ភ្នំពេញៈ សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោ​បល់​មួយ​ចំនួន​លើក​ឡើង​ថា សំ​ណើ​របស់​ពួកគេ​ភាគច្រើន​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​កសិ​កម្ម​រុក្ខាប្រ​មាញ់​និង​នេសាទ​ច្រានចោល​មិន​យក​មក​ដោះ​ស្រាយ​ ខណៈ​សំណើ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រ​ជុំ​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោ​បល់នៅ​វិមាន​សន្តិភា​ពកា​លពី​ម្សិល​មិញ​ដោយ​ផ្ដោត​លើ​បញ្ហា​នានា​ក្នុង​វិស័យ​កសិកម្ម។

លោក ពេជ្រ ស្រស់ ប្រធាន​គណ​បក្ស​យុវជន​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លោក​បាន​លើក​យោ​បល់​ ៧ ចំណុច​ប្រាប់​ទៅ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ដើម្បី​ចូលរួម​ស្វែងរក​ដំណោះ ស្រាយ​ជូន​កសិករ​ ដូចជា ការស្នើ​ឱ្យ​ត្រៀម​បម្រុង​ថវិកា​សម្រាប់​ទប់ទល់​នៅពេល​តម្លៃ​កសិកម្ម​ចុះ​ថោក ការស្នើ​ទម្លាក់​តម្លៃ​សម្ភារ​ផ្គត់ផ្គង់​វិស័យ​កសិ​កម្ម ការ​បង្កើត​ប្រព័ន្ធ​ធារា​សាស្ដ្រ​ដល់ទី​តាំងធ្វើ​កសិកម្ម​គ្រ​ប់​កន្លែង ការទប់ស្កាត់​កុំឱ្យ​ឈ្មួញ​កណ្ដាល​​​ទម្លាក់​តម្លៃ​កសិកម្ម ការ​ប្រកាស​នូវ​តម្លៃ​កសិកម្ម​មុន​កសិករ​ដាំ​ដុះ ការ​បង្កើន​ទីផ្សារ​លក់​កសិកម្ម​ក្នុង​ស្រុក និង​ការ​ទប់​ស្កាត់​នាំចូល​កសិផល​ពី​បរទេស។

យ៉ាង​ណាក្ដី ​លោក ពេជ្រ ស្រស់ បាន​បង្ហាញ​ពី​ការ​សោក​ស្ដាយ​ខណៈ​សំណើភាគច្រើន​​ត្រូវ​បាន​លោក វេ​ង សាខុន ឆ្លើយ​តប​ថា​ ក្រសួង​កសិកម្ម​គ្មាន​លទ្ធភាព​ធ្វើ​តាម​ជា​អ្វីដែ​ល​លោកយល់​ថា​ក្រសួង​មិន​បាន​ខំជួ​យក​សិករ​ តែ​បែរជា​លើក​ហេតុ​ផល​មក​គ្រប​សង្កត់​លើចំណុច​ដែល​លោក​បាន​លើ​កឡើង​ទៅ​វិញ។

លោក​ថា៖ «ក្រសួង​មិន​អាច​ធ្វើតាម​បាន​ហើយ​គាត់​លើក​ហេតុ​ផល ១,២,៣,៤ អ៊ីចឹងទៅ។ ខ្ញុំ​សោក​ស្ដាយ​ពេល​ក្រសួង​មិន​ស្វែង​រក​ដំណោះ​ស្រាយ ​និង​ដូចជា​មិន​ប្រឹងប្រែ​ង​ស្វែងរក​ដំណោះ​ស្រាយ​បែរ​ជា​លើក​ហេតុផល​មក​​គ្រប​ដណ្ដប់​លើ​អ្វីដែល​យើង​បាន​ស្នើ​ទៅវិញ»។

បើ​តាម​លោក ពេ​ជ្រ ស្រស់ ក្នុង​ចំណោម​សំណើ​ទាំង ៧ គឺមាន​រហូត ៤ ចំណុច​ដែល​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ឆ្លើយតប​បែប​អវិជ្ជមាន​ក្នុង​នោះ​ដចជា ការបង្កើត​ថវិកាប​ម្រុង​ទុក​សម្រាប់​ជួយ​កសិករ​នៅពេល​កសិផល​ធ្លាក់​ថ្លៃនិង​ការ​ទប់ស្កាត់​ការ​នាំចូល​ផលិត​ផល​ពី​បរទេស​ជា​ដើម។ ក្រៅពី​នេះ​ ចំណុច​ចំនួ​ន ៣ ដែល​​ក្រសួង​​ទទួល​យក​និង​អះអាង​ថា​កំពុង​ធ្វើដូចជា​ កា​រជួយ​ត្រួត​ពិនិត្យ​ធ្វើឱ្យ​សម្ភារផ្គត់​ផ្គង់​កសិកម្ម​មានតម្លៃ​ទាប កា​រស្ដារ​ប្រឡាយ​​និង​ប្រព័ន្ធ​ធារា​សាស្ដ្រ​និង​ការ​ទប់ស្កាត់​ឈ្មួញ​កណ្ដាល​កុំឱ្យ​ដំឡើង​តម្លៃ​កសិកម្ម។

លោក​ថា៖ «គាត់​ថា​ចំណុច​ទី ១ ​គាត់​គ្មាន​លទ្ធភាព​ធ្វើ​ទេ ព្រោះ​ក្រសួង​សេដ្ឋកិច្ចជាអ្នក​ផ្ដល់​លុយ​ជូន តែ​អ្​វីដែល​​ខ្ញុំ​លើក​ឡើង​ ចង់ឱ្យ​ក្រសួង​កសិកម្ម​ហ្នឹង មាន​គម្រោង​ស្នើសុំ​ថវិកា​ពី​ថ្នាក់​ជាតិ តែ​គាត់​ឆ្លើយ​តប​មក​វិញ​ក្នុង​​ន័យ​អវិជ្ជមាន​តែម្ដង»។

ចំណែក​លោក ម៉ម សូណង់​ដូ ប្រធាន​គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យ​បាន​ថ្លែងដែរ​ថា​ អ្វីដែល​លោក​បា​ន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​នោះ​គឺ​ស្នើឱ្យ​​បំបាត់​អំពើ​ពុក​រលួយ​ដែល​នាំឱ្យ​មាន​បទល្មើស​នេសាទ​ដោយ​គ្មាន​ការ​​បង្ក្រាប​ពី​មន្ត្រី។

លោក សូណង់​ដូ ក៏​បាន​បង្ហាញ​ការ​មិន​ចេញ​ចិត្ត​ចំពោះ​ចម្លើយ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ដែរ​ថា៖ «គាត់​និយាយ​ដូច​ជា​មិន​សូវ​ឆ្លើយ​មក​សំណួរ​បស់​ពូ​ប៉ុន្មាន​ទេ គាត់​ឆ្លើយ​ទៅ​ថា​ យើង​មាន​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ធ្វើ​អ្វី​មួយ​កុំឱ្យ​គំហុក ជា​ចំណុច​ដែល​ពូ​មិន​អាច​ទទួល​បាន»។

បើ​តាម​លោក​ សូណង់​ អ្វីដែល​​លោក​ចុះ​ស្រាវ​ជ្រាវឃើញ​គឺពលរដ្ឋ​មាន​ការសាទរ​នៅ​ពេល​អាជ្ញាធ​រ​អាច​ទប់​ស្កាត់​​​បទល្មើស​នេសាទ ដែល​លោក​ថា​ អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទ្រង់​ទ្រាយ​ធំ​​មិន​មែន​ជា​ពលរដ្ឋ​ក្រីក្រ​ឡើយ។

ទោះ​ជា​យ៉ាង​ណា នៅក្នុង​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​លោក វេ​ង សាខុន​ បាន​ចុះ​ផ្សាយ​ថា លោកបាន​រាយការណ៍​សង្ខេប​ជូន​កិច្ចប្រជុំ​អំពី​វិស័យ​នីមួ​យៗ ដូច​ជា​ អនុ​វិស័យ​ដំណាំ​គ្រប់​ប្រ​ភេទ ព្រៃឈើ ជល​ផល ផលិ​តកម្ម​សត្វ​ និង​សុខ​ភាព​សត្វ និង​អនុវិ​ស័យ​កៅ​ស៊ូ ដោយ​ផ្ដោត​ទៅ​លើ​វឌ្ឍនភាព គោលន​យោ​បាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិ​ម្ម​ និង​បញ្ហា​ប្រឈម​ពាក់ព័ន្ធ។

ហ្វេ​ក​ប៊ុ​ក​ដដែល​បន្ត​ថា៖ «​ឯកឧ​ត្តមរដ្ឋមន្ត្រី​បាន​បក​ស្រាយនិ​ង​គូស​បញ្ជាក់​អំពី​យន្តកា​រ​នៃ​ដំណោះ​ស្រាយ​បញ្ហា​ដោយ​ឈរលើ​គោល​ការណ៍​បច្ចេកទេស ច្បាប់ គោល​នយោបា​យ និង​ជាសំ​ខាន់​គឺ​យោង​ទៅ​តាម​តួនាទី និង​ភារកិច្ច​របស់​ក្រសួង»។

លោក ស្រី វុ​ឌ្ឍី មន្ត្រី​នាំពាក្យ​ក្រសួង​កសិកម្ម​បាន​បន្ថែ​ម​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ចំណុច​លើក​ឡើង​ពី​ក្រុម​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោប​ល់គឺ​ក្រសួង​ទទួល​យក​អនុវត្ត ប៉ុន្តែ​ចំណុច​ខ្លះ​ដូចជា​ ការ​ស្នើ​ស្ដារ​ឬ​បង្កើត​ប្រព័ន្ធ​ធា​រា​សាស្ដ្រ​ជាដើម គឺ​មិន​មែន​ជា​សិទ្ធិអំណាច​របស់​ក្រសួង​កសិកម្ម​ឡើយរួមទាំង​ការប​ង្កើត​ឱ្យ​មាន​តំបន់​ក​សិកម្ម​ទេសចរណ៍​ជាដើម។

លោក​ថា៖ «​ក្រសួង​កសិ​ក​ម្ម​អត់​មាន​ធ្វើ​បញ្ហា​ទឹក​ទេ ប៉ុន្តែ​ក្រសួង​កសិកម្ម​ជំរុញ​សហការ​ដើម្បី​ធ្វើ​កិច្ចការ​ហ្នឹង​ជាមួយ​ក្រសួង​ធនធាន​ទឹក»។

បើ​តាម​លោក ពេជ្រ ស្រស់ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួ​យ​រដ្ឋមន្ត្រី​ក្រសួងក​សិកម្ម​នេះ គឺ​លោក​នឹង​ផ្ដោត​លើ​រឿង​សំខាន់​​មួយ​ចំនួ​នទៀ​ត​ ដូចជា​ បន្ត​តាម​ដាន​អំពី​ភាព​អសកម្ម​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ក្នុង​កា​រផ្ដល់សេវា​ជូន​ពលរ​ដ្ឋ រួមទាំង​ដំណើរ​ការ​ប្រព័ន្ធ​យុត្តិធម៌​ ជា​ពិសេស​ជួយ​ជំរុ​ញឱ្យមាន​ការ​លើកទឹ​កចិ​ត្តសម្រាប់​សហ​គ្រាស​ធុន​តូច​និង​ធំដើម្បី​ឱ្យ​ពួកគេ​ចូលរួម​ធ្វើឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​រឹងមាំ​បន្ថែម​ទៀត៕