ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងអង្គការ APOPO បានសហការគ្នាស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកទេសថ្មីដោយបំពាក់ ដ្រូន ម៉ាស៊ីនថតរូប ឧបករណ៍សំឡេង និងប្រព័ន្ធត្រួតពិនិត្យដល់សុនខហិតមីន ដើម្បីផ្ដល់ភាពងាយស្រួលដោះមីន និងសំណល់គ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាមនៅកម្ពុជាឲ្យបានលឿន និងមានសុវត្ថិភាព។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទថា បច្ចេកទេសថ្មីនេះ ធ្វើឲ្យសុនខអាចមានសេរីភាពរត់រុករក ហិតក្លិនជាតិផ្ទុះ ដោយមានមន្ត្រីជំនាញបញ្ជាត្រួតពិនិត្យពីចម្ងាយ តាមរយៈអេក្រង់រូបភាព។
លោកថ្លែងថា ស៊ីម៉ាក់ មានមោទនភាពណាស់ដែលការស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកទេសថ្មីនេះទទួលបានជោគជ័យ។ លោកឲ្យដឹងថា បច្ចេកទេសថ្មីហៅថា ស្មាតដក (Smart Dog) នេះគឺសំដៅលើការបង្ហាត់ដល់សត្វសុនខហិតមីន ដើម្បីបង្កើនសមត្ថភាព និងកាត់បន្ថយផ្ទៃដីសង្ស័យមានមីនជាមួយនឹងការបង្កើនប្រសិទ្ធភាពនៃប្រតិបត្ដិការរបស់សត្វសុនខហិតមីន។
លោកបានបញ្ជាក់ថា៖ «យើងចាប់ផ្ដើមសាកល្បងបច្ចេកទេសថ្មីនេះដំបូងនៅឯចម្ការមីនក្នុងខេត្ដព្រះវិហារ ដោយទទួលបានលទ្ធផលជោគជ័យបច្ចេកទេសថ្មីនេះ បានផ្ដល់ភាពងាយស្រួលដល់មន្រ្ដីដោះមីនរបស់ស៊ីម៉ាក់ដោយអាចមើលឃើញសុនខរត់រកគ្រាប់មីន និងអាវុធជាតិផ្ទុះពីចម្ងាយ ដែលងាយស្រួលឲ្យអ្នកបញ្ជាមើលឃើញទីលានចម្ការមីនបានទាំងមូល និងធ្វើឲ្យការបោសសម្អាតមីនបានឆាប់រហ័សជាងមុន»។
លោកបានឲ្យដឹងថា បច្ចេកទេសថ្មីនេះ ស៊ីម៉ាក់ បានសហការគ្នាជាមួយអង្គការ APOPO របស់ប្រទេស បែលហ្ស៊ិក ដែលជាដៃគូសុនខហិតមីន និងបានប្រមូលផ្ដុំក្រុមមន្រ្ដីជំនាញជើងចាស់ខាងដោះមីនជាច្រើននាក់ទៀតមកពីប្រទេស បូស្នី ន័រវែស និងស៊ុយអែត ដើម្បីរួមគ្នាស្រាវជ្រាវលើបច្ចេកទេសថ្មីនេះបន្ថែមទៀត។
លោក រតនា ឲ្យដឹងថា ក្នុងជំហានដំបូង ក្រោយការបង្ហាត់ហ្វឹកហ្វឺនជាមួយសត្វសុនខចាប់ពី ៣ ទៅ ៤ ខែ លើការប្រើប្រាស់បច្ចេកទេសថ្មីនេះ ស៊ីម៉ាក់នឹងបំពាក់បច្ចេកទេសថ្មីនេះ ដល់សត្វសុនខចំនួន ៦ ក្បាលសិន ដើម្បីជាការសាកល្បង។
លោកបន្ដថា៖ «សម្ភារសម្រាប់បំពាក់ដល់សុនខទាំងនេះ បានផលិតឡើងនៅទីក្រុងហ្សឺណែវប្រទេស ស្វ៊ីស ហើយជំហានដំបូងនេះ គឺជាជំនួយពីអង្គការ APOPO និងសប្បុរសជនបានផ្ដល់ជំនួយពីហ្សឺណែវ និងបែលហ្ស៊ិកមក។ ប៉ុន្ដែផលិតផលបច្ចេកទេសដែលលក់នាថ្ងៃខាងមុខគឺស៊ីម៉ាក់ត្រូវទិញដោយខ្លួនឯងហើយវាក៏ថ្លៃដែរ»។
បើតាម លោក ហេង រតនា ស៊ីម៉ាក់បានចាប់ផ្តើមប្រើប្រាស់សុនខក្នុងសកម្មភាពបោសសម្អាតមីនតាំងពីឆ្នាំ ១៩៩៩ មក ហើយក្រុមសុនខដោះមីន បានរំដោះផ្ទៃដីបានជាង ៧៨ គីឡូម៉ែត្រការ៉េ រកឃើញ និងកម្ទេចចោលគ្រាប់គ្រប់ប្រភេទជិត ២ ម៉ឺនគ្រាប់។
ទាក់ទងនឹងវីរភាពរបស់សត្វសុនខហិតមីននេះ លោក ហេង រតនា តែងតែផ្សព្វផ្សាយទៅសាធារណជន ដោយបានចែករំលែកបទពិសោធ ចំណេះដឹង ស្តីពីប្រតិបត្តិការរបស់សុនខ ការថែទាំសុខភាពសុនខ និងបង្ហាញពីអត្ថប្រយោជន៍របស់សុនខក្នុងការបម្រើសង្គម ជាពិសេសជំរុញលើកទឹកចិត្តដល់អ្នកស្រឡាញ់សុនខកាន់តែខ្លាំងថែមទៀត ចៀសវាងអំពើអវិជ្ជមានផ្សេងៗ ដូចជា ការបរិភោគ និងជួញដូរសាច់សុនខជាដើម។
លោក Michael Heiman នាយកកម្មវិធីនៃអង្គការ APOPO បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា បច្ចេកទេសថ្មីដែលបំពាក់លើសុនខហិតមីនទាំងនេះ បានបង្កើតឡើងដោយក្រុមហ៊ុន GICHD និង DIGGER នៅប្រទេស ស្វ៊ីស ហើយអង្គការ APOPO ត្រូវបានជ្រើសរើសជាដៃគូអនុវត្តន៍។
លោកថ្លែងថា បច្ចេកទេសថ្មីនេះ អាចឲ្យសុនខរុករកមីនប្រកបដោយប្រសិទ្ធភាពខ្ពស់និងដំណើរការដោយគ្មានខ្សែនៅពេលសុនខចូលក្នុងតំបន់ព្រៃឬតំបន់ដែលមានរុក្ខជាតិច្រើន។ បច្ចេកទេសថ្មីនេះមានសក្តានុពល ពន្លឿនការរំដោះដីនៅក្នុងតំបន់ដែលអាចមានមីន។
លោកថា៖ «សុនខដែលបំពាក់ដោយបច្ចេកទេសថ្មីនេះ បានចាប់ផ្តើមធ្វើប្រតិបត្តិការវាយតម្លៃដំបូងនៅខែ មីនា ឆ្នាំ ២០១៩ នៅក្នុងខេត្តព្រះវិហារ ហើយលទ្ធផលមកដល់ពេលនេះគឺល្អហួសពីការរំពឹងទុក»។
បើតាមលោក Michael Heiman អង្គការ APOPO និងស៊ីម៉ាក់មានភាពជាដៃគូយូរមកហើយ ដោយធ្លាប់សហការរុករកមីនតាមរយៈសត្វកណ្តុរ ហើយនៅឆ្នាំ ២០១៧ កម្មវិធីបង្ហាត់សុនខដោះមីនវ័យឆ្លាត SMART Dog ក៏ត្រូវបានបង្កើតឡើងនៅកម្ពុជា ដោយបង្ហាត់សត្វសុនខរបស់ CMAC នៅខេត្តកំពងឆ្នាំង។
លោកបានបន្ថែមថា អង្គការ APOPO មានអ្នកឯកទេសបង្ហាត់សត្វសុនខ ដែលមានជំនាញខ្ពស់ និងកំពុងស្វែងរកសត្វសុនខពីអឺរ៉ុបដើម្បីទទួលបានការបង្ហាត់បន្ថែមពី ៦ ទៅ ៨ ខែ ទៀតជាមួយនឹងគ្រូបង្ហាត់របស់អង្គការ CMAC៕