The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សំណុំ​រឿង​ឈូស​ឆាយ​ដី​ព្រៃលិច​ទឹក​នៅ​ខេត្ត​កំពង់ធំ ដែល​បំផ្លាញ​ដល់​ទីជម្រក​មច្ឆាជាតិ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

សំណុំ​រឿង​ឈូស​ឆាយ​ដី​ព្រៃលិច​ទឹក​នៅ​ខេត្ត​កំពង់ធំ ដែល​បំផ្លាញ​ដល់​ទីជម្រក​មច្ឆាជាតិ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

Content image - Phnom Penh Post
ដី​ព្រៃលិច​ទឹក​នៅ​ខេត្ត​កំពង់ធំ ដែលត្រូវបានជនខិលខូចឈូសយកធ្វើជាកម្មសិទ្ធិ។ រូបថត ហ្វេសប៊ុក

សំណុំ​រឿង​ឈូស​ឆាយ​ដី​ព្រៃលិច​ទឹក​នៅ​ខេត្ត​កំពង់ធំ ដែល​បំផ្លាញ​ដល់​ទីជម្រក​មច្ឆាជាតិ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

កំពង់ធំ៖ មន្ទីរ​កសិកម្ម​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ករណី​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ដោយ​ខុស​ច្បាប់ ដែល​បំផ្លាញ​ដល់​ទីជម្រក​មច្ឆាជាតិ ស្ថិត​នៅ​ភូមិខ្សាច់ជីរស់ ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។

លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ធំ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២ ឧសភា​ថា សំណុំ​រឿង​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំងបូង​ខេត្ត​កំពង់ធំ​កាល​ពី​ថ្ងៃទី ១ ខែឧសភា ដើម្បី​ស្វែងរក​មុខ​សញ្ញា​ជនសង្ស័យ​យក​មក​អនុវត្ត​ច្បាប់​តាម​នីតិវិធី។

ទោះ​ជា​យ៉ាងណា លោក ប៉ែន វណ្ណរិទ្ធ មិន​បាន​បញ្ជាក់​លម្អិត​ពី​ទំហំ​ដី​ដែល​ត្រូវ​បាន​ជនសង្ស័យ​ឈូស​ឆាយ​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ទេ។ បច្ចុប្បន្ន លោក​កំពុង​ចុះ​ស្រាវជ្រាវ និង​ធ្វើ​កិច្ច​ការងារ​នេះ ជាមួយ​មន្ត្រី​របស់​លោក​ឱ្យ​បាន​ច្បាស់លាស់។

លោក ប៉ែន វណ្ណរិទ្ធ បន្ត​ថា លោក​មិន​ទាន់​បាន​កំណត់​មុខ​សញ្ញា​បុគ្គល​ណា​មួយ​ដែល​បាន​បញ្ជា​ឱ្យ​មាន​ការ​ចូល​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​នោះ​ទេ។ នៅ​ពេល​ដែល​ក្រុម​ការងារ​របស់​លោក​ទៅ​ដល់ ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​អស់​បន្សល់​ទុក​តែ​ត្រាក់ទ័រ​ចំនួន ២ គ្រឿង និង​អេចស្កាវ៉ាទ័រ ១ គ្រឿង។

លោក​ថ្លែង​ថា៖​ «ខ្ញុំ​បាន​ឃាត់​ចាប់​គ្រឿងចក្រ ហើយ​មនុស្ស​ដែល​ជា​ជនសង្ស័យ​រត់​ចោល​អស់។ អ៊ីចឹង​ខ្ញុំ​អត់​ដឹង​ខាង​ណា និង​មាន​គ្នា​ប៉ុន្មាន​នាក់​ទេ។ អ៊ីចឹង​មាន​តែ​ឱ្យ​តុលាការ​ចាត់​ការ​បន្ត​ទៀត»។

ប៉ុន្តែ លោក ហម ហុន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ធំ កាល​ពីថ្ងៃ ១ ឧសភា ​ឲ្យ​ដឹង​ថា អ្នក​ដែល​បញ្ជា​ឲ្យ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​នេះ ឈ្មោះ ជក់ ងួន មាន​តួនាទី​ជា​ចៅក្រម​ខេត្ត​ស្វាយរៀង។ ចំណែក​ម្ចាស់​អេស្កាវ៉ាទ័រ​ឈ្មោះ​លោក រ៉ា ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។

លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី ២ ឧសភា​ថ្លែង​ថា សាលា​ដំបូង​ខេត្ត​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ឡើយ​ទេ។

លោក ស៊ិន វិរៈ បញ្ជាក់​ថា ភាព​យឺតយ៉ាវ​នេះ អាច​មក​ពី​កាល​ថ្ងៃទី ១ ឧសភា គឺ​ជា​ថ្ងៃ​ឈប់​សម្រាក។ យ៉ាង​ណា​ក៏​ដោយ​សំណុំ​រឿង​នេះ អាច​នឹង​បញ្ចូន​មក​សាលា​ដំបូង​ខេត្ត​តាម​បែបបទ​រដ្ឋបាល​នៅ​ថ្ងៃទី ៣ ខែ​ឧសភា។

បើ​តាម​លោក ស៊ិន វិរៈ សាលា​ដំបូង​ខេត្ត​កំពង់ធំ បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ជាច្រើន​ករណី ពាក់ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក និង​ករណី​ផ្សេង​ទៀត ដោយ​មាន​ការ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់។ ប៉ុន្តែ​សម្រាប់​ការ​ផ្តន្ទាទោស​អាស្រ័យ​ទៅ​លើ​ចៅក្រម​ជា​អ្នក​សម្រេច៕

អត្ថបទគួរចាប់អារម្មណ៍