ភ្នំពេញៈ ប្រទេស​ ស៊ុយអែត​ និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​មួយ​ដែលមាន​ទឹកប្រាក់​ប្រមាណ ៣, ៣៤ ​លាន​ដុល្លារ​ ក្នុង​គម្រោង​ដែល​មាន​រយៈពេល​ ៣ ​ឆ្នាំ​បន្ថែមទៀត ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​សម្ព័ន្ធភាព ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ (CCCA)​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​នេះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កម្មវិធី CCCA-៣ សម្រាប់​ឆ្នាំ​ ២០២០-២០២២ នឹង​ផ្ដល់​ការគាំទ្រ​សំខាន់ៗ ដោយ​ជួយ​ធានា​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ភាពធន់ និង​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​ងាយ​រងគ្រោះ​ជាងគេ​បង្អស់​នៅក្នុង​សង្គម​។

សេចក្តី​ប្រកាស​បញ្ជាក់​ថា​៖ «​កម្មវិធី CCCA គឺជា​កម្មវិធី​ប្រែប្រួល​អាកាសធាតុ​គំរូ​មួយ ក្នុង​ប្រទេស​កម្ពុជា អនុវត្ត​រួមគ្នា​ដោយ UNDP និង​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (​ក.ជ.អ.ច​)​។ កម្មវិធី​នេះ​សហការ​ជាមួយ​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថាប័ន​អប់រំ និង​វិស័យ​ឯកជន​ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ២០០៩ ​មក​ដោយ​បានទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ប្រទេស​ស៊ុយអែត សហភាព​អឺរ៉ុប និង​ UNDP​។ នេះ​ជា​ដំណាក់កាល​ទី​ ៣ នៃ​ការអនុវត្ត​នូវ​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា​»​។

បើ​តាម​សេចក្តីប្រកាស​នេះ កម្មវិធី​ផ្ដល់​ជំនួយ​ខ្នាតតូច​របស់ CCCA បានផ្ដល់​ឱកាស​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល សាកលវិទ្យាល័យ​ និង​ដៃគូ​វិស័យ​ឯកជន​ជាច្រើន​បាន​ធ្វើ​តេស្ត​សាកល្បង​លើ​វិធីសាស្ត្រ​ផ្ស៊ាំ និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​កៀរគរ​ធនធាន​ហិរញ្ញប្បទាន​សម្រាប់​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​ជោគជ័យ​នានា​។

ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​សកម្មភាព​របស់​កម្មវិធី​ប្រែប្រួល​អាកាសធាតុ​បាន​ក្លាយ​ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​។ កម្មវិធី CCCA បាន​ផ្ដល់​ការគាំទ្រ​ដល់​ការដាក់បញ្ចូល​ចំណុច​គោលដៅ​ស្ដីពី​ការផ្ស៊ាំ និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ គោលនយោបាយ​ថវិកា និង​កម្មវិធី​តាម​វិស័យ​សំខាន់ៗ​។

លោក Nick Beresford អ្នកតំណាង UNDP ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា ខណៈពេល​ដែល​គ្រប់គ្នា​ទូទាំង​សកលលោក​កំពុង​ទទួលរង​ការវាយប្រហារ​ពេញទំហឹង​ពី​ការរាតត្បាត​ជា​សកល​នៃ​វីរុស​កូរ៉ូណា យើង​ចាំបាច់​ត្រូវ​ធានាថា ការវិនិយោគ​របស់​យើង​នឹង​ជួយ​ធ្វើឲ្យ​ពិភពលោក​កាន់តែ​មាន​ភាពស្រស់ស្អាត និង​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​គ្រប់គ្នា​។

លោក​ថា​៖ «​យើង​អាច​ប្រើប្រាស់​កាលានុវត្តភាព​នានា​ដែល​មាន​នៅក្នុង​អំឡុងពេល​ដែលមាន​វិបត្តិ​បែបនេះ ដើម្បី​ជួយ​ឱ្យ​ការវិនិយោគ​របស់​រាជរដ្ឋាភិបាល​កាន់តែ​មានលទ្ធភាព បង្កើន​ភាពធន់​ទៅ​នឹង​កត្តា​អាកាសធាតុ ព្រមទាំង​ជួយ​ជំរុញ​ការវិនិយោគ​វិស័យ​ឯកជន​ដែល​គិតគូរ​ពី​បរិស្ថាន និង​មាន​ភាពធន់​»​។

លោក ប្យ៊ន ហេកម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា នៅក្នុង​ដំណាក់កាល​ថ្មី​នេះ​ការគាំទ្រ​របស់​ប្រទេស​ស៊ុយអែត​គួបផ្សំ​នឹង​ថវិកាបដិភាគ ៦ ​លាន​អឺរ៉ូ​ពី​សហភាព​អឺរ៉ុប​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ ២០១៩ និង ០,៥ ​លាន​ដុលា្លរ​អាមេរិក​ពី UNDP នឹង​ផ្ដោតលើ​ការអនុវត្ត​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ចំពោះ​សកម្មភាព​បរិស្ថាន​ក្នុង​វិស័យ​សំខាន់ៗ​ចំនួន​ ៥​។

លោក​ថ្លែង​បន្ត​ថា វិស័យ​សំខាន់ៗ​ទាំងនោះ​រួមមាន​វិស័យ​ថាមពល សាធារណការ និង​ដឹកជញ្ជូន អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​អប់រំ​។ លោក មាន​ប្រសាសន៍​ថា​៖ «​ការប្រែប្រួល​អាកាសធាតុ​គឺជា​ការគំរាមកំហែង​ដែល​កំពុងតែ​កើតមាន ហើយ​ទាមទារ​ឱ្យ​មាន​ការចាត់​វិធានការ​ប្រកប​ដោយ​មហិច្ឆតា​ឱ្យ​បាន​លឿន​ដើម្បី​ដោះស្រាយ​។

កម្មវិធី CCCA ផ្ដល់​លទ្ធភាព​ឱ្យ​តួអង្គ​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា​ធ្វើការ​អនុវត្ត​សកម្មភាព​បន្ថែម​ដើម្បី​ការពារ​បរិស្ថាន កាត់បន្ថយ​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ពង្រឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ ប្រទេស​ស៊ុយអែត​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​​ចីរភាព​នេះ​»​។

លោក​បន្ថែម​ថា កម្មវិធី CCCA-៣ ក៏មាន​បញ្ចូល​កម្មវិធី​ផ្ដល់​ជំនួយ​សម្រាប់​គម្រោង​ផ្ស៊ាំ​ និង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ដែលមាន​លក្ខណៈ​នវានុវត្តន៍​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់ ក.ជ.អ.ច សម្រាប់​ការសម្របសម្រួល​ជារួម​លើ​ការឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ភាព​ជា​ដៃគូ​ក្នុង​ការស្រាវជ្រាវ​ដើម្បី​ពង្រឹង​ទិន្នន័យ និង​ចំណេះដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ផងដែរ​៕