ភ្នំពេញៈ សំរាមប្រមាណ ១ ៥ ០០ តោនក្នុងនោះភាគច្រើនជាសំរាមប្លាស្ទិកត្រូវបានកាយចេញពីប្រឡាយទឹកស្អុយបឹងត្របែកក្នុងរយៈពេលជាងកន្លះខែ ប៉ុន្តែមន្ត្រីថា ចំនួនសំរាមនេះគឺមានការថយចុះជាងមុន ប៉ុន្តែនៅតែស្ថិតក្នុងបរិមាណច្រើនដដែល។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា ក្រុមការងារបានចាប់ផ្តើមដំណើរការស្តារ ឬកាយសំរាមដែលនៅកកស្ទះចេញពីប្រឡាយទឹកស្អុយនេះតាំងពីថ្ងៃទី ១០ ខែមីនាហើយសំរាមនេះត្រូវបានស្តាររួចជាស្ថាពរនៅថ្ងៃទី ៣១ មីនា ដើម្បីសម្រួលផ្លូវទឹកហូរកាត់បន្ថយការលិចលង់នៅរដូវវស្សាខាងមុខ។ ក្នុងពេលជាងកន្លះខែ ក្រុមការងារបានស្តារសំរាមចេញពីប្រឡាយនេះបាន ៣៨០ ឡាន ឬស្មើនឹង ១ ៩០០ ម៉ែត្រគុបដែលមានប្រមាណ ១ ៥០០ តោន លើប្រវែងប្រឡាយបឹងត្របែក ៩០០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ។
បើតាមលោក ចាន់សារ៉ាត់ សំរាមដែលត្រូវបានស្តារចេញពីប្រឡាយទាំងនេះ គឺបានហូរមកពីគ្រប់ទិសទី ជាពិសេសតាមរយៈពលរដ្ឋមិនបានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ «ការស្តារសំរាមពីប្រឡាយបឹងត្របែកនេះ បើប្រៀបធៀបពេលកន្លងមក គឺមានការថយចុះខ្លះដែរ ព្រោះកន្លងមកពេលយើងកាយម្តងបានជាង ២ ០០០ តោនឯណោះ ហើយក្នុង ១ ឆ្នាំ យើងកាយសំរាមយ៉ាងហោចណាស់ក៏ ៤ ដងដែរ»។
លោក ចាន់សារ៉ាត់ បានអំពាវនាវដល់ពលរដ្ឋឱ្យចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកុំបោះសំរាមចូលក្នុងប្រឡាយ ខណៈនៅពេលមានការកកស្ទះអាចនឹងធ្វើឱ្យទឹកជន់លិចផ្លូវ និងផ្ទះសំបែង ដែលបង្កការលំបាកក្នុងការធ្វើដំណើរ និងការរស់នៅ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានលើកឡើងថា ចំពោះវិធានការកន្លងមករបស់អាជ្ញាធរពាក់ព័ន្ធគឺបានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថរបស់មនុស្សមួយចំនួនក្នុងការទុកដាក់សំរាមនេះគួរឱ្យកត់សម្គាល់ជាពិសេសគឺឥរិយាបថពាក់ព័ន្ធនឹងអ្នករស់នៅតាមប្រឡាយមេ ឬប្រឡាយនានា។ ប៉ុន្តែពលរដ្ឋនៅកន្លែងមួយចំនួនទៀតគឺពួកគេនៅតែមិនផ្លាស់ប្តូរ ហើយការទុកដាក់សំរាមនៅតែមិនបានត្រឹមត្រូវ។
«ឥរិយាបថនៃការទុកដាក់សំរាមដែលនាំឱ្យសំរាមហូរចូលទៅប្រឡាយមេនៅក្នុងតំបន់រោងចក្រគឺខ្ញុំមិនទាន់ឃើញពីភាពប្រសើរឡើងទេ។ ក្នុងពេលនេះនៅពេលមានជំងឺឆ្លងដូចជំងឺកូវីដ១៩បើមានការសម្អាតបរិស្ថានបានល្អក៏អាចរួមចំណែកដល់បញ្ហាសុខភាពដែរ»៕