
សកម្មភាពប្រមូលសំរាមនៅរាជធានីភ្នំពេញកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈ កាកសំណល់សំរាមផ្ទះបាយនៅរាជធានីភ្នំពេញ កើនឡើងដល់ជិត ៣ ពាន់តោនក្នុង១ថ្ងៃនាពាក់កណ្ដាលឆ្នាំ ២០១៨ ខណៈសាលារាជធានីភ្នំពេញ កំពុងស្វែងរកក្រុមហ៊ុនដៃគូមកកែច្នៃឱ្យទៅជាថាមពលអគ្គិសនីនិងជីកំប៉ុស។ នេះបើតាម លោក កែវ ចាន់ណារិទ្ធ ប្រធានគណៈគ្រប់គ្រងទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែកញ្ញានេះ។
លោក ចាន់ណារិទ្ធ បានថ្លែងថា សំរាមបានកើនឡើងជាមធ្យមប្រមាណ២៧០០តោនក្នុង១ថ្ងៃនៅរាជធានីភ្នំពេញ ជាសំណល់រឹងទីក្រុងប្រភេទសំរាមផ្ទះបាយដែលមិនគ្រោះថ្នាក់។
លោកថ្លែងថា៖«បើយើងមើលលើរបាយការណ៍រយៈពេល៣ឆ្នាំជាប់ៗគ្នា សំរាមមានការកើនឡើងក្នុង១ឆ្នាំប្រមាណ ៦ម៉ឺនតោននិងបានកើនឡើងយ៉ាងគំហុកខ្លាំងក្នុងឆ្នាំ ២០១៨ នេះ»។
លោក ចាន់ណារិទ្ធ បន្ដថា កន្លងមកមានក្រុមហ៊ុនអន្ដរជាតិជាច្រើនចង់មកវិនិយោគលើការកែច្នៃសំរាមនៅកម្ពុជានេះខណៈសាលារាជធានីភ្នំពេញក៏បានបើកទូលាយ។
លោកថា៖«ពីមុនមកមានក្រុមហ៊ុន ចិន ជប៉ុន កូរ៉េ និងក្រុមហ៊ុនមកពីអ៊ឺរ៉ុប មួយចំនួនទៀត មានបំណងចង់វិនិយោគលើការកែច្នៃសំរាមនៅកម្ពុជាយើង។ សាលាក្រុង ក៏បើកទូលាយដល់ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមវិនិយោគចំពោះការកែច្នៃសំរាមនេះដែរ»។
យ៉ាងណាក្ដី លោក ចាន់ណារិទ្ធ អះអាងថា សម្រាប់បច្ចុប្បន្ន សំរាមនៅមិនទាន់មានការបែងចែកដាច់ពីគ្នាច្បាស់សាស់ទេ គឺមានតែការញែកបែបមិនផ្លូវការប៉ុណ្ណោះ។
លោកថា៖ «សព្វថ្ងៃនេះ មានតែការញែកសំរាមដោយមិនផ្លូវការតាមរយៈអ្នករើសអេតចាយ។…ពួកគាត់រើសយកតែរបស់មានតម្លៃអាចយកទៅកែច្នៃបានគាត់លក់បន្ដ ឯការញែកសំរាមផ្លូវការនៅមិនទាន់មានទេ»។
បើតាមលោក ចាន់ណារិទ្ធ លោកអភិបាលរាជធានីភ្នំពេញ កំពុងផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីសិក្សាពីសំរាមនៅភ្នំពេញ កែច្នៃទៅជាថាមពលអគ្គិសនីនិងជាប្រភេទជីកំប៉ុស។
លោកបានបញ្ជាក់ថា៖ «សាលាក្រុងបានប្រជុំពិភាក្សា ជាមួយក្រុមហ៊ុនមួយចំនួន ហើយក្រុមហ៊ុនទាំងអស់នោះកំពុងសិក្សាបឋមហើយរបាយការណ៍ជាក់លាក់នឹងមាននៅពេលក្រោយ… »។
លោក ណារិទ្ធ បន្ដថា សំរាមនៅភ្នំពេញសព្វថ្ងៃជាង៦០ភាគរយជាប្រភេទសំរាមសិរីរាង្គឬសំរាមផ្ទះបាយដែលអាចកែច្នៃជាជីកំប៉ុស ។ លោកថា៖ «អ៊ីចឹងយើងកំពុងពិនិត្យមើលថា តើមានលទ្ធភាពយ៉ាងម៉េច ដើម្បីកែច្នៃសំរាមទាំងនោះឲ្យទៅជាជីកំប៉ុសវិញ»។
ដោយឡែក ចំពោះសំណល់ប្លាកស្ទិកវិញ សព្វថ្ងៃមានជាង១៨ភាគរយនៃសំរាមសរុបប្រមាណ៦០០តោនក្នុង១ថ្ងៃ។ នេះ បើតាមលោក ចាន់ណារិទ្ធ។
លោកថា៖«អ៊ីចឹងយើងក៏កំពុងទាញលទ្ធភាពដូចគ្នា។ ដូចយើងដឹងហើយថា សំណល់ប្លាស្ទិកនេះ គឺមិនងាយរលាយទេ អ៊ីចឹងយើងកំពុងទាក់ទងក្រុមហ៊ុនមួយចំនួនដើម្បីកែច្នៃតាមដែលអាចប្រើប្រាស់បាន»។
ទោះយ៉ាងណា បើតាមលោក ចាន់ណារិទ្ធ បញ្ហាប្រឈមចំពោះការប្រមូលនិងកែច្នៃសំរាមនេះ មានផលពិបាកខ្លះ ព្រោះពលរដ្ឋមិនទាន់យល់ដឹងពីការបែងចែកសំរាម ហើយសំរាមក៏កំពុងកើនឡើងយ៉ាងកំហុគផងដែរ។
លោកថា៖«ពលរដ្ឋយើងមិនទាន់យល់ដឹងថាតើធ្វើម៉េចក្នុងការកាត់បន្ថយកាកសំណល់សំរាម ពួកគាត់គ្រាន់តែដឹងថា ធ្វើម៉េចយកសំរាមចេញពីផ្ទះប៉ុណ្ណោះ»។
ទាក់ទងនឹងបញ្ហានេះ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា ករណីនេះដោយសារតែកំណើនពលរដ្ឋ ការផ្លាស់ប្តូរជីវភាពរស់នៅរបស់ពលរដ្ឋ និងទំនៀមទម្លាប់នៃការប្រើប្រាស់និងការវេចខ្ចប់ទំនិញ ខណៈការកែច្នៃសំរាមនៅមានកម្រិតទាបដែលជាបញ្ហាប្រឈមចម្បងមួយលើការងារគ្រប់គ្រងបរិស្ថាននៅរាជធានីភ្នំពេញ និងតាមទីប្រជុំជនដែលទាមទារឲ្យមានការចូលរួមសហកាគ្នាពោលគឺការញែកសំរាមឲ្យដាច់ពីគ្នារវាងសំណល់សរីរាង្គដូចជា សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ និងវេចខ្ចប់ឲ្យបានត្រឹមត្រូវ»។
លោកបន្ដថា៖«ប្រសិនបើពលរដ្ឋចូលរួមអនុវត្តវិធីសាស្ត្រញែកសំរាមទាំងនេះបានគ្រប់ៗ គ្នានោះអត្រាសំរាមដែលត្រូវយកទៅចាក់ចោលមានចំនួនតិចបំផុតហើយសំណល់ផ្សេងទៀតអាចត្រូវបានប្រើប្រាស់និងកែច្នៃឡើងវិញផ្តល់ផលប្រយោជន៍ និងចំណូល ដល់បងប្អូនពលរដ្ឋវិញ»។
លោក សំ ផល្លា នាយកគ្រប់គ្រងគំរោងអង្គការកែច្នៃរំរាមនិងការសិក្សានៅកម្ពុជាបានថ្លែងថា ក្នុង១ឆ្នាំ អង្គការលោក បានកែច្នែសំរាមសរីរាង្គនៅខេត្ដបាត់ដំបងទៅជាជីកំប៉ុសបានចាប់ពី ៤០ ទៅ ៥០ តោន។
លោកថា៖ «យើងអាចកែច្នៃបានច្រើនជាងនេះ ងាយស្រួលបែងចែក ហើយពេលច្នៃរួច មានកសិករនិងម្ចាស់ចម្ការគេមកទិញដល់កន្លែង។ ជីកំប៉ុសច្នៃពីសំរាមនេះ ក្នុង១តោន ខ្ញុំលក់បាន១២០ដុល្លារអាមេរិក»។
ទាក់ទង់នឹងកំណើនសំរាមលើសលប់នេះ លោក ផល្លា បានលើកឡើងថា៖«ដំណោះស្រាយប្រសើរបំផុតគឺការកែច្នៃសំរាមនេះហើយ»៕