ស្ទឹងត្រែងៈ គ្រឿងលោហធាតុមួយបានផ្ទុះយ៉ាងខ្លាំងនៅលើអាកាសកាលពីម្សិលមិញ ហើយបានធ្លាក់រាយប៉ាយប្រមាណជា ២០ បំណែក មកលើដី ស្ថិតក្នុងឃុំអូរ ឃុំអូរស្វាយ និងឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ និងមួយចំនួនទៀតធ្លាក់ចូលក្នុងទឹកដីឡាវ ដែលនៅជាប់ព្រំដែនកម្ពុជា-ឡាវ ប៉ុន្តែសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីបំណែកអ្វីនៅឡើយទេ។
លោក ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានថ្លែងថា នៅព្រឹកថ្ងៃទី ២៣ ខែ ឧសភា មានករណីធ្លាក់បំណែកដែកមួយចំនួននិងលាយជាមួយជ័រខ្លះនៅចំណុចព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង ហើយពេលនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់ និងជា វត្ថុអ្វីឲ្យប្រាកដនៅឡើយ។
លោកបន្តថា៖ «បំណែកដែកទាំងហ្នឹង វាធ្លាក់លើទឹកដីកម្ពុជាយើងតិចតួចប៉ុណ្ណោះ ប៉ុន្តែធ្លាក់នៅលើទឹកដីឡាវ ក្នុងខេត្តអាតា ពើ ទើបមានចំនួនច្រើនជាងយើង។ លទ្ធផលនៃការស្រាវជ្រាវយ៉ាងណានោះ ខ្ញុំនឹងជម្រាបជូនពេលក្រោយទៀត ឥឡូវនេះ ខ្ញុំអត់អាចប្រាប់បានទេ»។
លោក ឌួង ចន្ធី នាយប៉ុស្ដិ៍នគរបាលវរការពារព្រំដែនលេខ ៧០១ កម្ពុជា-ឡាវ ប្រចាំតំបន់អូរស្វាយ កាលពីម្សិលមិញបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា បំណែកអំបែងនោះបានធ្លាក់រាយប៉ាយក្នុងឃុំអូរ ឃុំអូរស្វាយនិងឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យជាច្រើនបំណែក ហើយបំណែកនេះ ក៏បានធ្លាក់នៅលើផ្ទះប្រជាពលរដ្ឋ និងវត្តអារាមនៅប្រទេស ឡាវ ដែលមានចំនួនច្រើនជាងនៅកម្ពុជា ប៉ុន្ដែមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
លោកបញ្ជាក់ថា៖ «យើងអត់មានសហការអ្វីជាមួយឡាវទេ ព្រោះយើងមានអ្នកជំនាញរបស់យើង ដើម្បីត្រួតពិនិត្យនៅកន្លែងពិសោធ ព្រោះបើធ្លាក់លើដី យើង យើងពិនិត្យទៅ បើធ្លាក់នៅលើដីឡាវ គឺគេពិនិត្យរបស់គេទៅ យើងអត់សហការគ្នាទេ។ ចំណែកបំណែកដែលធ្លាក់មកដីខ្មែរយើងហ្នឹងសមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យ ខ្ញុំអត់ហ៊ានសន្និដ្ឋានថា យ៉ាងម៉េចទេ ចាំមើលគេពិនិត្យសិន»។
លោក ចន្ធី បន្ថែមថា បំណែកដែលធ្លាក់មកលើផែនដីនេះ មានទ្រង់ទ្រាយជាប្រភេទលោហធាតុ និងជ័រ ហើយមានមួលប៊ូឡុង ដែលជាលក្ខណៈម៉ាស៊ីនអ្វីមួយ ប៉ុន្ដែមិនអាចថា វាជាយានអវកាសរបស់ប្រទេសណាមួយទេ។
លោក ប្រាក់ សាវ័ន្ដ ប្រជាពលរដ្ឋម្នាក់ដែលបានដឹងហេតុការណ៍នេះបានអះអាងថា មុនពេលលោកចេញទៅធ្វើការងារដូចសព្វមួយដងស្រាប់តែមានសំឡេងផ្ទុះពីលើអាកាស ហើយក៏មានផ្សែងលាយឡំនឹងអំបែងធ្លាក់ចុះមកដីរាយប៉ាយ ដោយមានបំណែកមួយចំនួនធ្លាក់មកដីកម្ពុជា និងមួយចំនួនទៀត ធ្លាក់ចូលទឹកដីឡាវ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្មែរ-ឡាវ។
លោកបន្តថា បន្ទាប់ពីឃើញមានបំណែកជាច្រើនធ្លាក់មកដីនៅព្រំប្រទល់ដែនកម្ពុជា-ឡាវ នោះ «ខ្ញុំបានឮប្រជាជននិយាយគ្នាថា នៅឡាវគេប្រកាសមុនហើយថាថ្ងៃនេះ ប្រទេស ចិន បានបង្ហោះយានអវកាស ដូច្នេះវាអាចនឹងមានធ្លាក់យានអវកាសនោះ ហើយបំណែកវានឹងធ្លាក់មកលើ ៥ ខេត្ត ភាគខាងត្បូងនៃប្រទេស ឡាវ។ នេះខ្ញុំគ្រាន់តែឮប្រជាជនឡាវ គេនិយាយគ្នា ហើយខ្ញុំស្តាប់ឮ»។
លោក ហូ សំអុល មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ប្រចាំខេត្តស្ទឹងត្រែងបានថ្លែងថា លោកបានទទួលដំណឹងនេះដែរ ប៉ុន្ដែលោកមិនបានតាមដាន និងស្រាវជ្រាវរកព័ត៌មានលម្អិតទេ ព្រោះលោករវល់ការងារផ្សេង។
លោកថ្លែងថា៖ «អាជ្ញាធរយើង គួរស៊ើបអង្កេតករណីនេះឲ្យបានហ្មត់ចត់ ព្រោះរឿងវាអាចមានលាក់បាំងអ្វីនៅក្រោយហើយ យើងសង្ស័យថា អាចជាយានអវកាស ឬយន្តហោះស៊ើបការណ៍របស់ប្រទេសណាមួយ»។
គួររំឭកថា កាលពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ធ្លាប់មានបំណែកយន្តហោះជាច្រើន ត្រូវបានអាជ្ញាធរកម្ពុជារកឃើញនៅលើប្រាសាទព្រះវិហារ បន្ទាប់ពីមានសំឡេងផ្ទុះក្នុងលំហអាកាសនៅពីលើប្រាសាទ ដែលអាជ្ញាធរថ្លែងថា ជាបំណែកយន្តហោះស៊ើបការណ៍របស់ថៃ នៅពេលប្រទេសទាំង ២ កំពុងមានជម្លោះជាមួយគ្នាបញ្ហាប្រាសាទព្រះវិហារ៕