ភ្នំពេញ៖ សាលាឧទ្ធរណ៍ថ្ងៃព្រហស្បតិ៍នេះ បានជំនុំជម្រះឡើងវិញ តាមការបង្គាប់ របស់តុលាការកំពូល លើសំណុំរឿងជនជាប់ចោទប្រុស-ស្រី ២ នាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន មេតំហ្វេតាមីន ១៣៥ ក្រាម ដែលពួកគេត្រូវបានឧទ្ធរណ៍ផ្តន្ទាទោសម្នាក់ៗ ពី ៨ ដល់ ១៤ ឆ្នាំ ប្រព្រឹត្តក្នុងឆ្នាំ ២០១៥ នៅរាជធានីភ្នំពេញ ដែលតុលាការកំពូលចាត់ទុកថា កាត់ក្តីមិនមានមូលហេតុគ្រប់គ្រាន់។
បើតាមកំណត់ហេតុរបស់តុលាការកំពូល ដែលត្រូវបានបង្ហាញ ដោយសាលាឧទ្ធរណ៍បានឲ្យដឹងថា តុលាការកំពូល បានជំនុំជម្រះសំណុំរឿងរបស់ជនជាប់ចោទឈ្មោះ អ៊ិន អារីយ៉ា និង ឈ្មោះ ទូច ឆាយ ហើយពិចារណាឃើញថា សំណុំរឿងនេះ ហាក់មិនទាន់មានមូលហេតុគ្រប់គ្រាន់ដែលបង្ហាញថា ជនជាប់ចោទឈ្មោះ អ៊ិន អារីយ៉ា ភេទស្រី អាយុ ៣០ ឆ្នាំ និង ជនជាប់ចោទឈ្មោះ ទូច ឆាយ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅឡើយទេ។ ចំពោះទីកន្លែង ដែលសមត្ថកិច្ចឃាត់ខ្លួន និង រកឃើញគ្រឿងញៀនវិញ សុទ្ធតែមិនមែនជាកន្លែងស្នាក់នៅពិតប្រាកដរបស់ជនជាប់ចោទទៀត។
កំណត់ហេតុបញ្ជាក់ថា៖«គ្មានមូលហេតុណាមួយបង្ហាញថា ជនទាំង ២ នាក់មានទំនាក់ទំនងនឹងបទល្មើសគ្រឿងញៀននេះទេ»។
ជនជាប់ចោទឈ្មោះ ទូច ឆាយ បានប្រាប់ចៅក្រមក្នុងបន្ទប់សវនាការថ្ងៃនេះថា កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៥ មុនពេលសមត្ថកិច្ចចាប់ខ្លួនគាត់នោះ បុរសជាមិត្តភក្តិរបស់គាត់ឈ្មោះ សន វ៉ាន់ឌី ទូរស័ព្ទប្រាប់ឲ្យគាត់បើករថយន្តម៉ាកឡិចស៊ីស របស់គាត់ទៅផ្ទះស្រ្តីឈ្មោះ ចែ នៅម្តុំវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពន់ ដើម្បីហូបអាហារ។ បន្ទាប់មកស្រ្តីឈ្មោះ ចែ និងស្រ្តីម្នាក់ទៀត បានសុំគាត់ជិះរថយន្តមកខារ៉ាអូខេយីហោឈ្មោះ ឌូបៃ ហើយស្រ្តី ២ នាក់នោះបានដើរចូលបន្ទប់់ខារ៉ាអូខេនោះបាត់។ ខណៈនោះឈ្មោះ សន វ៉ាន់ឌី ដែលជាមិត្តភក្តិរបស់គាត់បានទូរស័ព្ទប្រាប់ឲ្យទៅជជែកគ្នាលេងនៅផ្ទះសង្សារ របស់គេ (សន វ៉ាន់ឌី) នៅម្តុំសំណង់ ១២ ហើយគាត់បានទៅតាមការណាត់។
ទូច ឆាយ និយាយថា ពេលទៅដល់ទីនោះស្រ្តីម្នាក់ដែលជាសង្សាររបស់ឈ្មោះ សន វ៉ាន់ឌី បានចេញមកបើកទ្វារផ្ទះឲ្យគាត់ និង ហៅអង្គុយលេងនៅលើសាឡុង ដោយស្រ្តីនោះប្រាប់គាត់ថា សន វ៉ាន់ឌី ចេញទៅទិញអាហារញ៉ាំ ហើយមួយសន្ទុះក្រោយមកទើបឈ្មោះ សន វ៉ាន់ឌី ត្រឡប់មកវិញ។
ជនជាប់ចោទ ទូច ឆាយ បន្តថាគាត់អង្គុយលេងជាមួយឈ្មោះ សន វ៉ាន់ឌី រហូតដល់ម៉ោងជាង ៦ ល្ងាច ស្រាប់តែសមត្ថកិច្ចនគរបាលចូលទៅផ្ទះស្រ្តីនោះ ហើយចាប់គាត់ដាក់ខ្នោះ និង បានឆែកឆេរក្នុងផ្ទះនោះ ហើយប្រាប់គាត់ថា គេបានរកឃើញគ្រឿងញៀនមួយចំនួនដែលមានទម្ងន់ជាង ៣២ ក្រាម។
ជនជាប់ចោទនិយាយថា៖ «ពេលនោះឈ្មោះ សន វ៉ាន់ឌី និងស្រ្តីជាសង្សារត្រូវសមត្ថកិច្ចដោះលែងវិញ រីឯខ្ញុំចាប់ខ្លួន។ ខ្ញុំមិនបានប្រព្រឹត្តរឿងជួញដូរគ្រឿងញៀនទេសូមតុលាការដោះលែងខ្ញុំវិញ»។
ដោយឡែក ឈ្មោះ អ៊ិន អារីយ៉ា បានឆ្លើយប្រាប់ចៅក្រមដែរថា គាត់បានស្គាល់ស្រ្តីម្នាក់ឈ្មោះចែ ហើយស្រ្តីនោះបានជួលគាត់ឲ្យបោកខោអាវ សម្អាតក្រៅបន្ទប់ របស់នាងក្នុង១អាទិត្យ២ដង។ ប៉ុន្តែ ស្រ្តីឈ្មោះ ចែ នោះមិនដែលឲ្យគាត់ចូលសម្អាតក្នុងបន្ទប់របស់នាងទេ។ នៅល្ងាចថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៥ ខណៈគាត់កំពុងបោកអាវស្រាប់តែសមត្ថកិច្ចនគរបាលបានចូលទៅក្នុងបរិវេណផ្ទះ ហើយបានគាស់សោទ្វារបន្ទប់របស់ស្រ្តីឈ្មោះ ចែ ឆែកឃើញគ្រឿងញៀន មេតំហ្វេតាមីន ៥ កញ្ចប់ ស្មើទម្ងន់ ១៣៥ ក្រាម ហើយសមត្ថកិច្ចបានហៅគាត់មើលដោយប្រាប់គាត់ថា វត្ថុនោះជាគ្រឿងញៀន។
ស្រ្តីជាប់ចោទប្រាប់ចៅក្រមថា៖«ខ្ញុំគ្រាន់តែជាអ្នកបោកខោអាវឲ្យគេទេសូមតុលាការរកយុត្តិធម៌ឲ្យខ្ញុំផង ព្រោះខ្ញុំមានម្តាយចាស់ អាយុ ៧០ ឆ្នាំហើយ ហើយខ្ញុំក៏មានកូនម្នាក់គ្មានអ្នកណាចិញ្ចឹមទេ»។
សំណុំរឿងនេះត្រូវបានសាលាដំបូងប្រកាសសាលក្រម នៅថ្ងៃទី ២៨ វិច្ឆកា ឆ្នាំ ២០១៦ ផ្តន្ទាទោសឈ្មោះ ទូច ឆាយ ដាក់ពន្ធនាគារ ៨ ឆ្នាំ និង ពិន័យប្រាក់ ១៥ លានរៀល។ ឈ្មោះ អ៊ិន អារីយ៉ា ដាក់ពន្ធនាគារ ១៤ ឆ្នាំ និងពិន័យប្រាក់ ៣០ លានរៀល។ ជនជាប់ចោទមិនសុខចិត្តបានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ តែត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកា នៅថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០១៨ ដោយតម្កល់សាលក្រមដដែល។ លុះពួកគេប្តឹងសារទុក្ខបន្តទៅតុលាការកំពូលក៏ត្រូវតុលាការកំពូលប្រកាសសាលដីកា នៅថ្ងៃទី ៩ មេសា ឆ្នាំ ២០១៨ សម្រេចបង្វិលសំណុំរឿងមក សាលាឧទ្ធរណ៍ជម្រះឡើងវិញ។
លោក លឹម សុគន្ធ តំណាងមហាអយ្យការសន្និដ្ឋានថា តាមការពិនិត្យក្នុងអង្គហេតុបង្ហាញថា អ្នកទាំង ២ នាក់បានឆ្លើយបដិសេធតាំងពី នៅដំណាក់កាលនគរបាលរហូតដល់ព្រះរាជអាជ្ញា និង ចៅក្រមស៊ើបសួរ រហូតដល់ពេលជំនុំជម្រះ ពួកគេនៅតែឆ្លើយបដិសេធ។ ចំពោះចម្លើយនៅកំណត់ហេតុនគរបាលវិញ ក៏លោកមិនឃើញចំណុចណាមួយមានចម្លើយជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែរ។ ចំពោះវត្ថុតាងគ្រឿងញៀនដែលសមត្ថកិច្ចដកហូតបានគឺយកចេញពីបន្ទប់ស្រ្តីឈ្មោះចែ រីឯឈ្មោះ ទូច ឆាយ ក៏ដូចគ្នា គឺកន្លែងសមត្ថកិច្ចរកឃើញគ្រឿងញៀននោះ មិនមែនជាផ្ទះគាត់។
លោកថ្លែងថា៖«ខ្ញុំសូមក្រុមប្រឹក្សាជំនុំជម្រះពិនិត្យលើកន្លែងកើតហេតុឲ្យបានហ៉្មត់ចត់និងស្នើពិនិត្យតាមការចង្អុលបង្ហាញពីតុលាការកំពូល»។
លោក ទេព បញ្ញា ជាមេធាវីការពារសិទ្ធិឲ្យស្រ្តីឈ្មោះ អ៊ិន អារីយ៉ា សន្និដ្ឋានថាក្នុងរបាយការណ៍របស់សមត្ថកិច្ចបាននិយាយថាសមត្ថកិច្ចបានតាមដានលើឈ្មោះចែហើយបានទូរស័ព្ទទាក់ទងស្រ្តីឈ្មោះចែនិងបក្ខពួកដើម្បីទិញថ្នាំញៀន។ ដូច្នេះ កូនក្តីលោកមិនជាប់ពាក់ព័ន្ធទេ។សមត្ថកិច្ចពេលនោះមិនបានឆែកឃើញគ្រឿងញៀននៅជាប់ខ្លួនរបស់កូនក្តីលោកដែរគឺនៅក្នុងបន្ទប់ស្រ្តីឈ្មោះចែនោះទេ។
លោកថ្លែងថា៖ «ខ្ញុំសូមតុលាការដោះលែងកូនក្តីខ្ញុំវិញផង»។
ចំណែក មេធាវីមួយរូបទៀត មិនឲ្យបញ្ចេញឈ្មោះដែលការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះ ទូច ឆាយ សន្និដ្ឋានថាកូនក្តីលោកបានបដិសេធនៅគ្រប់ដំណាក់កាលរហូតដល់តុលាការកំពូល ហើយសាក្សីជាកម្លាំងបង្កប់ក៏អះអាងដែរថា ពេលចាប់កូនក្តីលោកក៏មិនឃើញមានគ្រឿងញៀននៅក្នុងខ្លួនកូនក្តីលោកដែរ។ រីឯម្ចាស់ផ្ទះជួលនៅសំណង់១២ ក៏អះអាងថា ឈ្មោះ ទូច ឆាយ មិនមែនជួលបន្ទប់គាត់ទេ។
លោកថា៖«កាលពីនៅដំណាក់កាលព្រះរាជអាជ្ញាសាកសួរដំបូង ក៏លើកលែងការចោទប្រកាន់កូនក្តីខ្ញុំដែរ តែបែរជាពេលជំនុំជម្រះ ត្រូវតុលាការចោទគាត់ទៅវិញ។ ខ្ញុំសូមតុលាការដោះលែងគាត់វិញ»។
ក្រោយជំនុំជម្រះ លោក ងួន រតនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីកានេះប្រកាសនៅថ្ងៃទី ១២ មិថុនា ៕