ភ្នំពេញៈ ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​អង្គការ UNDP ប្រកាស​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ឆ្លើយតប​ចំពោះ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ ​១៩ ដោយ​ផ្ដល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគមន៍​ជនបទ​ប្រមាណ ១ ៦០០ គ្រួសារ​ ក្នុង​ខេត្ត​ចំនួន ២ ដោយ​ពួកគេ​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​នៅក្នុង​មូលដ្ឋាន​ជា​ថ្នូរ​នឹង​ការទទួល​បាន​សាច់ប្រាក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ស្ថានទូត​ស៊ុយអែត និង​អង្គការ UNDP ស្តីពី​កម្មវិធី​សាច់ប្រាក់​ពលកម្ម​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ក្រៅពី​ដាំ​ដើមឈើ​ឡើងវិញ គម្រោង​នេះ​ក៏​នឹង​បង្កើតជា​ស្ថានីយ​បណ្ដុះ​កូនឈើ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ដទៃទៀត​នៅ​ទូទាំង​ប្រទេស​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​បញ្ជាក់ថា​៖ «​ព្រៃឈើ និង​ជីវចម្រុះ​នៅ​បន្ត​រង​សម្ពាធ​ក្នុង​កម្រិត​ខ្ពស់​ហើយ​វា​កំពុង​មាន​ការកើនឡើង​ដោយសារ​តែ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩​។ នៅ​ទូទាំង​ប្រទេស​កម្ពុជា មនុស្ស​រាប់ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ ហើយ​ពលករ​ចំណាកស្រុក​ជាង​ ១០ ​ម៉ឺន​នាក់​បាន​វិលត្រឡប់​ពី​ប្រទេស​ជិតខាង​ទៅ​កាន់​ស្រុកកំណើត​នៅ​តំបន់​ជនបទ​វិញ​»​។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា​៖ «​ការស្វែងរក​ប្រាក់ចំណូល និង​ស្បៀងអាហារ​កាន់តែ​លំបាក​ទៅៗ​សម្រាប់​ប្រជាជន​មួយចំនួន​។ ដើម្បី​ជីវភាព​រស់នៅ​ជាពិសេស​ក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ ប្រជាជន​កាន់តែ​ច្រើន​ចាប់ផ្ដើម​ចូល​ព្រៃ​ដើម្បី​កាប់​ឈើ បរបាញ់​សត្វព្រៃ និង​នេសាទ​ជាដើម ដែល​ជា​ការដាក់​សម្ពាធ​បន្ថែម​ទៀត​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​កំពុង​មាន​ភាពផុយស្រួយ​រួចទៅ​ហើយ​នោះ​»​។

លោក ប្យ៊ន ហេកម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ថ្លែង​ថា ការកាត់បន្ថយ​ផលវិបាក​ដែល​បង្កឡើង​ដោយសារ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​គឺជា​រឿង​ចាំបាច់​។ លោក​ថា ការគាំទ្រ​របស់​ប្រទេស​ស៊ុយអែត​ចំពោះ​កញ្ចប់​ថវិកា​សង្គ្រោះបន្ទាន់​គឺ​ក្នុង​ទំហំ​ទឹកប្រាក់ ៤ ៣០០ ០០០ SEK ​ឬ​ ប្រមាណ​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក ហើយ​វា​នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​នេះ​។

លោក​បញ្ជាក់ថា​៖ «​កញ្ចប់​ថវិកា​នេះ​នឹង​ផ្ដល់ឱ្យ​សហគមន៍​ដែល​ងាយ​រងគ្រោះ​នូវ​ឱកាស​រកប្រាក់​ចំណូល​បាន​ភ្លាមៗ តាមរយៈ​ការដាំ​ដើមឈើ ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ទប់ទល់​ជាមួយ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​កើតមាន​។ សកម្មភាព​នេះ​ក៏​នឹង​រួមចំណែក​ដល់​ការស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​មាន​សារៈសំខាន់​ផងដែរ​»​។

លោក Nick Beresford តំណាង​និវាសនដ្ឋាន​នៃ UNDP ប្រចាំ​កម្ពុជា​ថ្លែងថា រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត និង UNDP ប្ដេជ្ញា​ផ្ដល់​ការគាំទ្រ​ពេញទំហឹង​ដល់​ប្រទេស​កម្ពុជា​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជា​សកល​នេះ​។ លោក​ថា​៖ «​កម្មវិធី​ដាំ​ដើមឈើ​នេះ​ជួយផ្ដល់​ជា​សាច់ប្រាក់​ជា​ផ្នូរ​នឹង​កម្លាំង​ពលកម្ម​នៅពេលដែល​គេ​ត្រូវការ​សាច់ប្រាក់​ជាង​គេ​បំផុត​ហើយ​តាមរយៈ​ការវិនិយោគ​លើ​គម្រប​ព្រៃឈើ យើង​អាចរួម​ចំណែក​ដល់​ការកសាង​អនាគត​កាន់តែ​បៃតង​និង​កាន់តែ​ស្អាត​សម្រាប់​គ្រប់គ្នា​»​។

លោក ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លើក​ឡើង​ថា កម្មវិធី​ផ្តល់​សាច់ប្រាក់​តាមរយៈ​ការធ្វើ​ពលកម្ម​គឺជា​អន្តរាគមន៍​ទាន់ពេលវេលា​ដែល​គេ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឆ្លើយតប​ភ្លាមៗ​ចំពោះ​តម្រូវការ​បន្ទាន់​របស់​សហគមន៍​ជនបទ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ ១៩​ និង​ភាពចាំបាច់​ក្នុង​ការស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ​ដែល​កំពុង​ទទួលរង​សម្ពាធ​នៅ​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​ការងារ​នេះ​នឹង​ជួយ​បង្កើន​គម្រប​ព្រៃឈើ​ក្នុង​តំបន់​គោលដៅ ដែល​ជា​ប្រភព​ស្រូបយក​កាបូន រួមចំណែក​ដល់​ការបន្ត​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​របស់​យើង​»​។

បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​តាមការ​ធ្វើ​ផែនការ​ថវិកា គម្រោង​នេះ​បាន​ទិញ​កូនឈើ​ប្រមាណ​ ៥១ ៧៥០ ​ដើម​ ហើយ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ៥១ ៧៥០ ដុល្លារ​ សម្រាប់​យក​ទៅ​ដាំ​ឡើងវិញ នៅក្នុង​ខេត្ត​គោលដៅ​មាន​ខេត្តសៀមរាប និង​ខេត្តពោធិ៍សាត់​។

ក្រៅពី​គម្រោង​នេះ​លោក​ថា​៖ «​ម្ចាស់ជំនួយ​ស៊ីដា​តាមរយៈ​ UNDP ក៏បានផ្តល់​ថវិកា​ដល់​អង្គការ​មួយ​ចំនួន​ផងដែរ​ក្នុង​ការដាំ​កូនឈើ​នេះ​ដែល​អង្គការ​ទាំងនោះ​មានដូចជា អង្គការ RECOFTC និង ADF ចំពោះ​តំបន់​គោលដៅ​គឺ​នៅ​ខេត្ត​ពោធិ៍សាត់ និង​សៀមរាប​ដូចគ្នា​»​។

គម្រោង​ស្តីពី​កម្មវិធី​ផ្តល់​សាច់ប្រាក់​លើ​កម្លាំង​ពលកម្ម​នេះ​នឹង​បន្ត​អនុវត្ត​រហូត​ដល់​ខែ​មិថុនា ​ឆ្នាំ​ ២០២១ ក្នុង​ការផ្ដល់​ឱកាស​ការងារ​ភ្លាមៗ​ដល់​សហគមន៍​ដែលមាន​តម្រូវ​ការចាំបាច់​ជាងគេ តាមរយៈ​សកម្មភាព​ដាំ​ដើមឈើ​នៅ​ខេត្តពោធិ៍សាត់​ និង​ខេត្តសៀមរាប​ព្រមទាំង​បណ្តុះ​កូនឈើ​នៅ​រដូវប្រាំង និង​គាំទ្រ​ដល់​សកម្មភាព​ដាំ​ដើមឈើ​ ១ ​ជុំ​ទៀត​ចន្លោះ​ពី​ខែ​ឧសភា ដល់​ខែមិថុនា ឆ្នាំ​ ២០២១៕