ភ្នំពេញៈ សវនាការសំណុំរឿងចារកម្មលើអ្នកផលិតភាពយន្តជនជាតិអូស្ត្រាលី James Ricketson ត្រូវបានពន្យារពេលសាជាថ្មីតាមការស្នើសុំរបស់ភាគីជនជាប់ចោទក្រោយពេលជនជាប់ចោទទើបបានទទួលភ័ស្តុតាងបន្ថែមចំនួន ៤០០ ទំព័រពីតុលាការ។
សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានប្រកាសបើកសវនាការលើសំណុំរឿងរបស់ជនជាតិអូស្ត្រាលីដែលបានបង្ហោះ Drone លើការហែក្បួនរបស់អតីតគណបក្សសង្គ្រោះជាតិក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់កាលពីឆ្នាំ ២០១៧។
ប៉ុន្តែសវនាការនេះត្រូវបានតុលាការសម្រេចពន្យាររហូតដល់ថ្ងៃទី ១៦ ខែសីហាគឺមានរយៈពេល ១ ខែគត់ដែលការពន្យារនេះធ្វើឡើងតាមការស្នើសុំរបស់មេធាវីការពារជនជាប់ចោទ និងការស្នើរបស់ជនជាប់ចោទផ្ទាល់។
សហមេធាវីរបស់លោក James Ricketson គឺលោកស្រី ពឹង យក់ហៀប និងលោក គង់ សំអុន បានលើកហេតុផលថា ការស្នើសុំលើកពេលនេះដោយសារតែមិនទាន់បានសិក្សាពីសំណុំរឿងច្បាស់លាស់ ខណៈដែលទើបតែទទួលបានឯកសារភ័ស្តុតាងប្រមាណ ៤០០ ទំព័រដែលមិនទាន់បានអាន។
លោក គង់ សំអុន បានថ្លែងថា៖ «ខ្ញុំស្នើសុំលើកពេលដោយសារតែខ្ញុំទើបតែត្រូវបានពឹងពាក់កាលពីសប្តាហ៍មុន ហើយខ្ញុំមិនទាន់បានសិក្សាសំណុំរឿងនៅឡើយទេ ហើយឯកសារភ័ស្តុតាងជាង ៤០០ ទំព័រ ដែលត្រូវអាន។ ទី ២ ខ្ញុំមិនទាន់ជួបកូនក្តីនៅពន្ធនាគារ ដើម្បីពិភាក្សាជាមួយគាត់នៅឡើយ»។
ស្រដៀងគ្នានេះជនជាប់ចោទ Ricketson បានថ្លែងស្នើសុំលើកពេលថា៖ «ខ្ញុំទើបបានឯកសារភ័ស្តុតាងជាង ៤០០ ទំព័រ ហើយខ្ញុំមិនទាន់បានអានទេ។ ដូច្នេះខ្ញុំមិនអាចការពារខ្លួនបានទេ មុនពេលខ្ញុំបានអានឯកសារនោះ។ ខ្ញុំបានជាប់ពន្ធនាគារជាង ១ ឆ្នាំហើយ ប៉ុន្តែទើបតែទទួលបានឯកសារ។ ដូច្នេះខ្ញុំសុំពន្យារពេល»។
ជនជាតិអូស្ត្រាលី James Ricketson អាយុ ៦៩ ឆ្នាំបានរស់នៅប្រទេសកម្ពុជាជាយូរមកហើយ និងមានកូនចិញ្ចឹមជាជនជាតិខ្មែរ។ ក្នុងសវនាការម្សិលមិញ តុលាការបានលើកឈ្មោះ សាក្សី ៣ រូបរួមទាំងកូនចិញ្ចឹមរបស់គាត់ផងដែរ។ Ricketson ប្រឈមមុខជាប់ពន្ធនាគារ ១០ ឆ្នាំក្រោមបទចោទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ដែលធ្វើឲ្យអន្តរាយការការពារជាតិ»៕