The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស៊ុន ​ចាន់ថុល ​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​វិស័យ​សាធារណការ

ស៊ុន ​ចាន់ថុល ​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​វិស័យ​សាធារណការ

លោក ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅក្នុង​ពិធី​មួយ​កន្លង​មក​។
លោក ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅក្នុង​ពិធី​មួយ​កន្លង​មក​។ រូបថត ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម

ស៊ុន ​ចាន់ថុល ​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​វិស័យ​សាធារណការ

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដែល​នឹង​ត្រូវ​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​វិស័យ​សាធារណការ​ដែល​រង​ការ​រិះគន់​ឱ្យ​មាន​ការ​រីកចម្រើន​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​ទាក់ទាញ​វិនិយោគ​ផង​ដែរ។

ក្រោយពី​បញ្ចប់​វេទិកា​ស្តីពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា​កាល​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​មីនា ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក ស៊ុន ចាន់ថុល ដែល​ធ្លាប់​ជា​អតីត​ថ្នាក់​ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០០៨ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​ប្តេជ្ញា​ថា​ នឹង​ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំង​កាយ​ និង​ចិត្ត​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ដើម្បី​ឱ្យ​ពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ប័ណ្ណ​បើកបរ ឆៀករថយន្ត និង​កសាង​ផ្លូវ​ថ្នល់​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ទាក់ទាញ​ការ​វិនិយោគ​ផង​ដែរ។

លោក​បញ្ជាក់​ថា​៖ «​យើង​នឹង​ពង្រីក​កំពង់ផែ ស្តា​ផ្លូវ​រទះភ្លើង​ដើម្បី​ឱ្យ​ការ​ដឹក​​ជញ្ជូន​មាន​តម្លៃ​ថោក​ជាង​មុន​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង និង​ដើម្បី​ទាក់ទាញ​វិនិយោគ​ក៏​ដូចជា​អ្នក​ទេសចរ​ផង​ដែរ»។

លោក​ថា​ ការ​វិល​ត្រឡប់​ទៅ​កាន់​តំណែង​ចាស់​របស់​លោក​នេះ​គឺ​ដើម្បី​រៀបចំ​សេវា​សាធារណៈ​ឱ្យ​ល្អ​ប្រសើរ​ជាង​​មុន និង​ហេដ្ឋា​រចនាសម្ព័ន្ធ​។

យ៉ាង​ណា​ក៏ដោយ​ លោក​មិន​ស្តាយ​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នោះ​ទេ​ខណៈ​លោក​អះអាង​ថា​បាន​ធ្វើការ​កែ​សម្រួល​ក្រសួង​នេះ​បាន​ច្រើន និង​​រង់ចាំ​ជួយ​យ៉ាង​ពេញ​ទំហឹង​ប្រសិន​ក្រសួង​នេះ​ត្រូវ​ការ​​លោក​ផ្តល់​ជា​យោបល់។

លោក​ថា៖ «ខ្ញុំ​ក៏​បាន​ផ្តាំ​​ទៅ​​ឯកឧត្តម​រដ្ឋមន្ត្រី​ថ្មី​ថា​ខ្ញុំ​ត្រៀម​ខ្លួន​ជួយ​ក្រសួង​ពាណិជ្ជកម្ម​ជានិច្ច​ក្នុង​ការ​ចរចា​ត្រូវ​ការ​ខ្ញុំ​ម៉ោង​ណា​ខ្ញុំ​ជួយ​បាន​ទាំងអស់​មិន​មាន​​បញ្ហា​នោះ​ទេ»។

ការ​ប្តេជ្ញា​របស់​លោក ស៊ុន ចាន់ថុល ធ្វើ​ឡើង​ភា្លមៗ​​ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ផ្លាស់ប្តូរ​រូប​លោក​ពី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ទៅ​កាន់​ដំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​​វិញ​ម្តង។ កន្លង​ទៅ​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​រិះគន់​​ទៅ​លើ​ក្រសួង​សាធារណការ​ផង​ដែរ​ថា ​ធ្វើ​ការ​មាន​ភាព​ស្ពឹក​ស្រពន់​ជាង​ក្រសួង​ដទៃ​។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​លោក អ៊ា ចរិយា បង្ហាញ​សុដ្ឋិនិយម​ថា​លោក ស៊ុន ចាន់ថុល អាច​នឹង​ធ្វើ​ឱ្យ​វិស័យ​សាធារណការ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ ខណៈ​លោក​មើល​ឃើញ​នៅ​ពេល​រដ្ឋមន្ត្រី​រូប​នេះ​ធ្លាប់​ជា​រដ្ឋមន្ត្រី​នៅ​ក្រសួង​សាធារណការ​គឺ​មាន​ការ​អភិវឌ្ឍ​ច្រើន​លើ​ប្រព័ន្ធ​ដឹក​ជញ្ចូន​។

លោក​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ​អ្វី​ដែល​ជា​ការ​ប្តេជ្ញា​របស់​គាត់​នឹង​ធ្វើ​ឱ្យ​បាន​សម្រេច​ហើយ​សង្ឃឹម​ថា​មន្ត្រី​នៅ​ក្រសួង​សាធារណការ នឹង​សហការ​ជួយ​គាំទ្រ​ការ​ប្តេជ្ញា​នេះ​ ដើម្បី​ឲ្យ​បាន​សម្រេច​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅក្នុង​ក្រសួង​នេះ»។

យ៉ាង​ណា​ក៏ដោយ​លោក​មើល​ឃើញ​ថា​ប្រព័ន្ធ​សេវា​សាធារណៈ​បច្ចុប្បន្ន​មាន​ការ​ខ្វះខាត​ច្រើន​រួមមាន​សេវា​នៃ​ការ​ផ្តល់​ប័ណ្ណ​បើកបរ​ធ្វើ​ឆៀក​រថយន្ត​នៅ​មាន​កម្រិត​ទាំង​គុណភាព និង​សេវា និង​មិន​ទាន់​មាន​ភាព​ទូលំ​ទូលាយ​ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួល​យក​​សេវា​​នេះ​​បាន​ទេ»។

បែប​នេះ​ក្តី​លោក​ស្នើ​លោក ស៊ុន ចាន់ថុល នៅ​ពេល​ក្លាយ​ជា​រដ្ឋមន្ត្រី​ថ្មី​នៅ​ក្រសួង​សាធារណការ​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​ដែល​ជួប​ប្រទះ​នា​ពេល​កន្លង​មក និង​ចង់​ឃើញ​ការ​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​ប្រកប​ទៅ​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព។

លោក​ថា៖ «ធ្វើ​ម៉េច​ឱ្យ​គុណភាព​ផ្លូវ​អាច​ទទួល​យក​បាន​ដូច​នៅ​ប្រទេស​ជឿន​លឿន ធ្វើ​ផ្លូវ​ម្តង​ទុក​​បាន​រហូត​ទៅ​ដល់ ១០ ទៅ ២០ ឆ្នាំ​ទើប​មាន​ការ​​ជួសជុល​តែ​កម្ពុជា​យើង​​ធ្វើ​ផ្លូវ​មិន​ទាន់​ចប់​ស្រួល​បួល​ផង​ខូច​ជា​បណ្តើរៗ»។

លោក​បន្ត​ថា​ ចំណែក​​បរិក្ខារ​ចរាចរណ៍​ផ្លូវ​ថ្នល់​វិញ​នៅ​មាន​ភាព​ខ្សោយ​មែនទែន​​ ខណៈ​ដែល​លោក​ចង់​ឃើញ​មាន​ការ​ថែទាំ​ប្រព័ន្ធ​សុវត្ថិភាព​ផ្លូវ​ថ្នល់​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ ​ដើម្បី​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ថវិកា​ជាតិ​ដោយសារ​បញ្ហា​នេះ។

បើ​តាម​លោក អ៊ា ចរិយា សេវា​ដឹក​ជញ្ជូន​មាន​សារៈសំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា​ពោល​កាល​ណា​សេវា​ដឹក​ជញ្ជូន​ល្អ​ប្រសើរ​ធ្វើ​ឱ្យ​ដំណើរការ​អាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ដោយ​លោក​ចង់​ឃើញ​ក្រសួង​នេះ​មាន​ការ​រៀបចំ​សេវា​ដឹក​ជញ្ជូន​រួម​មាន​ឡាន​ក្រុង​នៅក្នុង​ទីក្រុង និង​ចេញ​ទៅ​បណ្តាល​ខេត្ត និង​សេវា​ដឹកជញ្ជូន​តាម​ផ្លូវ​រថភ្លើង​។

ការ​ធ្វើ​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​ត្រូវ​បាន​​មជ្ឈដ្ឋាន​ជា​ច្រើន​ធ្វើការ​រិះគន់​តាំង​ពី​យូរ​មក​ហើយ​ថា​​ផ្លូវ​ធ្វើ​ខាង​មុខ​ខូច​ខាង​ក្រោយ​ គឺ​ផ្លូវ​ត្រូវ​ធ្វើ​ជាប់​រហូត​។ ជាមួយ​គ្នា​នេះ​ការ​ចេញ​ប័ណ្ណ​បើកបរ​គ្មាន​​តម្លាភាព​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​ ការ​បណ្តែត​បណ្តោយ​​ឲ្យ​រថយន្ត​ដឹក​លើស​ចំណុះ​បំផ្លាញ​ផ្លូវ​ និង​បញ្ហា​ជាច្រើន​ទៀត​ក៏​ត្រូវ​បាន​គេ​រិះគន់​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍