The Phnom Penh Post Search

Search form

ស៊ីម៉ាក់ ​រក​ឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​ជិត​ ១០០០​ គ្រាប់​

Content image - Phnom Penh Post
អ្នក​ជំនាញ​ស៊ីម៉ាក់​កំពុង​កកាយ​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​ ចេញ​ពី​ដី នៅ​ក្នុង​បន្ទាយ​ទាហាន​ជើង​ទឹក​ទួល​ចេក​កាលពី​ថ្ងៃ​ទី ២០ ខែ​មិថុនា។ រូប​ថត សហការី​

ស៊ីម៉ាក់ ​រក​ឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​ជិត​ ១០០០​ គ្រាប់​

កំពង់​ឆ្នាំងៈ គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ចម្រុះជា​ច្រើន​ប្រភេទ​សរុប ជិត​ ១០០០ គ្រាប់ ត្រូវបាន​ក្រុម​មន្ត្រី​ជំនាញ នៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា រកឃើញកាលពីរសៀលថ្ងៃ​ទី ២០ ខែ​មិថុនា​ នៅក្នុង​រណ្ដៅ​ដ៏​ធំមួយ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បន្ទាយ​ទា​ហាន​​ជើង​ទឹក​ទួល​ចេក ស្ថិត​នៅ​ភូមិ​កោះ​ថ្កូវ ឃុំកោះថ្កូវ ស្រុក​ជល​គិរី ខេត្ត​កំពង់​ឆ្នាំង។

លោក ឃឹម យ៉ុង អធិការស្រុក​ជលគិរី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ​នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា​ថា គ្រាប់​យុទ្ធភណ្ឌ​ចម្រុះ​ជា​ច្រើន​ប្រភេទ​ដែល​ ក្រុម​មន្ត្រី​ CMAC បាន​ជីក​កាយ​រក​ឃើញ ​នៅ​ក្នុង​ទីតាំង​ខាង​លើ​នេះ​ រួម​មានគ្រាប់​បែក​ដៃ​មួយ​គ្រាប់​ B-41​ ចំនួន​ ១៣៣ គ្រាប់ B-40 ចំនួន ២៦ គ្រាប់ B-60 ចំនួន ២ គ្រាប់ Dk-82 ចំនួន ២ គ្រាប់ និង គ្រាប់​ ១២,៧ មីលី​ម៉ែត្រ ចំនួន ៧៣១ គ្រាប់។

លោក​ យ៉ុង​ បាន​ថ្លែង​ថា៖«គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះទាំង​នោះ ទំនង​ត្រូវ​បាន​គេលាក់​ទុក​ តាំង​ពី​សម័យ​សង្គ្រាម​ ក្នុង​ទស​វត្សរិ៍​ឆ្នាំ ១៩៧០ មក​ម្ល៉េះ​ ព្រោះ​​ទី​នេះ ​ជា​បន្ទាយ​ទាហាន​ជើង​ទឹក​»។

បើ​តាម​​របស់​លោក យ៉ុង នៅ​ពេល​នេះ ក្រុម​មន្ត្រី​ CMAC កំពុង​បន្ត​ស្រាវជ្រាវ និង​រុករក​គ្រាប់​យុទ្ធ​ភណ្ឌមិន​ទាន់​ផ្ទុះ​នៅ​ក្នុង​បរិវេណ​​ទីតាំង​បន្ទាយ​យោធា​ខាង​លើ​នេះ ខណៈ​គ្រាប់​យុទ្ធ​ភណ្ឌ​ ដែល​បាន​ជីក​កាយ​រក​ឃើញ​ កាល​ពីរសៀល​ពុធ​នោះ​ ត្រូវ បាន​នាំ​យក​ទៅ​រក្សា​ទុក​ជាបណ្ដោះ​អាសន្ន​ នៅ​ក្នុង​ឃ្លាំង​​សុវត្ថិភាព​របស់ ​CMAC ដើម្បី​រង់​ចាំ​ពេលវេលា​រៀបចំពិធី​ដុត​កម្ទិច​​ចោល​នៅ​ពេល​ក្រោយ។

ប្រធាន​ក្រុមការងារ​ដោះ​មីន​ចល័ត​របស់​ CMAC លោក សុខ ចិន្តា ដែល​កំពុង​បំពេញ​បេសក​កម្មការ​ងារ​ រុករក​និង​ជីកកាយ​ដោះយ​ក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​ក្នុង​ទី​បន្ទាយ​យោធា​ខាង​លើនេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​​ថ្ងៃ​ទី ២១ ខែ​មិថុនា ក្រុម​ការងារ​របស់​លោក បាន​ជីកកាយ​រក​ឃើញ​គ្រាប់​កាំភ្លើង​ធំប្រភេទ ​៨០​ មីលី​ម៉ែត្រ​មួយ​គ្រាប់​ថែម​ទៀត។

លោក​ចិន្តា បាន​បញ្ជាក់​ថា៖«ប្រតិបត្តិការ​ស្រាវ​ជ្រាវ និង​រុក​រក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅក្នុង​ទី​បន្ទាយ​យោធា​ទួលចេក​នេះ នៅ​មិន​ទាន់​ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ ហើយ​យើង​គិត​ថា​ អាចនឹង​នៅ​មាន​គ្រាប់​យុទ្ធភណ្ឌ​មួយ​ចំនួន​ទៀត ​ដែល​ត្រូវ​បាន​គេកប់​លាក់​ទុក ​នៅ​ក្នុង​ទីតាំង​នេះ»៕ ​

អត្ថបទគួរចាប់អារម្មណ៍