ភ្នំពេញៈ សំណើសុំការលើកលែងទោសពីព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយមេដឹកនាំគណបក្សប្រឆាំងដែលសុំឲ្យព្រះអង្គលើកលែងទោស និងទម្លាក់ចោលការប្តឹងប្ដល់ចំពោះបទចោទប្រកាន់នានាទៅលើសមាជិករបស់ខ្លួន និងសកម្មជនអង្គការសង្គមស៊ីវិលព្រមទាំងមន្ត្រី គជប ដែលត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើនចាត់ទុកថាជារឿងនយោបាយត្រូវបានច្រានចោលដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
បើតាមឯកសារដែលចេញដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផងដែរនោះលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិបានផ្ញើលិខិតរួមមួយកាលថ្ងៃទី ៨ តុលាមួយថ្ងៃបន្ទាប់ពីមានសារដ៏កម្រមួយពីព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលអំពាវនាវឲ្យសមាជិករដ្ឋសភា «គោរពសិទ្ធិមនុស្ស» និងប្រកាន់ភ្ជាប់នូវ «គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស» ដែលត្រូវបានអានទៅរដ្ឋសភា។
ដោយកត់សម្គាល់ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រដែលបានអំពាវនាវឲ្យតំណាងរាស្រ្ត «ដោះស្រាយបញ្ហា» សម្រេចលើ «គោលដៅរួម» និងធ្វើការ «មួយជំហានៗ» គណបក្សសង្គ្រោះជាតិបានស្នើសុំព្រះមហាក្សត្រ នរោត្តម សីហមុនី អន្តរាគមន៍។ ពួកគេបានស្នើសុំឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រ និងទម្លាក់ចោលការចោទប្រកាន់ចំពោះ «សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សកម្មជននយោបាយ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ»។
កាលពីថ្ងៃទី ១១ តុលា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានបញ្ជូនសំណើនេះទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន «ដើម្បីពិនិត្យ»។
ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅករណីនេះថាជាការអនុវត្តច្បាប់ហើយលើកឡើងថាវាមិនសមស្របក្នុងការអន្តរាគមន៍ទេ។
លោកនាយករដ្ឋមន្រ្តីបានសរសេរថា៖ «ទូលព្រះបង្គំជាខ្ញុំមានជំនឿដ៏មុតមាំថាការពង្រឹង និងការលើកកម្ពស់នីតិរដ្ឋតាមរយៈការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពគឺជាការចាំបាច់ និងជាកត្តាគន្លឹះដើម្បីជួយឲ្យប្រទេសជាតិមានរបៀបរៀបរយស្ថិរភាព និងសន្តិសុខជាពិសេសជួយឲ្យលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជាមានកិច្ចដំណើរការទៅមុខប្រកបដោយចីរភាព»។
បច្ចុប្បន្ននេះទាំងលោក សម រង្ស៊ី និងទាំងលោក កឹម សុខា ប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារក្នុងសំណុំរឿងដែលត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជារឿងនយោបាយ។ លោក សម រង្ស៊ី កំពុងរស់នៅនិរទេសនៅបរទេសហើយលោក កឹម សុខា កំពុងរស់នៅមួយកន្លែងក្នុងទីស្នាក់ការគណបក្សដើម្បីគេចចេញពីការចាប់ខ្លួន។
អង្គការសិទ្ធិមនុស្សលីកាដូបានចាត់ទុកមនុស្ស ២៧ នាក់ដែលបច្ចុប្បន្ននេះកំពុងជាប់ពន្ធនាគាររួមទាំងឥស្សរជនគណបក្សសង្គ្រោះជាតិមួយចំនួនផងដែរនោះថាជាអ្នកទោសនយោបាយ។
លោកនាយករដ្ឋមន្រ្តីជាញឹកញាប់បានលើកឡើងថាតុលាការមានឯករាជភាពនៅពេលត្រូវបានចោទប្រកាន់ថារដ្ឋាភិបាលមានឥទ្ធិពលទៅលើប្រព័ន្ធតុលាការ។ ក្រុមអ្នករិះគន់ជាច្រើនបានចោទប្រកាន់លោក ហ៊ុន សែន ជាយូរមកហើយថាបានប្រើតុលាការដើម្បីតម្រង់ទិសដៅទៅរកក្រុមប្រឆាំងតាមរយៈបទចោទដែលមិនសមទំនងមួយចំនួន។
កាលពីអតីតកាលលោក ហ៊ុន សែន បានរៀបចំឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រជាផ្នែកនៃកិច្ចព្រមព្រៀងនយោបាយរួមមានកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យលោក សម រង្ស៊ី ត្រឡប់មកប្រទេសវិញពីការរស់នៅនិរទេសនៅបរទេសក្នុងឆ្នាំ ២០១៣ ដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិលើកមុន។
ទោះយ៉ាងណាក្តី ចាប់តាំងពីស្ថានការណ៍នយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំងបានឡើងកម្តៅជាថ្មីមកលោក ហ៊ុន សែន បានប្រកាសថាប្រសិនបើលោកស្នើឲ្យមានការលើកលែងទោសលោក សម រង្ស៊ី ម្តងទៀតលោកនឹងកាត់ដៃលោកចោល។
នៅពេលទាក់ទងកាលពីម្សិលមិញអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានអះអាងថាការលើកលែងទោសគឺផ្ទុយនឹងនីតិវិធី។
ប៉ុន្តែអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានថ្លែងថាករណីនេះគឺច្បាស់ណាស់ជាករណីនយោបាយហើយហេតុដូច្នេះត្រូវការដំណោះស្រាយនយោបាយ។
លោក សុវណ្ណ បានបញ្ជាក់ទៀតថា៖ «ពិភពលោកប្រជាពលរដ្ឋ និងគណបក្សសង្គ្រោះជាតិទាំងអស់គ្នាដឹងថានេះជារឿងនយោបាយ... វាត្រូវតែដោះស្រាយដោយការចរចានយោបាយ»។
កាលពីម្សិលមិញព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា៖ «វាជាលើកទីមួយហើយដែលព្រះមហាក្សត្រលើកឡើងឲ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសេរីពហុហក្ស»។ «ខ្ញុំគិតថាព្រះអង្គព្យាយាមផ្ញើសារមួយប៉ុន្តែចំពោះគោលបំណងគឺដើម្បីបន្ធូរបន្ថយភាពតានតឹង? វាអាចត្រូវបានបកស្រាយជាផ្លូវមួយ»៕ PS