ភ្នំពេញៈ ​តាម​ការណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​) បាននិង​កំពុង​ត្រៀម​សត្វ​សុនខ​ចំនួន​ ១០ ក្បាល និង​មន្ត្រី​ជំនាញ​មួយចំនួន​ដើម្បី​សហការ​ជាមួយ​នឹង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​របស់​ក្រសួង​សុខាភិបាល ដើម្បី​បង្វឹក​ឱ្យមាន​សមត្ថភាព​ក្នុង​ការហិត​រក​អ្នក​ដែលមាន​ផ្ទុក​វីរុស​កូវីដ​១៩​។

លោក ​ហេង រតនា ​អគ្គនាយក ស៊ីម៉ាក់​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា នៅ​ចំពោះមុខ​នេះ​ក្រៅតែពី​ការត្រៀម​សុនខ​ចំនួន​ ១០ ​ក្បាល ស៊ីម៉ាក់​ក៏បាន​ត្រៀម​សម្ភារ​បរិក្ខារ​សម្រាប់​ហ្វឹកហ្វឺន​ទាំង​ផ្នែក​ទន់​ និង​ផ្នែក​រឹង​ដល់​សុនខ​ទាំងនេះ​ដែល​រហូត​មក​ដល់​ពេល​នេះ​រង់ចាំតែ​ជួបពិភាក្សា​ជាមួយនឹង​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​តែប៉ុណ្ណោះ​ព្រោះ​អ្វីៗ​ត្រូវ​បាន​ត្រៀម​រួចរាល់​អស់ហើយ​ទាំង​ទីកន្លែង​នៅឡើយ​តែ​បំពាក់​ជំនាញ​កូវីដ (​ប្រភេទ​ក្លិន​របស់​មេរោគ​កូរ៉ូណា​) ​។

លោក ហេង រតនា ថ្លែងថា សុនខ​ទាំង ១០ ​ក្បាល​នេះ​ ត្រូវបាន​បែងចែក​ជា ២ ​ក្រុម​ដែល​ក្នុង​ ១ ​ក្រុមៗ​មាន​ចំនួន​ ៥ ​ក្បាល​ដោយ​ក្នុងនោះ​ស៊ីម៉ាក់​ប្រើប្រាស់​សត្វ​សុនខ​ដែល​កំពុង​ហ្វឹកហ្វឺន​មូលដ្ឋាន (​ថ្នាក់​បឋម និង​ថ្នាក់​មធ្យម មិន​ហិត​វីរុស​កូរ៉ូណា​ទេ​) ក្នុង​ការបង្វឹក​វា​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់ ហើយ​យ៉ាងហោច​ណាស់​គឺ​រយៈពេល​តែ ៣ ទៅ​ ៤ ​ខែ​អាច​ប្រើប្រាស់​បាន​ហើយ​។ ចំណែក​សុនខ ១ ​ក្រុម​ទៀត​អាច​នឹង​ប្រើប្រាស់​ពេល​យូរ​ជាង​នេះ ទើប​អាច​ប្រើប្រាស់​បាន​។

លោក​ ហេង រតនា បញ្ជាក់ថា​៖ «​ចំពោះ​បញ្ហាលំបាក​ក្នុង​ការហ្វឹកហ្វឺន​សុនខ​នេះ គឺ​មិនមាន​ទេ ព្រោះ​អ្នកជំនាញ​របស់ CMAC មាន​ទំនុកចិត្ត​ខ្ពស់​ និង​មិនមាន​អ្វីដែល​ធ្វើ​មិន​បានទេ ព្រោះ​នៅ​ប្រទេស​ផ្សេង​ក៏​គេ​អាច​យក​មកប្រើ​ប្រាស់​រួច​ហើយ​ដូច​នៅ​ប្រទេស​អាល្លឺម៉ង់ រុស្ស៊ី និង​ប្រទេស​មួយចំនួន​ទៀត​»​។

លោក ហេង រតនា កាលពី​ថ្ងៃទី​ ២៤ ខែមីនា បាន​ចុះ​ទៅ​ពិនិត្យ​ការងារ​សុនខ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​មីន​ស៊ីម៉ាក់​ខេត្ត​កំពង់ឆ្នាំង​ដើម្បី​ត្រៀម​រៀបចំ​ឱ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​របស់​កម្ពុជា និង​ក្រុម​អ្នកជំនាញ​សុនខ​របស់​អង្គភាព​ស៊ីម៉ាក់​សិក្សា​រួមគ្នា​ក្នុង​ការស្វែងរក​គ្រប់​វិធីសាស្ត្រ​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩​។

បើតាម​លោក ហេង រតនា គំនិត​ផ្តួចផ្តើម​នេះ គឺជា​ការគិតគូរ​ និង​ជា​ការខិតខំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ធ្វើយ៉ាងណា​ប្រើ​ឱ្យអស់​លទ្ធភាព​ដែល​កម្ពុជា​មាន​ក្នុង​ការប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូវីដ​១៩ ដែល​កំពុង​រីករាលដាល​ក្នុងប្រទេស​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោកស្រី​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​ជុំវិញ​អ្វីដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រសួងសុខាភិបាល និង​ស៊ីម៉ាក់​រៀបចំ​កម្មវិធីសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​សុនខ​ជា​ជំនួយ​ក្នុង​ការ​ហិត​រក​អ្នក​ផ្ទុក​ជំងឺ​កូវីដ​ ១៩ នេះ​ទេ «​ដូច្នេះ​ខ្ញុំ​សូម​មិនមាន​យោបល់​ទេ​»​។

ទោះជា​យ៉ាងណា​លោក ហេង រតនា បាន​ពិភាក្សា​ការងារ​នេះ​ជាមួយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​រួចហើយ​ដោយ​បាន​ប្រគល់​ភារកិច្ច​នេះ​ឱ្យទៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ជា​អ្នកអនុវត្ត​ផ្ទាល់​ជាមួយ​អង្គភាព​ស៊ីម៉ាក់​៕

វីដេអូ៖