ភ្នំពេញៈ ប្រជាពលរដ្ឋ​នៅ​ផ្លូវ ១០៥ K ត្រូវ​បាន​រំខាន​ដោយសារ​សំឡេង​រថភ្លើង ខណៈ​រថភ្លើង​នេះ​បាន​ចុច​ស៊ីផ្លេ និង​បញ្ចេញ​សញ្ញា ហើយ​អ្នក​បើក​ម៉ូតូ និង​រថយន្ត​បាន​ឈប់​ដើម្បី​ទុក​ឲ្យ​រថភ្លើង​ឆ្លងកាត់​។

ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​នេះ​បាន​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​គម្រោង​រថភ្លើង​នេះ ចាប់​តាំងពី​ការប្រកាស​កាលពី​ឆ្នាំ​មុន​។

ឥឡូវ​នេះ ២ ​សប្តាហ៍ បន្ទាប់ពី​វា​ចាប់ផ្តើម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា​រថភ្លើង​នេះ​រត់​ ២ ​ដង​ក្នុង​មួយ​ម៉ោង និង​រត់​ទាំង​ថ្ងៃ​ទាំង​យប់​ដែល​ដឹក​ប្រជាពលរដ្ឋ​ពី​ព្រលាន​យន្តហោះ​មក​ក្នុង​ទីក្រុង​។

ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​ហាង​តូច​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​ទេ​។ យើង​ហាក់បី​ដូចជា​មិន​អាច​ឈ្នះ​ពួកគេ​ទេ​។ វា​រត់ ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ វា​ធ្វើឲ្យ​រញ្ជួយ​ដី​នៅ​ជិត​នោះ​»​។

ខណៈ​ដែល​សំឡេង​រថភ្លើង​កំពុង​ខិត​ជិត​មក​ដល់ និង​ចុច​ស៊ីផ្លេ​ឮៗ អ្នកស្រី​បាន​សម្លក់​ទៅ​រថភ្លើង​នោះ​។

អ្នកស្រី​បាន​ថ្លែង​ថា​៖ «​យើង​បាន​ធ្វើការ​តវ៉ា​តាំងពី​មុន​ពួកគេ​ចាប់ផ្តើម​គម្រោង​នេះ​មក​ម្ល៉េះ​។ ប៉ុន្តែ​ឥឡូវ​នេះ​វា​ត្រូវ​បាន​សាងសង់​រួច ហើយ​អ្នក​ចង់​សម្ភាស​ខ្ញុំ តើ​វា​នឹង​ធ្វើឲ្យ​មាន​ភាព​ផ្លាស់ប្តូរ​ឬ​?»​។

ប្រជាពលរដ្ឋ​បាន​ថ្លែង​ថា​ពួកគេ​ដេក​មិន​លក់​នៅ​ពេល​យប់​ដោយសារ​តែ​សំឡេង​ឮ​ខ្លាំងៗ​របស់​រថភ្លើង​។ ម្ចាស់​ហាង​នៅ​ជាប់​ផ្លូវ​រថភ្លើង​និយាយ​ថា អាជីវកម្ម​របស់​ពួកគេ​ធ្លាក់​ចុះ​។ ជាង​នេះ​ទៀត​គម្រោង​ទីក្រុង​ដែល​ពង្រីក​ផ្លូវ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​។

អ្នកនាង លីម លីណា អាយុ ២៧ ឆ្នាំ​ដែល​ជា​អ្នក​ធ្វើ​សក់​បាន​ថ្លែង​ថា​៖ «​ឥឡូវ​នេះ​វា​ប៉ះពាល់​អាជីវកម្ម​របស់​ខ្ញុំ ដោយសារ​អាជីវកម្ម​របស់​ខ្ញុំ​ស្ងាត់​ខ្លាំង​ណាស់​ឥឡូវ​នេះ​»​។ អ្នកស្រី​ថា​៖ «​ប្រសិន​បើ​វា​នៅ​តែ​ដូច​អ៊ីចឹង យើង​អាច​នឹង​ស្វែងរក​កន្លែង​ផ្សេង បន្ទាប់ពី​ពួកគេ​បញ្ចប់​ការសាងសង់​»​។

លោក John Guiry អគ្គនាយក​នៃ​ក្រុមហ៊ុន Royal Railways Cambodia បាន​ទទួល​ស្គាល់​ការរំខាន​ដែល​រថភ្លើង​បង្ក​ទៅ​លើ​ប្រជាពលរដ្ឋ ប៉ុន្តែ​បាន​សម្តែង​ទំនុក​ចិត្ត​ថា ពួកគេ​នឹង​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​នេះ​។

បើ​តាម​លោក Guiry បាន​ឲ្យ​ដឹង​ថា បញ្ហា​ជាច្រើន​ជាមួយ​អ្នក​បើក​យានយន្ត​គួរ​ត្រូវ​ដោះស្រាយ​បាន​នៅពេល​សាលា​រាជធានី​បញ្ចប់​ការពង្រីក​ផ្លូវ ដោយ​ធ្វើឲ្យ​ផ្លូវ​មាន​ទំហំ​ធំ​ជាង​មុន​។ លោក​ថ្លែង​ថា​គម្រោង​នោះ​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​ពី​មុន​ការបើក​ផ្លូវដែក ប៉ុន្តែ​ក្រុង​ «​មិន​អាច​ធ្វើ​ទាន់​ពេល​»​។

លោក Guiry ដែល​បាន​ថ្លែង​ថា​លោក​ជិះ​រថភ្លើង​ម្តង​ក្នុង​មួយ​ថ្ងៃ​ក៏​បាន​ទទួល​ស្គាល់​ថា​អ្នក​បើក​ត្រូវ​តែ​ «​បញ្ឈប់​ទម្លាប់​ផ្លុំ​កញ្ចែ​»​។ លោក​បាន​ថ្លែង​ថា​៖ «​នោះ​ជា​បញ្ហា​។ ខ្ញុំ​បាន​ប្រាប់​អ្នក​បើកបរ​ជា​លក្ខណៈ​បុគ្គល សូម​ឈប់​ប្រើ​កញ្ចែ ឈប់​ប្រើ​ស៊ីផ្លេ​។ អ្នក​មិនមែន​កំពុង​បើក​នៅ​លើ​ផ្លូវធំ​ទេ​»​។

អ្នក​នាំពាក្យ​សាលា​រាជធានី​លោក ម៉េត មាសភក្តី មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ទោះ​យ៉ាង​ណា​ក្តី​ប្រជាពលរដ្ឋ​មួយ​ចំនួន​និយាយ​ថា ការពង្រីក​ផ្លូវ​ដែល​ពាក់ព័ន្ធ​នឹង​ការពង្រីក​ផ្នែក​ខាង​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បាន​បង្ក​បញ្ហា​ឈឺ​ក្បាល​បន្ថែម​ទៀត​។

អ្នកស្រី ហន់ អង្គហន អាយុ​ ៤៨ ឆ្នាំ​ដែល​ជា​អ្នក​លក់​អាហារ​បាន​ថ្លែង​ថា រចនាសម្ព័ន្ធ និង​ទុយោ​ទឹក​នៅ​ផ្ទះ​របស់​អ្នកស្រី​បាន​ខូចខាត​ដោយសារ​ការសាងសង់​នេះ​ហើយ​ឥឡូវ​នេះ​អ្នកស្រី​ត្រូវការ​ជួល​ជាង​មក​ជួសជុល​។

អ្នកស្រី អង្គហន ដែល​បាន​រស់នៅ​លើ​ផ្លូវ ១០៥ K តាំងពី​អ្នកស្រី​អាយុ ៨ ឆ្នាំ​បាន​ថ្លែង​ថា​៖ «​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ពួកគេ​ពង្រីក​ផ្លូវ ហើយ​ឥឡូវ​នេះ​វា​កំពុង​ប៉ះពាល់​ប្រជាពលរដ្ឋ​»​។ អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​ពួកគេ​ផ្តល់​គម្រោង​នេះ​ទៅ​ក្រុមហ៊ុន ប៉ុន្តែ​មិន​គិត​អំពី​ប្រជាពលរដ្ឋ​»​។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​ថ្លែង​ផង​ដែរ​ថា​ពួកគេ​បារម្ភ​អំពី​គ្រោះថ្នាក់​ដែល​រថភ្លើង​នេះ​អាច​បង្ក​ទៅ​លើ​កូន​របស់​ពួកគេ​។

អ្នកស្រី កាន់ ពុត្រា អ្នក​រដ្ឋបាល​នៅ​សាលា​មត្តេយ្យ​ឯកជន​មួយ​ដែល​មាន​ចម្ងាយ​ពីរ​បី​ម៉ែត្រ​ពី​ផ្លូវ​រថភ្លើង​បាន​ថ្លែង​ថា អ្នកស្រី​បាន​សុំ​ឲ្យ​សាលា​ដើរ​ជូន​ក្មេងៗ​នៅ​ពេល​ពួកគេ​ចាប់ផ្តើម​ដើរ​ទៅ​ផ្ទះ​។

អ្នកស្រី ពុត្រា បាន​សួរ​ថា​៖ «​ហេតុអ្វី​នៅ​លើ​ផ្លូវ​តូច​មួយ​បែរ​ជា​ពួកគេ​សាងសង់​ផ្លូវ​រថភ្លើង​ដូចនេះ​ទៅ​វិញ​? ប្រជាពលរដ្ឋ​នៅ​ទី​នេះ​មិន​សប្បាយ​ចិត្ត ប៉ុន្តែ​ចាំមើល​»៕