោល​ហើយ​ក្នុង​ករណី​រកឃើញ​ថា ម្ចាស់​ទំនិញ​ដឹង​ច្បាស់​ថា ក្នុងចំណោម​សត្វ​មាន់​ទាំងនោះ​មាន​ជំងឺឆ្លង ហើយ​នៅ​តែ​នាំចូល​មកទៀត​នោះ​នឹង​ត្រូវ​រង​ការចោទប្រកាន់​តាម​មាត្រា​ ១១៥ ​នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ដែល​ប្រឈម​នឹង​​ត្រូវ​ផ្ដន្ទាទោស​ពី​ ២-៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០-៥០ ​លាន​រៀល​»​។

ជុំវិញ​ករណី​នេះ​ផងដែរ​លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​បសុសត្វ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បទលើ្មស​នាំ​សត្វ​ឆ្លងដែន​ខុសច្បាប់​បាន​កើតឡើង​តាម​ច្រករបៀង​ជា​ញឹកញាប់ បើទោះ​ជា​មន្ត្រី​ជំនាញ​បង្ក្រាប​​បាន​ជា​បន្តបន្ទាប់​ក៏ដោយ​។

លោក​ថា​៖ «​ជាក់ស្ដែង​ក្នុង​រយៈពេល​ ១០ ​ខែ​ក្នុង​ឆ្នាំនេះ សមត្ថកិច្ច​ជំនាញ​​ក៏​បាន​ចាប់ និង​ដុត​បំផ្លាញចោល​នូវ​សាច់សត្វ​គ្រប់​ប្រភេទ​សរុប ​៨ ០៣១ ​គីឡូក្រាម និង​ផាកពិន័យ​បាន​ ៦៥ ​លាន​រៀល​»​។

បើ​តាម​លោក ទូច ច្រករបៀង​កម្ពុជា-ថៃ​ ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​រហូត​​ដល់​ ៥៦ និង​មាន​លក្ខណៈ​ស្មុគស្មាញ​ដោយ​តំបន់​ខ្លះ​មាន​ព្រៃ​ក្រាស់ និង​ដាច់​ឆ្ងាយ​ពី​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​។ ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស តែង​លួច​ធ្វើ​សកម្មភាព​នាំចូល​នូវ​សាច់សត្វ និង​សត្វ​រស់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​តាម​ច្រករបៀង​ទាំងនោះ​៕