ភ្នំពេញៈ លោក សូរិយា ស៊ូប៊ែរឌី ប្រេសិតសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្លែងកាលពីម្សិលមិញថា លោកព្រួយបារម្ភដោយសារតែភាសាប្រឆាំង វៀតណាម ដែលបានប្រើដោយគណបក្សប្រឆាំងដើម្បីប្រមូលផ្តុំអ្នកគាំទ្ររបស់ខ្លួន ជាសារដែលលោកបានប្រាប់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក។
ថ្លែងក្នុងសន្និសីទកាសែតពេលបញ្ចប់បេសកកម្មលោក ស៊ូប៊ែរឌី ថ្លែងថា លោកបានប្រាប់មេដឹកនាំគណបក្សសង្គ្រោះជាតិថា ការអត់ឱននិងសុខដុមជាតិសាសន៍មានសារៈសំខាន់ ចំពោះអនាគតរបស់លទិ្ធប្រជាធិបតេយ្យកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំព្រួយបារម្ភដោយសារតែភាសាប្រឆាំង វៀតណាម ដែលប្រើដោយគណបក្សប្រឆាំងជាសាធារណៈ»។
លោក ស៊ូប៊ែរឌី កត់សម្គាល់ចំពោះការវាយប្រហារមកលើហាង វៀតណាម ជាច្រើនកន្លែង ក្នុងអំឡុងពេលប៉ះទង្គិចរវាងកម្មករ ដែលធ្វើកូដកម្មនិងអាជ្ញាធរកាលពីថ្ងៃ ទី៣ ខែ មករា កន្លងទៅ។
លោកបញ្ជាក់ថា៖ «ការផ្សព្វផ្សាយគំនិតផ្អែកលើឧត្តមភាពឬការស្អប់ខ្ពើមនិងការញុះញង់ឲ្យរើសអើងជាតិសាសន៍ ព្រមទាំងអំពើហិង្សា ឬការញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងជាតិសាសន៍ណាមួយដែលពណ៌សម្បុរឬប្រភពជាតិផ្សេង ពុំមានក្នុងសង្គមប្រជាធិបតេយ្យ»។
លោក ស៊ូប៊ែរឌី បន្តថា មេដឹកនាំគណបក្សសង្គ្រោះជាតិបានបដិសេធនៅក្នុងកិច្ចជំនួបថា ខ្លួនមិនចង់មានន័យដូចអ្វីដែលអ្នកដទៃលើកនោះទេ។
លោកថ្លែងថា៖ «ទោះគេសន្មតអ្វីក៏ដោយ ប៉ុន្តែវាមិនមែនជាចេតនារបស់យើងដូចគេមានន័យបែបនោះឡើយ។ ប្រជាជនអាចយល់ផ្សេងពីសេចក្តីថ្លែងនោះ ប៉ុន្តែមេដឹកនាំគណបក្សសង្គ្រោះជាតិបានធានានឹងខ្ញុំថា គេធ្វើការងារនេះ ហើយបានធ្វើរួចហើយក្រោមក្របខ័ណ្ឌលទិ្ធប្រជាធិបតេយ្យ និងគោរពគោលការណ៍អត់ឱននិងសុខដុមជាតិសាសន៍»។
ជនអន្តោប្រវេសន៍ វៀតណាម រស់នៅ និងធ្វើការនៅកម្ពុជា ព្រមទាំងក្រុមហ៊ុនកាន់កាប់ដីសម្បទាន និងការចាប់យកដីធ្លីពីសំណាក់ វៀតណាម ក្លែយជាប្រធានបទនៃសេចក្តីថ្លែងរបស់គណបក្សសង្គ្រោះជាតិ ទាំងមុន និងក្រោយការបោះឆ្នោត។
ក្នុងខែ ធ្នូ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជារិះគន់បក្សប្រឆាំងថា បានប្រើប្រាស់សម្តីប្រឆាំងនឹង វៀតណាម តមកក្នុងសេចក្តីថ្លែងបន្តបន្ទាប់បានយក វៀតណាម មកធ្វើការរិះគន់៕
រាយការណ៍បន្ថែមៈ Daniel Pye