ភ្នំពេញៈ ក្រុម​សៀវភៅ «កុមារ​ពិសេស» ៤ រឿង​របស់​អង្គការ​ស៊ីប៉ា គឺ​រឿង លក្ស្មី វីណិត គីម​ឡាង និង​ទីណា បាន​បក ស្រាយ​រឿង​ពិត​នៃ​ពិការភាព​របស់​កុមារ​កម្ពុជា ៤ រូប និង​ប្រាប់​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​យក​ភាព​ពិការ​របស់​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ការ​អប់រំ​ដូច​មនុស្ស​ទូទៅ​ដែរ។

លោក​ ហុក សុទ្ធិ នាយកអង្គការ​ស៊ី​ប៉ា​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សៀវភៅ «កុមារ​ពិសេស» នេះ​កាល​ពី​ម្សិលមិញ​ថា៖ «សៀវភៅ​នេះ​យើង​និយាយ​ពី​រឿង​ពិត​នៃ​ពិការភាព​ទាំង ៤ របស់​កុមារ។ យើង​ព្យាយាម​ធ្វើការ​បក​ស្រាយ​តាម​បែប​សប្បាយ មិន​មែន​គិតពី​ពិការភាព​នេះ ជា​ទុក្ខ​លំបាក​វេទនា​ទេ។ ពួក​គាត់​កើត​មក​អ៊ីចឹង វា​មិន​មែន​ជា​បំណង​របស់​ពួក​គាត់​ទេ»។

លោក​បន្ដថា៖ «យើង​ចង់​ឲ្យ​មនុស្ស​ទាំងអស់គ្នា​ទទួល​យក​ភាព​ពិការ​របស់​ពួកគាត់ ក្នុង​ន័យ​ធម្មតា ហើយ​ចូលរួម​ជួយ​ដល់​ពួកគាត់​ឲ្យ​ទទួល​បាន​ការ​អប់រំ​ដូច​មនុស្សទូទៅ​ដែរ​នៅ​ក្នុង​សាលា​រៀន​»។

បើ​តាម​លោក​ សុទ្ធិ ​សៀវភៅ​នេះ​បាន​បោះពុម្ពជាលើក​ទី២ ​ដោយ​បោះពុម្ពក្នុង ​១ លើក​ចំនួន ​៣០០ ក្បាល​ក្នុង ១ ប្រភេទ​រឿង ​១ ​និង​បាន​ដាក់​បញ្ចូល​ទៅ​បណ្ណាល័យ​សាលា​បឋម​សិក្សា​សាធារណៈ​ចំនួន ៣០០ កន្លែង​ គ្រប់​ខេត្ដ​ទូទាំង​ប្រទេស​ កម្ពុជា​។ លោក​ឲ្យ​ដឹង​ថា ​អង្គការ​ស៊ីប៉ាក៏​បាន​ដាក់​សៀវភៅនេះ​ទៅតាម​បណ្ណាល័យ​តាម​រោងចក្រ​ បណ្ណា​ល័យ​តាម​មន្ទីរ​ពេទ្យ​កុមារ និង​បណ្ណាល័យ​នៅ​ពន្ធនាគារ​ផង​ដែរ។

លោក ​សុទ្ធិ ថ្លែងថា​៖ «សៀវ​ភៅ​នេះ​យើង​ចង់​បង្ហាញ​ពីជីវិត​ពិការ​ភាព​របស់​កុមារ​។ ពួកគាត់​មាន​ការ​រស់​នៅ​មិន​ដូច​យើង​ទេ។ ​កាយវិការមួយ​ចំនួន​ពួកគាត់​មិន​អាច​ធ្វើ​បាន​ដូច​យើង​ទេ ​ប៉ុន្ដែ​មាន​រឿង​មួយ​ចំនួន​ដែល​យើង​ជា​មនុស្ស​ធម្មតា​មិន​អាច​ធ្វើ​បាន ​តែ​ពួកគាត់​ (កុមារពិការភាព)​ អាច​ធ្វើ​បាន។ អ្នក​ពិកា​រភាព​ភាគច្រើន​គឺ​បែបនេះ​ ពួកគាត់​ដើរ​មិន​កើត​ជាការ​លំបាក​មួយ​របស់​ពួកគាត់​ហើយ ប៉ុន្ដែ​ពួក​គាត់​អាច​មាន​ជំនាញ​ណា​មួយ​ទៀត​អាច​វិវឌ្ឍ​ខុស​ពី​មនុស្ស​ធម្មតា»។

លោក​ សុទ្ធិ ​បញ្ជាក់ថា​ តាម​រយៈ​កម្មវិធី​លើក​កម្ពស់​ការ​យល់​ដឹង​ស្ដីពី​ពិការភាព​ ស៊ីប៉ា ​បាន​បង្កើត​កម្មវិធីនេះ​ជាមួយ​នឹង​សារ​ថា​ «មាន ឬគ្មាន​ពិការភាព​ កុមារ​ទាំង​អស់​មាន​សិទ្ធិដូចគ្នា​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ»។

លោក​បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​ក្រុម​សៀវភៅ​ពិការភាពទាំង​ ៤ នេះ​ សៀវភៅ​ដែល​មាន​ចំណង​ជើងថា ​«លក្ស្មី​មិន​អាច​រត់​ និង​លោត​បាន»​ ដែល​បង្ហាញ​ពី​កុមារី ​លក្ស្មី​ ក្នុង​វ័យ​ ១៤ ឆ្នាំ ការទៅសាលារៀន​របស់នាង​ និង​ចំណង់​ចំណូល​ចិត្ដ​ចង់​ក្លាយ​ជា​អ្នក​រចនា​ម៉ូដ​ម្នាក់​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​។ សៀវភៅនេះ​ក៏បាន​ទទួល​ជយ​លាភី​ជាសៀវភៅ​ឆ្នើម​ផ្នែក​ពិការ​ភាព​ពី​ក្រុម​ប្រឹក្សា​អន្ដរជាតិ​ស្ដីពី​សៀវភៅ​សម្រាប់​កុមារ​ International Board on Books for Young People (IBBY) ផង​ដែរ។

ដោយឡែក​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «គីមឡាង ​មើល​មិន​ឃើញ ​តែ​» ក៏បាន​បង្ហាញ​ពី​កុមារី ​គីមឡាង ក្នុង​វ័យ​ ១៣ ​ឆ្នាំ ពីការ​ទៅ​សាលារៀន​ និង​ចំណង់ចំណូល​ចិត្ដ ​និង​ក្ដី​ប្រាថ្នា​ចង់​ក្លាយ​ជាគ្រូ​ភាសា​អង់គ្លេស ​១ ​រូប​នៅ​ថ្ងៃ​អនាគត​របស់​នាង​ផង​ដែរ។

តាំង​ពី​ឆ្នាំ ២០០០ ​មក ​អង្គការ​ស៊ីប៉ា​បាន​ចាប់​ផ្ដើម​កម្មវិធី​បោះ​ពុម្ព​ផ្សាយ​ ផលិត​សៀវភៅ​អប់រំ និង​សៀវ​ភៅរឿង​ជា​ភាសា​​ខ្មែរ​ ដើម្បី​ឲ្យ​​កុមារ​ទទួល​បាន​ចំណេះ​ដឹង និង​ការ​កម្សាន្ដ​តាមរយៈ​ការ​អាន៕