ភ្នំពេញៈ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បានបញ្ជាក់​ពីថ្ងៃ​ទី​ ៣១ ខែ​ធ្នូ ថា សំណុំរឿង​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​របស់​បុរស​ជនជាតិ​បារាំង​ដែល​ត្រូវបាន​រថយន្ត​ម៉ាក​ Range Rover របស់​បុរស​​អ្នកមាន​ម្នាក់​បើក​បុក​គាត់​បណ្តាល​ឲ្យ​របួស​បាក់ជើង​ម្ខាង​កាលពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នោះ ត្រូវ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​។

ការបញ្ជាក់​របស់​លោក​ស្នងការ​បែប​នេះ បន្ទាប់ពី​លោក​ Jean Yves Dekeister បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ឲ្យ​មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​រូបលោក បន្ទាប់ពី​រូបលោក​ត្រូវ​បាន​រថយន្ត Range Rover ពណ៌​ស​បាន​បើក​បុក​គាត់​បណ្តាល​ឲ្យ​ពិការ​ជើងឆ្វេង ខណៈ​លោក​កំពុង​ជិះ​ម៉ូតូ​នៅក្នុង​បុរី​ប៉េងហួត បឹងស្នោ ទៅ​បំពេញ​ការងារ​កាលពី​ថ្ងៃទី​ ២៩ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​។

លោក ស ថេត បញ្ជាក់ថា​៖ «​ភាគី​ទាំង​ ២ ​មិន​ត្រូវ​គ្នា ដោយ​គាត់​ (Jean Yves Dekeister) ទាមទារ​គេ​រហូត​ដល់​ទៅ​ ៣ ​ទៅ​ ៤ ​ម៉ឺន​ដុល្លារ ហើយ​ករណី​សំណុំ​រឿង​ហ្នឹង​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ពេល​ដែល​ជនបង្ក​បាន​រត់គេចខ្លួន​បាត់​ហើយ​។ ឡាន​ក៏​បើក​លឿន ម៉ូតូ​ក៏​បើក​លឿន​ដែរ​។ យើង​បញ្ជូន​ទៅ​តុលាការ​ហើយ​តុលាការ​ជា​អ្នកចាត់ចែង​ករណី​ខាងលើ​»​។

លោក ​សែម ​គន្ធា ​នាយការិយាល័យ​ចរាចរណ៍​ក្រុងភ្នំពេញ​ថ្លែង​ថា ការិយាល័យ​ចរាចរណ៍​ក្រុងភ្នំពេញ​បាន​ជួយ​ព្យាយាម​សម្របសម្រួល​ចំនួន​ ២ ​លើក​រួចមក​ហើយ​រវាង​លោក Jean Yves Dekeister និង​អ្នកបើក​រថយន្ត​ម៉ាក​ Range Rover ប៉ុន្តែ​ភាគី​ទាំង​ ២ ​មិន​ត្រូវ​គ្នា​។

លោក​បញ្ជាក់ថា​៖ «​គាត់​ទាមទារ ជនបង្ក​រហូត​ដល់​ទៅ​ ៤ ​ម៉ឺន​ដុល្លារ ហើយ​និង​បាន​ស្នើសុំ​ប្រាក់​ជំងឺចិត្ត​ទៀត និង​ការខាត​ពេលវេលា​របស់គាត់​។ យើង​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​កាន់​តុលាការ​ហើយ​តាម​ការស្នើសុំ​របស់​លោក​ Jean Yves Dekeister ប្រហែល​ ២ ​អាទិត្យ​»​។

លោក​បន្ថែមថា រថយន្ត​បើកបរ​មិន​គោរព​ស្តាំ​ដៃ ហើយ​ម៉ូតូ​បើក​លឿន​លើផ្លូវ​ខ្វែង​។ ទោះ​យ៉ាងណា​លោក​បាន​បដិសេធ​បង្ហាញ​អត្តសញ្ញាណ អ្នក​ដែល​បាន​បើក​រថយន្ត​ម៉ាក​ Range Rover បុក​ទៅលើ​លោក Jean Yves Dekeister ដោយ​អះអាង​ថា​ជា​ការសម្ងាត់​របស់​សមត្ថកិច្ច​។

លោក​ Jean Yves Dekeister ជា​ជនជាតិ​បារាំង​ដែល​បាន​ចូលមក​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩១ ហើយ​តែងតែ​ជួយ​ដល់​អ្នកក្រីក្រ លំបាក តាម​សហគមន៍​ផ្សេងៗ​បាន​ថ្លែង​នៅលើ​គណនី​ហ្វេសប៊ុក​របស់ Marie Thourida Dekeister នៅ​ថ្ងៃទី​ ២៥ ​ខែ​ធ្នូ​ ថា នៅ​ថ្ងៃទី​ ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលា​ប្រហែល​ម៉ោង ៨ និង​ ១៥ នាទី​ព្រឹក ​រូប​លោក​កំពុង​ជិះ​ម៉ូតូ​នៅក្នុង​បុរី​ប៉េងហួត បឹងស្នោ ទៅ​បំពេញការងារ​ស្រាប់តែ​មាន​រថយន្ត Range Rover ១ ​គ្រឿង​បើកបរ​យ៉ាង​លឿន និង​បាន​បុក​ពេញ​ទំហឹង​ដែល​បណ្តាល​ឲ្យ​បាក់ជើង​ឆ្វេង​។

លោក​បញ្ជាក់ថា​៖ «​នៅសល់​តែ​ ២០០ ទៅ​​ ៣០០ ​ម៉ែត្រ​ដល់​ការិយាល័យ ខ្ញុំ​ក៏បាន​ឆ្លងថ្នល់​ធំ ហើយ​ខ្ញុំ​បាន​ឆ្លង​ដល់​ពាក់កណ្តាល​ផ្លូវ​ហើយ​ឃើញ​ថា មាន​ឡាន​ ១ ​ដែល​ជិះ​យ៉ាង​លឿន ងាក​មក​ឆ្វេង​មក​បុក​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាត់​ស្មារតី ហើយ​មួយ​រយៈពេល​ខ្លី​ខ្ញុំ​ក៏បាន​ដឹងខ្លួន ដេក​នៅ​លើ​ថ្នល់​ខាងឆ្វេង​។ សំណាងល្អ​មិន​ធ្ងន់ធ្ងរ​ដល់​ក្បាល​ដោយសារ​តែ​មាន​មួកសុវត្ថិភាព តែ​ខ្ញុំ​មើលឃើញ​ជើង​ខ្ញុំ​សុទ្ធតែ​ឈាម​»​។

លោក​បន្ថែមថា ក្រោយ​កើតហេតុ​អ្នករស់នៅ​ម្តុំ​នោះ​បាន​បញ្ជូន​លោក​ទៅកាន់​មន្ទីរពេទ្យ ហើយ​បន្ទាប់ពី​ពិភាក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជាច្រើន​រួចហើយនោះ​ទើប​គ្រូពេទ្យ​សម្រេច​កាត់​ជើង​ខាងឆ្វេង​របស់​លោក ដោយសារ​តែ​មិនអាច​ទុក​បាន​។ លោក Dekeister ត្រូវបាន​ក្លាយ​ជា​ជនពិការ​ជើង​ម្ខាង​អស់​ ១ ​ជីវិត​ក្នុងពេល​មួយប៉ប្រិចភ្នែក ហើយ​លោក​សង្ឃឹមថា ភាគី​ដែល​បង្កហេតុ​នឹង​ទទួលខុសត្រូវ ក៏ដូចជា​ចេញថ្លៃ​ព្យាបាល​ដល់​រូបលោក​ដែលជា​ជនរងគ្រោះ​។

លោក​បញ្ជាក់ថា​៖ «​យើង​នៅតែ​សង្ឃឹម​ថា​គាត់​នឹង​ប្រាកដ​ទទួល​ខុសត្រូវ​ក្នុង​ការជួយ​យើង​ក្នុង​ការព្យាបាល និង​ការចំណាយ​ទៅលើ​ការធ្វើ​ជើង​សិប្ប​និមិត្ត​ឲ្យ​បានល្អ​ដើម្បី​បន្ត​បម្រើ​ការងារ​នៅក្នុង​សង្គម​។ ខ្ញុំ​ក្លាយជា​ជនពិការ​អស់​ ១ ​ជីវិត ហើយ​ខ្ញុំ​សង្ឃឹម​ថា​គាត់​ទទួលខុសត្រូវ​»​។

លោក​បន្តថា អ្នកបើកបរ​បុក​រូប​លោក​ដោយ​បាន​បំពាន​ច្បាប់​ចរាចរណ៍ ដោយបាន​បើក​យ៉ាងលឿន​នៅក្នុង​បុរី និង​មិន​បាន​ផ្តល់​អាទិភាព​អ្នក​ខាងស្តាំ​ដៃ​។ លោក​និយាយ​ទៀត​ថា អ្នកបើកបរ​មក​សួរសុខទុក្ខ​លោក​នៅ​មន្ទីរពេទ្យ ២ ​ដង បន្ទាប់ពី​គ្រោះថ្នាក់ ហើយ​សន្យា​ថា​នឹង​ជួយ​ចំណាយ​ទៅលើ​ការព្យាបាល ប៉ុន្តែ​ក្រោយ​មក​ទៀត​ពួកគេ​បាន​ស្ងាត់​ទៅវិញ​មិនបាន​មកទៀត​ទេ​។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​បានទេ​៕