
ពិធីចុះហត្ថលេខាផ្ដល់ជំនួយរបស់ស៊ុយអែត កាលពីម្សិលមិញ។ សហការី
ភ្នំពេញៈ រដ្ឋាភិបាលប្រទេសស៊ុយអែតបានសម្រេចផ្ដល់ជំនួយឥតសំណងចំនួន ២,៥ លានក្រូណា (លុយស៊ុយអែត) ស្មើនឹងជាង ២៦ ម៉ឺនដុល្លារដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលធ្វើការលើផ្នែកដោះស្រាយវិវាទការងារនៅកម្ពុជាដើម្បីអនុវត្តគម្រោងនៅក្នុងឆ្នាំនេះ។
ការសម្រេចផ្ដល់ជំនួយនេះបានធ្វើឡើងកាលពីម្សិលមិញតាមរយៈពិធីចុះហត្ថលេខារវាងលោក សាមូអ៊ែល ហ៊ូទីក ប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជានិងលោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងរាជធានីភ្នំពេញ។
តាមលិខិតរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលចុះថ្ងៃទី ១ មីនា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីម្សិលមិញបានឲ្យដឹងថាជំនួយនេះសម្រាប់អនុវត្តគម្រោងចាប់ពីខែមករាដល់ខែធ្នូឆ្នាំនេះ។ ក្នុងនោះរួមមាន ពង្រឹងប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្ដល់សេវាដោះស្រាយវិវាទការងារដែលភាគីពាក់ព័ន្ធមានការជឿជាក់,បង្កើនសមត្ថភាពភាគីពាក់ព័ន្ធក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈចូលរួមទប់ស្កាត់វិវាទនិងដោះស្រាយបញ្ហារបស់ពួកគេនិងកិច្ចសន្ទនាសង្គមប្រកបដោយប្រសិទ្ធភាពព្រមទាំងពង្រឹងសុចរិតភាព និងនិរន្តរភាពរបស់ស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្ដាលមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងសេវាកម្មនានាដែលមាន។
លោក ម៉ែន និម្មិត នាយកប្រតិបត្ដិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានថ្លែងថា ជំនួយនេះសំខាន់ណាស់ ជាពិសេសចំពេលមានការខ្វះខាត។
លោកបន្ដថា៖ «រឿងរ៉ាវខ្វះខាតនៅក្នុងឆ្នាំ ២០១៩ នេះ វាពាក់ព័ន្ធរឿងនយោបាយ រឿងជាទូទៅដែលមានច្បាប់សហជីពថ្មីអីហ្នឹង ដែលនាំឲ្យមានចំនួនវិវាទធ្លាក់មកដល់[ក្រុមប្រឹក្សាអាជ្ញាកណ្ដាល]ហើយប្រទេសផ្ដល់ជំនួយគាត់ថាមានសំណុំរឿងយើងកាត់នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានកាន់តែតិច អ៊ីចឹងប្រហែលជាប្រើប្រាស់ជំនួយមិនសូវមានប្រសិទ្ធភាពអ៊ីចឹងអ្នកខ្លះថាផ្អាកសិន»។
យ៉ាងណាក្ដី លោក ម៉ែន និម្មិត បានថ្លែងថា ប្រទេសស៊ុយអែតមានការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជំនួយពេលយើងកំពុងខ្វះខាតដែលជំនួយនេះ យ៉ាងហោចណាស់អាចបន្ដបាន ១ ឆ្នាំ ២០១៩ នេះដែរ ដើម្បីឲ្យយើងបានពេលធ្វើការងារបន្ដផងនិងយកពេលនេះរៃអង្គាសពីប្រទេសផ្សេងនិងរាជរដ្ឋាភិបាលផង។
លោកបានបញ្ជាក់ថា៖ «ការងារស្នូលដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលកំពុងធ្វើនេះគឺការដោះស្រាយវិវាទ។ភាគីវិវាទទៅដោះស្រាយគ្នានៅក្រសួងការងារតែប្រើផ្សះផ្សាមិនបានគឺសំណុំរឿងនោះនឹងត្រូវបញ្ចូនមកក្រុមប្រឹក្សាអាជ្ញាកណ្ដាលទាំងអស់ដើម្បីដោះស្រាយ។ ឥឡូវចំនួនវិវាទការងាររួមកំពុងហក់ឡើងវិញហើយក្នុង១ខែៗពីមុនយើងដោះស្រាយ ៥ សំណុំរឿងឥឡូវយើងឡើង ១១-១២ សំណុំរឿងហើយក្នុងការដោះស្រាយឲ្យភាគីត្រូវគ្នាវិញ»។
លោក សាមូអ៊ែល ហ៊ូទីក ប្រធានផ្នែកកិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍អន្ដរជាតិរបស់ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាបានថ្លែងថា៖ «ការអប់រំនិងទីផ្សារការងារគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀត របស់កិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍ អន្តរជាតិ របស់ប្រទេសស៊ុយអែតនៅកម្ពុជា»។
លោកបន្ដថា៖ «មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចូលរួម ចំណែកយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាវិវាទ ការងារកន្លងមកប្រកបដោយយុត្ដិធម៌និងសមធម៌»។
បើតាមលោក សាមូអ៊ែល ហ៊ូទីក គិតចាប់ពីឆ្នាំ ២០១៤-២០១៨ ប្រទេសស៊ុយអែតបានផ្ដល់ជំនួយថវិកាដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលចំនួនជាង ១,២ លានដុល្លារអាមេរិកដើម្បីលើកកម្ពស់អភិបាលកិច្ចទីផ្សារការងារដោយប្រសិទ្ធភាពសម្រាប់វិស័យឯកជននិងការអភិវឌ្ឍសង្គមតាមរយៈការផ្ដល់នូវប្រព័ន្ធមជ្ឈត្ដវិនិច្ឆ័យដែលដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល៕