
កណ្តាលៈ សមាជិក៧ នាក់នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅស៊ីខៅឌូ អះអាងថា ក្រុមក្មេងទំនើងដែលជួលដោយក្រុមហ៊ុន បានវាយប្រហារលើពួកគេដែលកំពុងធ្វើកូដកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅខាងក្រៅរោងចក្រកាត់ដេរអ៊ីហ្គាមេន ក្នុងស្រុកស្អាង ខេត្តកណ្តាល។ នេះជាលើកទី ២ ហើយក្នុងខែនេះដែលកូដកម្មបានប្រែក្លាយទៅជាស្ថានការណ៍ អាក្រក់។
សហជីពថា បានដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុស្តិ៍ឃុំពីថ្ងៃសុក្រ ហើយសមាជិកសហជីពដែលរងរបួសបានចេញពីមន្ទីរពេទ្យដែរថ្ងៃនោះ ហើយថា សមត្ថកិច្ចនគរបាលកំពុងតែតាមរកជនសង្ស័យនៅឡើយ។
លោក គង់ អាទិត្យ អនុប្រធាន ស៊ីខៅឌូ ពីម្សិលមិញប្រាប់ថា ក្រុមជនប្រមាណ២០នាក់ បានវាយប្រហារមកលើសមាជិកសហជីពចំនួន ៧ នាក់ ខណៈពួកគេចាកចេញពីកូដកម្មនៅថ្ងៃនោះវិលមកផ្ទះវិញ។
លោកបញ្ជាក់ថា ៖ «ពួកគេប្រើដំបង បំពង់ និងដុំថ្ម វាយមកលើសមាជិកខ្ញុំ នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ កាលពីរសៀលថ្ងៃព្រហស្បតិ៍។ យើងស្គាល់ក្មេងៗទាំងនោះ ពួកគេពាក់ព័ន្ធនឹងក្រុមហ៊ុន មន្រ្តីរដ្ឋបាលក្រុមហ៊ុនបញ្ជាពួកគេឲ្យធ្វើបែបនោះមកលើសមាជិក សហជីពខ្ញុំ»។
កម្មករនៅរោងចក្រអ៊ីហ្គាមេន ដែលផ្គត់ផ្គង់ឲ្យម៉ាក H&M បានធ្វើកូដកម្មចាប់តាំងដើមខែនេះ ទាមទារឲ្យទទួលយកកម្មករ៤១នាក់ ជាផ្នែកនៃក្រុមកម្មករដែលត្រូវបណ្តេញចេញពីឆ្នាំ ២០០៧ ក្នុងអំឡុងនៃការបង្កើតសហជីព។ រោងចក្របានទទួលយកពួកគេខ្លះឲ្យធ្វើការវិញ ប៉ុន្តែបញ្ឈប់៨នាក់ម្តងទៀត នៅក្នុងឆ្នាំ ២០១០។
លោក អាទិត្យ បន្តថា កម្មករដែលនៅតែមានការងារ ទីបំផុតបានវិលត្រឡប់ចូលធ្វើការវិញបន្ទាប់ពីធ្វើកូដកម្ម រយៈពេល១សប្តាហ៍ ប៉ុន្តែសមាជិកសហជីព៤០ នាក់ នៅតែបន្តធ្វើកូដកម្ម។
នៅដើមខែនេះ កម្មករមួយចំនួនក្នុងចំណោមអ្នកវិលត្រឡប់ចូលធ្វើការវិញ ដែលកំពុងធ្វើការតវ៉ានៅពេលនោះ បានអះអាងថា ពួកគេរងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយនឹងនគរបាលដែល បានបដិសេធការចោទប្រកាន់នោះ។
លោក អាទិត្យ បានបន្ថែមថា សមាជិកសហជីពនឹងបន្តធ្វើកូដកម្មនេះ រហូតទាល់តែភាគីនិយោជកទទួលយកសំណើពួកគេវិញ។
លោក សូ សុខអាន អ្នកគ្រប់គ្រងរដ្ឋបាលនៅរោងចក្រអ៊ីហ្គាមេន បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលម្អិតទេ កាលពីម្សិលមិញ។
លោកបានបន្ថែមថា៖ «វាគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ ហើយខ្ញុំទុកឲ្យនគរបាលស៊ើបអង្កេតករណីនេះ»។
នគរបាលឃុំស្វាយរលំម្នាក់ ដែលបដិសេធមិនបញ្ចេញឈ្មោះ បានថ្លែងថា សមត្ថកិច្ចនគរបាលកំពុងតាមរកអ្នកវាយប្រហារ៕