ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​របស់​លោក គង់ រ៉ៃយ៉ា ជា​លើក​​ទី​ ២ ​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២៦ វិច្ឆិកា ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​លក់​អាវ​យឺត​មាន​រូប និង​ទ្រឹស្តី​របស់​លោក កែម ឡី នៅមុន​ថ្ងៃ​ខួប​ទី​ ៣ ​ឆ្នាំ ​នៃ​អំពើ​ឃាតកម្ម​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​ ២០១៦​។

លោក សំ សុគង់ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ គង់ រ៉ៃយ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា សាលក្រម​នៃ​សំណុំរឿង​របស់​កូនក្តី​លោក​ឈ្មោះ គង់ រ៉ៃយ៉ា នឹង​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​កំណត់​ប្រកាស​នៅ​ថ្ងៃទី​ ២៩ វិច្ឆិកា ឆ្នាំ​ ២០១៩ នេះ​​ហើយ​លោក​សង្ឃឹម​ថា កូនក្តី​របស់​លោក​នឹង​ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​មាន​ក្តីសង្ឃឹម​ថា តុលាការ​នឹង​ដោះលែង​កូនក្តី​របស់ខ្ញុំ​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​​នៅ​ថ្ងៃទី​ ២៩ វិច្ឆិកា​នេះ​»​។

ស្រដៀង​គ្នា​នេះ​ដែរ​អ្នកស្រី សុខ ស្រីនិច អាយុ​ ២៤ ​ឆ្នាំ​ដែល​ត្រូវជា​ភរិយា​លោក គង់ រ៉ៃយ៉ា បាន​ប្រាប់​កាលពី​ថ្ងៃ​ពុធ​ដែរ​ថា អ្នកស្រី​សង្ឃឹម​ថា​ប្តី​របស់​អ្នកស្រី​នឹង​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​អ្នកស្រី​យល់ថា ប្តី​របស់​អ្នកស្រី​គ្មាន​កំហុស​អ្វី​ទេ​។

អ្នកស្រី​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ប្តី​ខ្ញុំ និង​ដោះលែង​គាត់​មក​ជួបជុំ​គ្រួសារ​ជាពិសេស​កូនស្រី​តូច​ជា​ទីស្រឡាញ់​របស់​គាត់​»​។

អ្នកស្រី ​សុខ ស្រីនិច បាន​បន្តថា ប្តី​របស់​អ្នកស្រី​ជា​មេគ្រួសារ​រកស៊ី​ផ្គត់ផ្គង់​គ្រួសារ​ដែល​មាន​កូនស្រី​តូច​អាយុ​ទើប​បាន ​១ ​ខួប ​តែ​នៅពេល​គាត់ [​គង់ រ៉ៃយ៉ា] ​ត្រូវ​ជាប់ឃុំ​បែបនេះ គ្មាន​អ្នកណា​ទីពឹង​ទៀត​ទេ​។ បច្ចុប្បន្ន​អ្នកស្រី​កំពុង​តែ​ជួប​ការលំបាក​ក្នុង​ជីវភាព​យ៉ាងខ្លាំង ព្រោះ​ត្រូវ​លក់​ទឹកឃ្មុំ​ដើម្បី​រក​ចំណូល​ចិញ្ចឹម​កូនតូច និង​បង់ថ្លៃ​ជួល​បន្ទប់​ស្នាក់នៅ​ផង​។

គួរ​បញ្ជាក់ថា លោក គង់ រ៉ៃយ៉ា ធ្លាប់​បាន​ប្តឹង​សុំ​នៅក្រៅ​ឃុំ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្តង​រួចមកហើយ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ​។ ​ដោយ​មិន​សុខចិត្ត​ជន​ត្រូវ​ចោទ គង់ រ៉ៃយ៉ា បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ តែ​ត្រូវ​ឧទ្ធរណ៍​បដិសេធ ហើយ​ក៏​បាន​បន្ត​ប្ដឹងទៅ​តុលាការ​កំពូល​ទៀត ប៉ុន្តែ​តុលាការ​កំពូល​នៅតែ​មិន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​ដដែល​កាលពី​ថ្ងៃ​ទី​ ៤ តុលា ឆ្នាំ​ ២០១៩​។ ​ដោយ​នៅតែ​មិន​សុខចិត្ត​លោក​ គង់ រ៉ៃយ៉ា បានសម្រេច​តាមរយៈ​មេធាវី​ប្ដឹង​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​លើក​ទី​ ២ ​ទៀត​ដែល​ការសម្រេច​ប្រកាស​​សាលក្រម​របស់​ចៅក្រម​ត្រូវធ្វើ​នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក គង់ រ៉ៃយ៉ា ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំ​ខ្លួន​នៅ​ថ្ងៃទី​ ១១ ខែ​ កក្កដា ឆ្នាំ​ ២០១៩ ​ដោយ​រង​ការចោទប្រកាន់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​លក់​អាវយឺត​មាន​រូប និង​ទ្រឹស្តី​របស់​លោក កែម ឡី មុន​ថ្ងៃ​គម្រប់​ខួប​ ៣ ​ឆ្នាំ​ នៃ​ឃាតកម្ម​លើ​លោក កែម ឡី ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​ ១០ ខែ ​កក្កដា ឆ្នាំ​ ២០១៦៕