ភ្នំពេញៈ សំណុំរឿង​គ្រឿងញៀន​ជិត ១០០ គីឡូក្រាម និង​ជនជាប់ចោទ ៤ ​នាក់​ ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ចាប់ និង​រឹបអូស​បាន​កាលពី​ថ្ងៃទី ២១-២៤ ​ខែ ​តុលា​ ឆ្នាំ​ ២០១៩ ​ត្រូវ​បាន​ផ្ទេរ​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ច្បាប់​។

យោង​សេចក្ដី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃទី​ ២២ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន បញ្ជាក់​ថា​ជនសង្ស័យ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ជិត​ ១០០ ​គីឡូក្រាម ខាងលើ​នេះ​រួមមាន​ឈ្មោះ SAk SAESONG អាយុ​ ៣២ ​ឆ្នាំ​ ជា​ជនជាតិ​ថៃ​, គង់ វណ្ណៈ អាយុ​ ៤០ ​ឆ្នាំ​, សុខ ប៊ុនសិរិឆ័យ អាយុ​ ៤២ ​ឆ្នាំ និងឈ្មោះ លី តឹក អាយុ​ ៥៣ ​ឆ្នាំ ទាំង​ ៣ ​នាក់​ ជា​ជនជាតិ​ខ្មែរ​ ដែល​តុលាការខេត្ត​កំពង់ធំ​បាន​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន ហើយ​បានសម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ធំ​នោះ​ក៏​ត្រូវ​បាន​ផ្ទេរ​មក​កាន់​ពន្ធនាគារ​ព្រៃស (​ម ​១) ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា ការផ្ទេរ​សំណុំរឿង​គ្រឿងញៀន​ដ៏ធំ​មួយ​នេះ រួមទាំង​ជន​ត្រូវ​ចោទ​មកកាន់​រាជធានី​ភ្នំពេញ គឺ​ដើម្បី​សម្រួល​ដល់​ការងារ​ស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ​។ ម្យ៉ាងទៀត​ជន​ត្រូវ​ចោទ​ទាំង​ ៤ ​នាក់​ត្រូវ​បាន​គេ​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ឆ្លងដែន​ថ្មី​មួយ​ផ្សេងទៀត​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ថៃ ព្រោះ​តាម​ចម្លើយ​សារភាព​របស់​ពួកគេ​គ្រឿងញៀន​ទាំង​នោះ​បាន​នាំ​ចូលមក​កម្ពុជា​តាម​ច្រកព្រំដែន​ប្រទេស​ថៃ​។

លោក​បញ្ជាក់ថា​៖ «​សំណុំ​រឿងនេះ​កំពុង​ស្ថិតក្រោម​យុត្តាធិការ​នៃ​ការស៊ើបអង្កេត​របស់​តុលាការ និង​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដូច្នេះ​ការផ្ទេរ​សំណុំរឿង​ និង​ជន​ត្រូវ​ចោទ​ទៅ​កាន់​រាជធានី​ភ្នំពេញ​គឺ​ដើម្បី​សម្រួល​ដល់​ការងារ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជំនាញ​»​។

ដោយឡែក​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​បាន​បង្ក្រាប​ចាប់​បុរស​ម្នាក់​ដោយ​រឹបអូស​នូវ​វត្ថុតាង​កញ្ឆា​ក្រៀម​ទម្ងន់ ៩៨ គីឡូក្រាម និង​បាន​ចុះបង្ក្រាប​ទីតាំង​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​មួយកន្លែង​ទៀត​នៅតាម​ជ្រលង​ភ្នំ​បាយ៉ង់កោ ស្ថិត​ក្នុង​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្រែអំពក ស្រុក​គិរីវង់​ដោយបាន​កាប់ និង​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ជាង​ ៣០០០ ​ដើម​។

លោក ​ង៉ែត ចាន់ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា ជនសង្ស័យ​ឈ្មោះ​ ធឹម ណា អាយុ​ ២៨ ​ឆ្នាំ​ ជា​អ្នករស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​គិរីវង់​ចាប់​ឃាត់ខ្លួន ខណៈ​កំពុង​រៀបចំ​ដឹកជញ្ជូន​កញ្ឆា​ក្រៀម​ចំនួន ​១៥ ការុង​ ដែល​មាន​ទម្ងន់ ៩៨ ​គីឡូក្រាម ដើម្បី​នាំចេញ​ទៅ​លក់​បន្ត​នៅឯ​ព្រំដែន​ប្រទេស វៀតណាម​។

លោក​បន្តថា ជាមួយ​គ្នា​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ក៏​បាន​ចុះបង្ក្រាប​នៅ​ទីតាំង​ដាំ​កញ្ឆា​ខុសច្បាប់​មួយកន្លែង​នៅ​តំបន់​ខាងលើ​ផងដែរ ដោយ​បាន​កាប់​ និង​ដុតបំផ្លាញ​ដើម​កញ្ឆា​ចំនួន​ ៣ ៣៥០ ​ដើម​។ លោក​ថ្លែងថា​៖ «​នៅពេល​នេះ​ជនសង្ស័យ​ត្រូវបាន​តុលាការ​ខេត្តតាកែវ​បង្គាប់​ឲ្យ​នាំយក​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ពី​បទ​ជួញដូរ [​កញ្ឆា​] រុក្ខជាតិ​មាន​សារធាតុ​ញៀន​»៕