ភ្នំ​ពេញៈ ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ប្រកាស​ថា​ បណ្ដឹង​អាជ្ញា​លើ​ នួន ​ជា​ ក្នុង​សំណុំ​រឿង ​០០២/​០២​ ​បាន​រលត់​ទៅ​តាម​មរណភាព​របស់​លោក​ហើយ ​រាល់​កិច្ច​ការ​ដំណើរការ​នីតិវិធី​សម្រាប់​ ​នួន​ ជា ​នៅ​តុលាការ​កំពូល។ ​មេធាវី​ការពារ​ក្តី​អះអាង​ថា​តាម​ផ្លូវ​ច្បាប់ ​នួន​ ជា​ មិន​មាន​ទោស​ក្នុង​សំណុំ​រឿង ​០០២​/​០២ ​ទេ។​

អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ ​កាល​ពី​ថ្ងៃ​អង្គារ​ទី ១៣ ​សីហា ​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ពាក់ព័ន្ធ​សំណុំ​រឿង​របស់​លោក ​នួន ​ជា​ បង​ធំ​ទី​២ ​នៃ​របប​ខ្មែរ​ក្រហម​ដែល​បាន​ស្លាប់​កាល​ពី​ដើម​ខែ​នេះ។ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​សម្រេច​ថា​៖​ ​«​មរណភាព​របស់​ជន​ជាប់​ចោទ​ នួន​ ជា​ មាន​អនុភាព​រលត់​បណ្ដឹង​អាជ្ញា​លើ​រូប​គាត់​ និង​បញ្ចប់​រាល់​កិច្ច​ដំណើរការ​នីតិវិធី​ពាក់ព័ន្ធ​នឹង​រូប​គាត់​ នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ ​និង​បន្ត​ទទួល​ពិនិត្យ​លើ​សំណើ​សុំ​បន្ទាន់​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​»​។​

លោក​ ​នួន​ ​ជា​ ស្ថិត​នៅ​ក្នុង​សំណុំ​រឿង​ចំនួន ​២ ​​របស់​សាលាក្ដី​ខ្មែរ​ក្រហម ​គឺ​សំណុំ​រឿង ​០០២/​០១ ​ដែល​លោក​និង​ ​ខៀវ​ សំផន​ ត្រូវ​​បាន​ផ្ដន្ទាទោស ​១ ​ជីវិត ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ​សំណុំ​រឿង​ទី២ ​របស់​ នួន​ ជា​ គឺ​សំណុំ​រឿង ​០០២/​០២​ ​ដែល​ក្នុង​សំណុំ​រឿង​នេះ​ លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ​កាល​ពី​ខែ ​វិច្ឆិកា ​២០១៨​ ពី​​​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺណែវ​។​

ប៉ុន្តែ​មុន​ពេល​លោក​ស្លាប់​ ​ក្រុម​មេធាវី​របស់​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​សារទុក្ខ​ប្រឆាំង​នឹង​ការ​សម្រេច​លើ​សំណុំ​រឿង​ ​០០២​/​០២។​​ ដោយសារ​បណ្ដឹង​សារទុក្ខ​នេះ​ ក្រុម​មេធាវី​បាន​ស្នើសុំ​ឲ្យ​តុលាការ​កំពូល​សម្រេច​ឲ្យ​ នួន ​ជា រួច​ផុត​ពី​ការ​​ផ្ដន្ទាទោស ​ឬ​មួយ​ត្រូវ​បន្ត​នីតិវិធី​​លើ​បណ្ដឹង​សារទុក្ខ​។​ ប៉ុន្តែ​ការ​សម្រេច​របស់​​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​មិន​បាន​បញ្ជាក់​ថា ​ការ​ផ្តន្ទាទោស​លើ​ នួន ​ជា​ បាន​រលត់​ទៅ​តាម​មរណភាព​របស់​លោក​ទេ​។​​ នៅ​ក្នុង​ការ​ពិភាក្សា​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​សរសេរ​ថា​៖​ ​«​ច្បាប់ អ​.វ.​ត​.ក​. និង​​វិធាន​ផ្ទៃ​ក្នុង​ពុំ​បាន​បញ្ជាក់​ច្បាស់លាស់​អំពី​ផល​វិបាក​នៃ​ការ​ដាក់​ពិរុទ្ធ​ពី​តុលាការ​ជាន់​ដំបូង​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ ដែល​បាន​ស្លាប់​បន្ទាប់​ពី​​ដាក់​សេចក្ដី​ជូន​ដំណឹង​អំពី​បណ្ដឹង​សារទុក្ខ​»​។​

លោក​ ​នេត្រ​ ​ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្ដី​​ខ្មែរ​ក្រហម​ បាន​ថ្លែង​ថា៖​ ​«​តុលាការ​កំពូល​បាន​បញ្ចប់​ដំណើរការ​នីតិវិធី​បណ្ដឹង​សារទុក្ខ​​របស់ ​នួន​ ជា​ ប៉ុន្តែ​នៅ​តែ​ទទួល​ពិនិត្យ​សំណើ​សុំ​បន្ទាប់​នៃ​ក្រុម​មេធាវី​របស់​លោក​ពាក់ព័ន្ធ​នឹង​មរណភាព​របស់​​លោក​ ​ទៅ​លើ​សាលដីកា​របស់​សាលា​ដំបូង​ និង​ការ​ផ្ដន្ទាទោស​លើ​រូប​លោក»​។

លោក​បញ្ជាក់​ថា​៖ ​«​អង្គ​ជំនុំ​ជម្រះ​តុលាការ​​កំពូល​នឹង​សម្រេច​លើ ​[សំណើ​សុំ​បន្ទាប់​នៃ​ក្រុម​​មេធាវី​] ​នៅ​ពេល​សមរម្យ​ណា​មួយ​»​។​

អ្នកស្រី ​Doreen​ Chen​ មេធាវី​ការពារ​ក្តី​មួយ​រូប​របស់​លោក​ នួន​ ជា ​បាន​ថ្លែង​​កាល​ពី​ម្សិលមិញ​ថា ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​​មិន​បាន​បញ្ជាក់​សម្រេច​ឲ្យ​បាន​ច្បាស់​ លើ​ការ​ផ្ដន្ទាទោស​លោក​ ​នួន​ ជា​ ក្នុង​សំណុំ​រឿង ០០២​/​០២​ ទេ។​

​អ្នកស្រី​ថ្លែង​ថា​៖​ «វា​ហាក់​ដូច​ជា​ពួក​គាត់​ នៅ​តែ​មិន​ទាន់​សម្រេច​លើ​ចំណុច​នេះ។ ​យើង​គិត​ថា​ច្បាប់​បាន​ចែង​ច្បាស់​ហើយ​ថា ​នួន​ ជា​ ពេល​នេះ​តាម​ច្បាប់​គឺ​ គ្មាន​ទោស ​ហើយ​អង្គ​ជំនុំ​ជម្រះ​ត្រូវ​តែ​បញ្ជាក់​ចំណុច​នេះ​ជា​សាធារណៈ​»​។

អ្នកស្រី ​Chen បន្ត​ថា​ អ្នកស្រី​មិន​ដឹង​ថា​ចម្លើយ​តប​ពី​តុលាការ​នឹង​ចេញ​ពេល​ណា​ទេ​អំពី​បញ្ហា​ដ៏​សំខាន់ ​«សម្រាប់​ លោក​ ​នួន​ ជា,​ ប្រជាជន​ខ្មែរ​ និង​ផល​វិបាក​ទូទៅ ​និង​កេរ​ដំណែល​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​»​។

អ្នកស្រី​គិត​ថា ​អង្គ​ជំនុំ​ជម្រះ​ហាក់​ដូច​ជា​ព្យាយាម​មិន​ឆ្លើយ​សំណួរ​​ ថា​តើ​ក្រុម​មេធាវី​ការពារ​ក្តី​គួរ​តែ​បន្ត​ការងារ​របស់​ពួក​គេ​ ​នៅ​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​កំពុង​ធ្វើ​ការ​សម្រេច​។​

អ្នកស្រី​ថ្លែង​ថា៖​ «​ខ្ញុំ​គិត​ថា​ រដ្ឋបាល​នឹង​បន្ត​ដំណើរ​ការ​ទៅ​មុខ​ដោយ​មាន​វិធានការ​ក្នុង​ការ​បណ្ដេញ​ និង​ដក​ពួក​យើង​​ចេញ​ពី​ប្រព័ន្ធ​របស់​គេ​»​​៕​