កណ្តាលៈ អគ្គនាយក​ស៊ីម៉ាក់​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការយក​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ទៅ​កែច្នៃ​ធ្វើ​ជា​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ បន្ទាប់ពី​បុរស​ម្នាក់​បាន​យក​ក្បាល​គ្រាប់​មិនទាន់​ផ្ទុះ​ទៅ​កែច្នៃ​ធ្វើជា​គ្រឿងបន្លាស់​គ្រឿងយន្ត​កសិកម្ម​ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​នៅនឹង​កន្លែង​កាលពី​ថ្ងៃទី ២៨ ខែ​ មិថុនា ឆ្នាំ​ ២០២០ នៅ​ចំណុច​ភូមិ​ត្រពាំងព្រលិត ឃុំ​ជ្រៃលាស់ ស្រុក​ពញាឮ​។

លោក ទឹម វុត្ថា អធិការរង​ស្រុក​ពញាឮ​ទទួល​បន្ទុក​ផ្នែក​សណ្ដាប់ធ្នាប់ និង​អាវុធជាតិផ្ទុះ​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​ជនរងគ្រោះ​ឈ្មោះ អ៊ី សារិន អាយុ ៥១ ​ឆ្នាំ​ ជា​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​គ្រឿងយន្ត​កសិកម្ម​នៅក្នុង​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​បាន​យក​ក្បាល​គ្រាប់​ប្រភេទ ១០៥ មិល្លីម៉ែត្រ​ ចូល​ទៅក្នុង​រោង​សិប្បកម្ម​កែច្នៃ​របស់​គាត់ ដើម្បី​កែច្នៃ​ជា​គ្រឿងបន្លាស់​ផ្សេងៗ​។ លុះ​ប្រមាណ​ ៣០ ​នាទី​ក្រោយមក​ក៏​ឮ​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង​បណ្ដាល​ឲ្យ​មាន​ការភ្ញាក់ផ្អើល​។

លោក​ វុត្ថា ថ្លែងថា​៖ «​ឥទ្ធិពល​នៃ​ក្បាល​គ្រាប់​នោះ​បាន​ផ្ទុះ​បំបែក​សព​ជនរងគ្រោះ​ជាច្រើន​បំណែក​ខ្ទាត​រាយប៉ាយ​ពេញ​ក្នុង​បន្ទប់​រោង​សិប្បកម្ម​ដែល​មើល​ទៅ​គួរ​ឲ្យ​រន្ធត់​បំផុត​»​។

បើតាម​លោក​ វុត្ថា ក្រោយ​ករណីនេះ​កើតឡើង​ក្រុម​សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​ទីតាំង​គំនរ​អេតចាយ​របស់​ជនរងគ្រោះ​នៅក្បែរ​រោង​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​នោះ​ហើយ​បាន​រកឃើញ​ក្បាល​គ្រាប់កាំភ្លើង​ធំ​ប្រភេទ ១០៥ មិល្លីម៉ែត្រ​ចំនួន​ ២ ​គ្រាប់​ថែមទៀត​នៅ​សេសសល់​ក្នុង​គំនរ​អេតចាយ​នោះ​ដើម្បី​ទុក​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​នាំ​យក​ទៅ​កម្ទេចចោល​។

លោក យន ថានុង អាយុ ២៥ ​ឆ្នាំ​ ជា​កូនប្រុស​បង្កើត​របស់​ជនរងគ្រោះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្បាល​គ្រាប់​ដែល​យក​មក​កែច្នៃ​ធ្វើជា​គ្រឿងបន្លាស់​ផ្សេងៗ​នេះ​គឺជា​ក្បាល​គ្រាប់​កាំភ្លើង​ធំ​ចាស់ៗ ដែល​ឪពុក​របស់​លោក​ប្រមូល​ទិញ​ពី​អ្នកលក់​អេតចាយ​នៅក្នុង​ភូមិ​កាលពី ១០ ​ឆ្នាំ​មុន​។ «​កន្លងមក​ពុក​ខ្ញុំ គាត់​ធ្លាប់​យក​ក្បាល​គ្រាប់​ចាស់ៗ​មក​កែច្នៃ​ធ្វើជា​គ្រឿងបន្លាស់​សម្រាប់​គ្រឿងយន្ត​កសិកម្ម​ជាច្រើន​ប្រភេទ មិន​ដែល​មាន​បញ្ហា​អ្វី​នោះទេ​»​។ ថានុង និយាយ​ទាំង​សំឡេង​យំ​តិចៗ​ថា​៖ «​ប៉ុន្តែ​កាលពី​ថ្ងៃអាទិត្យ មិន​ដឹងថា​គាត់​ភ្លាត់ស្នៀត​អ្វី​នោះទេ​ធ្វើឲ្យ​ក្បាល​គ្រាប់​នោះ​ផ្ទុះឡើង​បណ្ដាល​ឲ្យ​គាត់​ស្លាប់ ស្ទើរ​តែ​រក​បំណែក​នៃ​សព​ពុំ​ឃើញ​»​។

ជុំវិញ​ករណី​នេះ​លោក ហេង រតនា ​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​អំពាវនាវ​ដល់​ពលរដ្ឋ​សូម​ឲ្យ​បញ្ឈប់​ការយក​គ្រាប់​សំណល់​ពី​សង្គ្រាម​មក​កែច្នៃ​ធ្វើ​ជា​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ ព្រោះ​វា​ជា​អំពើ​ខុសច្បាប់ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

លោក​ថ្លែងថា​៖ «​ជាបឋម​ខ្ញុំ​សូម​ចូលរួម​សោកស្តាយ​ជាមួយ​គ្រួសារ​សព​។ ឆ្លៀតឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​ជាថ្មី ចំពោះ​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ប្រកបមុខរបរ​គ្រឿង​អេតចាយ​សូម​បញ្ឈប់​ការយក​គ្រាប់​សំណល់​ពី​សង្គ្រាម​មក​កែច្នៃ ព្រោះ​វា​ខុសច្បាប់ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង សមាជិកគ្រួសារ និង​អ្នកជិតខាង​»​។

ដោយឡែក​នៅឯ​ខេត្ត​បាត់ដំបង នគរបាល​ស្រុក រុក្ខគិរី បាន​រាយការណ៍​ថា នៅ​រសៀល​ថ្ងៃទី​ ២៨ ខែ មិថុនា ឆ្នាំ​ ២០២០ មាន​ករណី​បើក​ត្រាក់ទ័រ​ភ្ជួរ​ដីស្រែ​កិន​លើ​គ្រាប់​មីនតោន​ ១ ​គ្រាប់​ បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​បុរស​ម្នាក់ ហើយ​ត្រាក់ទ័រ​ខូចខាត​ទាំងស្រុង​។

លោក​ ឆែ ម៉ាប់ អធិការ​ស្រុក​រុក្ខគិរី​ថ្លែងថា ជនរងគ្រោះ​ឈ្មោះ​ ជន នាល់ អាយុ​ ៣៥ ​ឆ្នាំ​ មាន​លំនៅ​ភូមិ ក្រញាំមាន់ ឃុំ អូរតាប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ជា​កម្មករ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដីស្រែ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង​។ ជនរងគ្រោះ​ត្រូវ​បាន​អ្នកភូមិ​ និង​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ដើម្បី​ព្យាបាល​របួស​៕