ភ្នំពេញៈ រដ្ឋាភិបាល​ស៊ុយអែ​ត បានផ្តល់​ថវិកា​ប្រមាណ ១០ លាន​ដុល្លារ​ជា​ជំនួយ​ដើម្បី​គាំទ្រ​ដល់​ការ​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ និង​ការ​បណ្តុះ​បណ្តាល​ផ្នែក​ស្រាវជ្រាវ​ប្រកប​ដោយ​គុណភាព​ខ្ពស់ នៅ​ក្នុង​ប្រទេស​ កម្ពុជា ខណៈ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថា កម្ពុជា​កំពុង​ត្រូវការ​ក្រុម​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​នេះ ច្បាស់​លាស់។

ពិធី​ចុះ​កិច្ចព្រមព្រៀង​លើ​ដំណាក់កាល​សាកល្បង ដែលមាន​រយៈពេល ៤ ឆ្នាំ រវាង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​ទឹក​ប្រាក់ ១០ លាន​ដុល្លារ​នេះ​បាន​ធ្វើ​ឡើង កាល​ពី​រសៀល​ថ្ងៃ​ពុធ​នៅ​អគារ CKCC ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​ស៊ុយអែត បាន​ឲ្យ​ដឹង​ថា កិច្ច​សហ​ប្រតិបត្តិការ​នេះ​នឹង​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនា​គមន៍​នៅ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ព្រមទាំង​ការ​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ និង​ការ​បណ្តុះ​បណ្តាល​ថ្នាក់​ក្រោម​ឧត្តម​សិក្សា នៅ​មហា​វិទ្យាល័យ​វិទ្យាសាស្ត្រ និង​វិស្វកម្ម។

លោកស្រី Anna Maria Oltorp ប្រធាន​ផ្នែក​កិច្ច​សហប្រតិបត្តិការ​ស្រាវជ្រាវ​នៃ​ជំនួយ​អភិឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត បាន​ថ្លែង​ថា ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ គឺជា​សសរ​ស្តម្ភ​មួយ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

លោកស្រី​បន្ត​ថា ស្រប​ពេល​ដែល​កម្ពុ​ជា​មាន​គោល​ដៅ​ប្រែ​ក្លាយ​ជា​ប្រទេស​មួយ​មាន​ចំណូល​មធ្យម ដូច្នេះ​ការ​ពង្រឹង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ និង​ការ​បង្កើត​ប្រព័ន្ធ​មូលនិធិ​សម្រាប់​ការ​ស្រាវជ្រាវ​នៅ​កម្ពុជា គឺជា​កិច្ចការ​ចាំបាច់​បំផុត​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​បន្ទាន់។

លោកស្រី Anna Maria បញ្ជាក់ថា៖ «ជំហាន​ដំបូង នៃ​កិច្ច​សហ​ប្រតិបត្តិការ​នេះ​ចាប់​ផ្តើម​នៅ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយសារ​យើង​បាន​វាយ​តម្លៃ​សាកល​វិទ្យាល័យ​មួយ​នេះ​ថា មាន​គុណ​វុឌ្ឍិ​គ្រប់​គ្រាន់ ក្នុង​ការ​ក្លាយជា​សាកល​វិទ្យាល័យ​គំរូ សម្រាប់​ការ​សិក្សា​ជាន់​ខ្ពស់ និង​ការ​ស្រាវជ្រាវ ហើយ​ថែម​ទាំង​អាច​ធ្វើ​ការ​បណ្តុះ​បណ្តាល​ដល់​អ្នក​ស្រាវជ្រាវ នៅ​តាម​ផ្នែក​ជា​ច្រើន​ផ្សេងៗ​គ្នា»។

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា មើល​ឃើញ​អំពី​សារៈ​សំខាន់​នៃ​ការ​សិក្សា​ជាន់​ខ្ពស់ និង​ការ​ស្រាវជ្រាវ ព្រមទាំង​តម្រូវការ​ដើម្បី​ធានា​បាន​នូវ​ភាព​ពាក់ព័ន្ធ និង​គុណភាព។

លោក​បញ្ជាក់ថា៖ «ការ​ស្រាវជ្រាវ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការច្នៃប្រឌិត និង​អាស្រ័យ​លើ​គុណភាព​អប់រំ​នៅ​សាកល​វិទ្យាល័យ​រួម​ទាំង​ក្រុម​អ្នក​ស្រាវជ្រាវ ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ច្បាស់​លាស់»។

លោក ជួនណា​រ៉ុ​ន ក៏​បញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការ​នេះ គឺ​បាន​បង្ហាញ​ពី​ការ​បន្ត​តក្ក​ភាព និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២ នៅ​ក្នុង​វិស័យ​អប់រំ​ផង​ដែរ។

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ គឺជា​សាកលវិទ្យាល័យ​រដ្ឋ មាន​វ័យ​ចំណាស់ និង​ធំ​ជាង​គេ​បង្អស់ នៅ​ក្នុង​ប្រទេស ដែល​វា​បាន​ចាប់ផ្តើម​ដំណើរការ​តាំង​ពី​ដើម​ឆ្នាំ ១៩៦០ ដោយ​មាន​មហា​វិទ្យាល័យ​ចំនួន ៥ និង​មាន​និស្សិត​កំពុង​សិក្សា​ថ្នាក់​អាហា​រូបករណ៍ និង​បង់​ថ្លៃ​សិក្សា​ចំនួន​ជិត ២ ម៉ឺន​នាក់។

លោក ជេ​ត ជាលី សាកលវិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថ្លែង​ថា គោល​បំណង​របស់​យើង​គឺ​ធ្វើ​ឲ្យ​សាកល​វិទ្យាល័យ​នេះ​ក្លាយជា​គំរូ​មួយ​សម្រាប់​ការ​បង្រៀន​ស្រាវជ្រាវ និង​សេវាកម្ម​សហគមន៍។

លោក​បញ្ជាក់​ថា៖ «យើង​ពិត​ជា​រីករាយ​ចំពោះ​ការ​គាំទ្រ​របស់​ប្រទេស​ស៊ុយអែត​ក្នុង​ការ​កែ​លម្អ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនា​គមន៍ និង​ការ​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា»។

ចាប់តាំងពី​ឆ្នាំ ១៩៧០ មក ប្រទេស​ស៊ុយអែត បាន​បន្ត​ការគាំទ្រ​ដល់​កម្មវិធី​ជាច្រើន ដើម្បី​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​ចំណូល​ទាប​ក្នុង​នោះ ក៏មាន​កម្ពុជា​ផង​ដែរ​ដែល​ស៊ុយអែត ស្ថិត​ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ធំៗ ដែល​បាន​ដើរ​តួនាទី​ដ៏​មាន​សារៈ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា៕