ភ្នំពេញៈ ប្រទេស​ស៊ុយអែត​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ប្រទេស​ស៊ុយអែត​ (SIDA) ​បានផ្តល់​ទឹកប្រាក់​ជិត​ ៣ ​លាន​ដុល្លារ​ដល់​អង្គការ​តម្លាភាព​កម្ពុជា​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ដែល​កិច្ចព្រមព្រៀង​ថ្មី​នេះ​រំពឹង​ថា​នឹង​គាំទ្រ​ដល់​ការងារ​ពង្រឹង​តម្លាភាព និង​គណនេយ្យភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

កាលពី​រសៀល​ថ្ងៃ​អង្គារ អង្គការ​តម្លាភាព​កម្ពុជា និង​ (SIDA) ​បាន​ចុះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ២៥,៥ ​លាន​សេក​ ឬ​ (​ប្រមាណ​ជា​ ២,៧ ​លាន​ដុល្លារ​អាមេរិក​) ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២០ ​ដល់​ឆ្នាំ​ ២០២២​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា សកម្មភាព​ទាំងនេះ​មាន​គោលបំណង​បង្កើន​អនុលោមភាព​ចំពោះ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដែល​សហភាព​អឺរ៉ុប និង​ប្រទេស​ស៊ុយអែត​សហការ​ជាមួយ​ស្ថាប័ន​ដៃគូ​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​តម្រូវការ និង​ការផ្គត់ផ្គង់​តម្លាភាព និង​គណនេយ្យភាព​នៅក្នុង​វិស័យ​សាធារណៈ​កម្ពុជា​។ បន្ថែម​ពីនេះ​ជំនួយ​ថវិកា​ដែល​ផ្តល់​ទៅ​ឲ្យ​អង្គការ​តម្លាភាព​កម្ពុជា​ក៏​នឹង​រួមចំណែក​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ ៣ ​ឆ្នាំ «​រួមគ្នា​ប្រឆាំង​អំពើពុករលួយ​» របស់​អង្គការ​តម្លាភាព​កម្ពុជា​ផងដែរ​។

ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា ផែនការ​យុទ្ធសាស្ត្រ​នេះ​មាន​កម្មវិធី​ស្នូល​ចំនួន ៥ ​ដូចជា​ ១- ​កម្មវិធី​ការចូលរួម​ក្នុង​វិស័យ​សាធារណៈ និង​កសាង​ភាពជា​ដៃគូ ២- កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ​ និង​យុវជន ៣- ​កម្មវិធី​សុចរិត​ភាពធុរកិច្ច ៤- ​កម្មវិធី​ពង្រឹង​អភិបាលកិច្ច​ផ្ទៃ ក្នុង និង​អភិវឌ្ឍន៍​សមត្ថភាព និង ៥- កម្មវិធី​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ស្ថាប័ន​។

សេចក្តីប្រកាស​ដដែល​បាន​បន្តថា​ «​គោលបំណង​នៃ​កម្មវិធី​គឺ​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​កំណែទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។ ការងារ​នេះ​នឹង​ត្រូវ​អនុវត្ត​តាមរយៈ​ការកសាង​សមត្ថភាព​ស្ថាប័ន​។ តួនាទី​របស់​អង្គការ​តម្លាភាព​កម្ពុជា​គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជុំវិញ​បញ្ហា​ពុករលួយ​ដែល​ជា​ឧបសគ្គ​រាំងស្ទះ​កិច្ចអភិវឌ្ឍន៍​ក្នុង​សង្គម​កម្ពុជា​»​។

លោក Magnus Saerundsson ប្រធាន​ស្តីទី​ផ្នែក​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ស្ថានទូត​ស៊ុយអែត​បាន​ថ្លែងថា តម្លាភាព និង​គណនេយ្យភាព​នៅក្នុង​សេចក្តី​សម្រេច​ចិត្តការ​បែងចែក​ធនធាន និង​ការផ្តល់​សេវាសាធារណៈ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​លទ្ធិប្រជាធិបតេយ្យ និង​ការការពារ​សិទ្ធិមនុស្ស​។

លោក​បន្តថា​៖ «​យើង​ជឿថា កម្មវិធី​ភាព​ជា​ដៃគូ​ដើម្បី​គណនេយ្យភាព និង​តម្លាភាព​រួម​ជាមួយ​ស្ថាប័ន​ដៃគូ​នៅ​កម្ពុជា អ្នកជំនាញ​របស់​អាជ្ញាធរ​ស៊ុយអែត​នឹង​រួមចំណែក​ជា​វិជ្ជមាន​លើ​ទិដ្ឋភាព​ជាច្រើន​នៅ​ប្រទេស​កម្ពុជា ដូចជា ការប្រឆាំង​អំពើពុករលួយ ការរស់នៅ​របស់​ប្រជាជន​ និង​បរិយាកាស​អាជីវកម្ម​ជាដើម​។ ​កម្មវិធី​នេះ​មាន​គោលដៅ​ស្របគ្នា​នឹង​ការងារ​អាទិភាព​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​»​។

លោក ​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការបង្កើន​គណនេយ្យភាព និង​តម្លាភាព​តាមរយៈ​ការតស៊ូ​មតិ និង​កិច្ចសន្ទនា​ដោយ​ផ្អែកលើ​ភ័ស្តុតាង និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ គឺជា​មូលដ្ឋានគ្រឹះ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំង​អំពើ​ពុករលួយ និង​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ ព្រាប កុល បាន​បន្ថែមថា​៖ «​ជា​លទ្ធផល​នៃ​ការធ្វើ​កំណែទម្រង់ និង​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​មាន​ផ្នែក​មួយចំនួន​ឃើញ​មាន​ការប្រសើរ​ឡើង ដូចជា ការប្រមូល​ពន្ធ វិស័យ​អប់រំ និង​ការផ្តល់សេវា​ (​សាធារណៈ​) ​ជាដើម​។ ប៉ុន្តែ​កម្ពុជា​គឺ​នៅតែ​ញាំញី​ដោយ​អំពើពុករលួយ​ផ្នែក​នយោបាយ និង​អំពើពុករលួយ​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​ជាន់ខ្ពស់​។ យើង​ជឿជាក់​ថា ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សប្បុរស​របស់ SIDA នឹង​ជួយ​ជំរុញ​ឲ្យ​កម្ពុជា​ទទួល​បាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត​»​។

កម្មវិធី​ភាពជា​ដៃគូ​ដើម្បី​គណនេយ្យភាព និង​តម្លាភាព​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បំពេញបន្ថែម​ដល់​ជំនួយ​គាំទ្រ​ផ្នែក​ថវិកា​សាធារណៈ​របស់​សហភាព​អឺរ៉ុប​ដើម្បី​ធ្វើ​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​តាមរយៈ​ការផ្តល់ជំនួយ​បច្ចេកទេស​ដល់​ស្ថាប័នរដ្ឋ​ដែល​ធ្វើការ​លើ​ការងារ​ប្រមូល​ពន្ធ ការងារ​ស្ថិតិ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ តម្លាភាព និង​គណនេយ្យភាព​។

ស្ថាប័ន​ដៃគូ​កម្ពុជា​សម្រាប់​កម្មវិធី​ភាពជា​ដៃគូ​ដើម្បី​គណនេយ្យភាព និង​តម្លាភាព​ដំណាក់កាល​ទី​ ២ រួមមាន វិទ្យាស្ថាន​ស្ថិតិ​អគ្គនាយកដ្ឋាន​ពន្ធដារ វិទ្យាស្ថាន​សភា​កម្ពុជា និង​អង្គការ​តម្លាភាព​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​៕