ភ្នំពេញ៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ នៃ​ក្រសួង​មហាផ្ទៃ​នឹង​បញ្ជូន​សំណុំ​រឿង​សិប្បកម្ម​លីង​កាហ្វេ ​និង​​សណ្ដែក​ យីហោ​​ថុន ណាត ដែល​​សង្ស័យ​បង្ក​គ្រោះ​ថ្នាក់ និង​ហានិភ័យ​ខ្ពស់​ដល់​សុខភាព ទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​នេះ​។

កាល​ពី​រសៀល​ថ្ងៃទី ២ ខែ ​កក្កដា ឆ្នាំ ​២០២០ កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ និង​មាន​ការ​សម្របសម្រួល​ ដោយ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្តាល បាន​ចុះ​ត្រួត​ពិនិត្យ ​និង​បិទ​ទីតាំង​សិប្បកម្ម​លីង​កាហ្វេ​ និង​សណ្ដែក​ផលិត​ជា​កាហ្វេ​មួយ​កន្លែង នៅ​​ភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល​។

លោក កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​គណៈកម្មាធិការ​ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ថ្លែង​ពី​ថ្ងៃ​​អាទិត្យ​ថា ម្ចាស់​ទីតាំង​មាន​ឈ្មោះ ​ថុន ណាត ភេទ​ស្រី​អាយុ ៣៣ ឆ្នាំ​។ លោក​បន្ត​ថា នៅ​ពេល​ចុះ​បង្ក្រាប​ម្ចាស់​សិប្បកម្ម​រូប​នេះ មិន​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ទេ។

លោក​ថា​៖ «យើង​​អត់​ទាន់​បាន​ឃាត់​គាត់​ទេ ដោយសារ​តែ​គាត់​មិន​រត់​ទៅ​ណា​ទេ ហើយ​មាន​អ្នក​ធានា​។ ពេល​ដែល​សមត្ថកិច្ច និង​តុលាការ​ហៅ​គាត់ គាត់​នឹង​មាន​វត្តមាន​ចូល​ខ្លួន ហើយ​ថ្ងៃ​ចន្ទ​នេះ​យើង​នឹង​បញ្ជូន​សំណុំ​រឿង​ហ្នឹង​ទៅ​តុលាការ ដើម្បី​​ឲ្យ​តុលាការ​ធ្វើ​ការ​វិនិច្ឆ័យ និង​ចោទ​ប្រកាន់​ទៅ​លើ​អ្វី​ដែល​គាត់​បាន​ធ្វើ​ខុស​»​។

តាម​របាយការណ៍​របស់​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ចុះ​បង្ក្រាប​សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យ​រក​ឃើញ​មាន ១-គ្រាប់-​សណ្តែក​សៀង ៦០ បាវ, ២-គ្រាប់​កាហ្វេ​លេខ ​១ ចំនួន ​៦ បាវ, ៣-គ្រាប់​កាហ្វេ​លេខ ២ ចំនួន ​១០ បាវ, ៤-កាហ្វេ​លីង​រួច ៦ បាវ, ៥-ម៉ាស៊ីន​លាយ​ប៊័រ ១ គ្រឿង, ៦-ម៉ាស៊ីន​លាយ​ស្ករ ១ ​គ្រឿង មេ​ក្លិន​សម្រាប់​លាយ​កាហ្វេ​ និង​សម្ភារ​ផ្សេងៗ​មួយ​ចំនួន​ទៀត​។

បើ​តាម​លោក ជាតិ មុន​នឹង​ឈាន​ដល់​ការ​ចុះ​ត្រួត​ពិនិត្យ​ កម្លាំង​របស់​លោក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​យូរ​ថ្ងៃ​ដោយ​មាន​ការ​រាយ​ការណ៍​ពី​ពលរដ្ឋ។ លោក​​​បន្ត​ថា សិប្បកម្ម​លីង​កាហ្វេ​នេះ បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ផឹក​ច្រើន​ណាស់ ព្រោះ​​ម្ចាស់​បាន​លាយ​គ្រឿង​ផ្សំ​ច្រើន​មុខ​ធ្វើ​ឲ្យ​កាហ្វេ​ឈ្ងុយ មាន​លាយ​ទឹក​ស៊ីអ៊ីវ ប៊័រ ទឹក​ស្ករ ​caramel មេ​ក្លិន​សម្រាប់​លាយ​កាហ្វេ ល័ក្តពណ៌ ស្ករ​ស អំបិល ទឹក​ត្រី ស្រាស ប៊ីចេង ទឹក​ដោះ​​គោ និង​សណ្ដែក​សៀង​ផង​ដែរ។

«អ្វី​ដែល​យើង​បាន​ចោទ​ប្រកាន់​គាត់​ទៅ​​តុលាការ គឺ​មិន​មាន​លើក​ស្លាក​យីហោ មិន​ទាន់​មាន​​ចុះ​បញ្ជី​ផលិតផល (ចបផ) គ្មាន​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​គុណភាព នៅ​លើ​សម្បក​វេច​ខ្ចប់​កាហ្វេ​ មិន​មាន​ដាក់​អាសយដ្ឋាន និង​របៀប​ប្រើប្រាស់​។ និយាយ​​ទៅ​ការ​ផលិត​កាហ្វេ គ្មាន​ស្តង់ដា»៕