
ឯកអគ្គរដ្ឋអាមេរិកលោក Patrick Murphy ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅតុលាការម្សិលមិញ។ រូបថត សហការី
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានបញ្ចប់ការសួរ លោក កឹម សុខា រឿងចរចាបង្កើតអតីតគណបក្សសង្គ្រោះជាតិជាមួយលោក សមរង្ស៊ី នៅប្រទេសហ្វីលីពីន។ ប៉ុន្តែលោក កុយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសបើកការសួរលើអង្គហេតុថ្មីទាក់ទងនឹងការឃោសនាបោះឆ្នោតរហូតដល់ការប្រកាសលទ្ធផលបោះឆ្នោត។
ក៏ប៉ុន្តែអង្គហេតុថ្មីនេះគឺតុលាការមិនទាន់បានសួរដេញដោលលោក កឹម សុខា ចូលដល់ខ្លឹមសារសំខាន់នៅឡើយទេ ក្រៅតែពីសួរអំពីមូលហេតុដែលអតីតគណបក្សសង្គ្រោះជាតិមិនបានបញ្ជូនអ្នកសង្កេតការណ៍ទៅតាមដានអំពីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតកាលពីឆ្នាំ ២០១៣។
ដូចសព្វដងដែរ សវនាការក្នុងសំណុំរឿងសន្ទិដ្ឋភាពជាមួយបរទេសលើលោក កឹម សុខា បានធ្វើឡើងតែ ១ ព្រឹកប៉ុណ្ណោះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈសនាវការនេះមានការចូលស្ដាប់ពីឯកអគ្គរដ្ឋអាមេរិកលោក Patrick Murphy ក្រោយដំណើរការជាង ១ ម៉ោង។
យ៉ាងណាក្ដីលោក Patrick បានសម្រេចចាកចេញពីតុលាការវិញ បន្ទាប់ពីស្ដាប់សវនាការអស់ពេលប្រហែលជិត ២០ នាទីមុនពេលតុលាការប្រកាសសម្រាករយៈពេល ១០ នាទី។
នៅខាងក្រៅតុលាការលោក Patrick បានថ្លែងប្រាប់អ្នកសារព័ត៌មានថាសហរដ្ឋអាមេរិកកំពុងតាមដានសវនាការនេះយ៉ាងដិតដល់។ ដំណើរការនេះអាចមានបច្ច័យទៅលើនីតិរដ្ឋ និងដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់នៅកម្ពុជា និងសម្រាប់ទំនាក់ទំនងអន្តរជាតិរបស់ប្រទេសកម្ពុជា។
លោកបន្តថា៖ «លោក កឹម សុខា មានកេរ្ដិ៍ឈ្មោះដែលសមនឹងទទួលបានថា ជាអ្នកគាំទ្រសិទ្ធិ និងសេរីភាព។ យើងរីករាយនឹងឃើញថា សិទ្ធិនយោបាយរបស់លោកត្រូវបានគេប្រគល់ឱ្យលោកវិញហើយយើងសង្ឃឹមផងដែរថា ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមក្នុងដំណើរការនយោបាយ»។
លោក Patrick Murphy បានបញ្ជាក់ថា ស្ថានទូតត្រូវបានរំខានចិត្តដោយសារព្រះរាជអាជ្ញាបានលើកឡើងនូវទ្រឹស្ដីឃុបឃិតសម្ងាត់ ខណៈរយៈពេល ៣ ទសវត្សរ៍មកនេះសហរដ្ឋអាមេរិកបានផ្ដល់ជំនួយចំនួន ៣ ពាន់លានដុល្លារដល់កម្ពុជារួមទាំងជំនួយប្រកបដោយតម្លាភាព ដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយរួមទាំងគណបក្សប្រជាជនកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។
លោកថា៖ «រដ្ឋាភិបាលរបស់ខ្ញុំបានបញ្ជាក់ច្បាស់ហើយថា សហរដ្ឋអាមេរិកមិនដែលចង់ជ្រៀតជ្រែកក្នុងអភិបាលកិច្ចរបស់ប្រទេសកម្ពុជាទេ។
យើងគោរពពេញលេញចំពោះឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ តែយើងគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ សង្គមស៊ីវិលដែលមានភាពសកម្ម និងការអត់ឱនដល់ទស្សនៈប្រឆាំងជាផ្នែកចាំបាច់មួយនៃគ្រប់លទ្ធិប្រជាធិបតេយ្យ»។
លោកស្រី Emily Zeeberg មន្ត្រីនាំពាក្យស្ថានទូតអាមេរិកនៅកម្ពុជាបានបញ្ជាក់ខ្លីតាមអ៊ីមែលថា លោក Patrick ដែលបានទៅស្ដាប់សវនាការពីម្សិលមិញគឺគ្រាន់តែជាអ្នកសង្កេតការណ៍ផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប៉ុណ្ណោះ។
កាលពីថ្ងៃម្សិលមិញលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងដែរថា រដ្ឋាភិបាលមិនដែលបានលើកឡើងថា សហរដ្ឋអាមេរិកជាប់ពាក់ព័ន្ធជាមួយសំណុំរឿងលោក កឹមសុខា នោះទេ។ ផ្ទុយទៅវិញមានតែលោក កឹម សុខា ប៉ុណ្ណោះដែលថាសំណុំរឿងនេះពាក់ព័ន្ធជាមួយអាមេរិក។
លោកថា៖ «កន្លងមកមិនមានអ្នកណាដែលចោទថា អាមេរិកជាប់ពាក់ព័ន្ធនៅពីក្រោយនោះទេ សូម្បីរដ្ឋាភិបាលក៏មិនដែលចោទប្រកាន់អាមេរិកថាជាប់ពាក់ព័ន្ធនៅពីក្រោយក្នុងសំណុំរឿងលោក កឹម សុខា ដែរ ហើយតុលាការក៏មិនទាន់ធ្វើសន្និដ្ឋានដែរ គឺស្ថិតនៅដំណើរការនីតិវិធីតុលាការនៅឡើយ។ មែនទែនទៅគឺលោក កឹម សុខា ខ្លួនឯងជាអ្នកលើកឡើងខ្លួនឯងក្នុងសំណុំរឿងថាមានការជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកនៅក្នុងសំណុំរឿងរបស់គាត់នេះ»។
នៅក្នុងសវនាការបន្តបន្ទាប់មកនេះលោក កឹម សុខា ត្រូវបានតុលាការសួរដេញដោលច្រើនអំពីបរទេសនៅពីក្រោយខ្នងដែលជំរុញ និងផ្ដល់ថវិកាឱ្យលោកបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាការបង្កើតគណបក្សសិទ្ធិមនុស្ស និងការចូលរួមគ្នាជាមួយលោក សម រង្ស៊ី ដើម្បីបង្កើតអតីតគណបក្សសង្គ្រោះជាតិជាដើម។
កាលពីអំឡុងពេលសួរលើអង្គហេតុការបង្កើតអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានប្រាប់តុលាការថា ជាអ្នកនយោបាយលោកប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សាហើយគ្មានចេតនាធ្វើបដិវត្តន៍ ឬផ្ដួលរលំរដ្ឋាភិបាលដែលធ្វើឱ្យមានការបង្ហូរឈាមខ្មែរឡើយ។
លោក កឹម សុខា បានបញ្ជាក់ថា ការរួបរួមជាមួយលោក សម រង្ស៊ី គឺមានបំណងផ្លាស់ប្ដូរការដឹកនាំតាមការបោះឆ្នោត និងតាមរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ប៉ុន្តែមិនមែនផ្លាស់ប្ដូររបបនោះទេ ហើយការរួបរួមនេះធ្វើតាមឆន្ទៈរបស់ពលរដ្ឋខ្មែរ។
ការលើកឡើងរបស់លោក កឹម សុខា ទាំងនេះ បន្ទាប់ពីខាងអយ្យការ និងក្រុមមេធាវីរបស់រដ្ឋាភិបាលបានសួរដេញលោកដោយបង្ហាញភ័ស្ដុតាងថាលោក សម រង្ស៊ី ធ្លាប់បានប្រកាសពីបំណងប្រើកម្លាំងប្រដាប់អាវុធដើម្បីផ្ដួលរំលំរដ្ឋាភិបាលតាំងពីលោកនៅធ្វើជាប្រធានគណបក្សសមរង្ស៊ី៕