សៀមរាបៈ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាប​បាន​ចោទ​ប្រកាន់​និង​បញ្ជូន​ស្ត្រី​ដែល​តែង​ខ្លួន​ធ្វើ​ប្រុស​ម្នាក់​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កាល​ពី​ថ្ងៃ​ទី ២៣ មីនា​ពាក់ព័ន្ធ​ករណី​ចាក់​សាំង​ដុត​ក្មេង​ប្រុស​ម្នាក់​រឿង​លួច​លុយ ១ ម៉ឺន​រៀល​ប្រព្រឹត្ត​នៅ​ភូមិ​កោក​ក្នាំង ឃុំ​រើល ស្រុក​ពួក​កាល​ពី​ថ្ងៃ ២២ មីនា។

លោក យិន ស្រាង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប​ប្រាប់​កាលពី​ម្សិលមិញ​ថា​ករណី​ជន​សង្ស័យ​ដែល​ថា​ចាក់​សាំង​ដុត​ក្មេង​នោះ​លោក​ចៅក្រម​បាន​ចោទ​ប្រកាន់​និង​សម្រេច​ឃុំ​ខ្លួន​ហើយ។

លោក​បាន​បញ្ជាក់ថា៖ «រឿងនេះ​ចៅក្រម​ចោទប្រកាន់​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​និង​សម្រេច​ឲ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត»។

លោក ហង្ស សុ​ផា​ភារ​ម្យ ប្រធាន​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងកា​រដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ដែរ​ថា​ស្ត្រី​សង្ស័យ ឈ្មោះ តែម មឿត អាយុ ៣៩ ឆ្នាំ។ រីឯ​ក្មេង​ប្រុស​រង​គ្រោះ ឈ្មោះ ពន ប៉ិន អាយុ ៩ ឆ្នាំ ប៉ុន្តែ​ស្ត្រី​នោះ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​សៀមរាប​ចោទ​ប្រកាន់​និង​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ហើយ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ។

លោក​បញ្ជាក់ថា៖ «ជនសង្ស័យរូបនោះ​ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ​ឈ្មោះ ឆែ វីរៈ ជា​អ្នក​ចោទ​ប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​តាម​បញ្ញត្តិ​មាត្រា ៥១៣ នៃ​ក្រម​ព្រហ្មទណ្ឌ»។

បើតាម​មាត្រា​នេះ ប្រសិនបើ​តុលាការ​រកឃើញ​បទល្មើស​មែន​នោះ​ស្ត្រី​សង្ស័យ​រូប​នេះ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ២ ឆ្នាំ​ទៅ ៥ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល​ទៅ ១០ លាន​រៀល។

លោក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​រំឭក​កាលពី​ម្សិលមិញ​ថា រវាង​ជន​សង្ស័យ​និង​កុមារា​រង​គ្រោះ​រស់​នៅ​ក្នុង​ភូមិ-ឃុំ​ជាមួយ​គ្នា​ដោយ​ស្ត្រី​នោះ​ជា​អ្នក​លក់​ចាប់​ហួយ​ហើយ​នៅ​ថ្ងៃ​កើត​ហេតុ​ខណៈ​ជន​សង្ស័យ​កំពុង​លក់​ដូរ​ស្រាប់​តែ​ក្មេង​រង​គ្រោះ​ចូល​លួច​លុយ​បាន ១ ម៉ឺន​រៀល។ តែ​ត្រូវ​ស្ត្រីសង្ស័យ​ចាប់​បាន​ស្ត្រី​នោះ​ក៏​ទាញ​យក​សាំង​ក្នុង​ដប​ទុក​សម្រាប់​លក់​ទៅ​ចាក់​លើ​ក្មេង​រង​គ្រោះ​នោះ​រួច​កេះ​ដែក​កេះ​ដុត​តែម្តង។

លោក​បាន​ប្រាប់​បន្តថា​បន្ទាប់ពី​ដុត​រួច​ស្ត្រី​សង្ស័យ​នោះបាន​រត់គេចខ្លួន។ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ក៏ត្រូវ​សមត្ថកិច្ច​របស់​លោក​តាម​ចាប់​ខ្លួន​បាន​មក​វិញ។ លោក​ថា ក្មេង​រង​គ្រោះ​ឈ្មោះ ពន ប៉ិន កំព្រា​ម្ដាយ តែ​បាន​រស់​នៅ​ជាមួយ​ឪពុក និង​រៀន​នៅ​សាលា​បឋម​សិក្សា​ក្នុង​ភូមិ-ឃុំ ខាង​លើ។

លោក​ថា៖ «ក្មេងប្រុស​រងគ្រោះ​រលាក​ភ្លើង​សាំង​ពី​ត្រឹម​ដើមទ្រូង​ទៅលើ​ដៃ​មួយ​ចំហៀង​ខ្លួន និង​រលាក​ថ្ពាល់​ខាង​ឆ្វេង​ផង​ដែរ។​ប៉ុន្តែ​ពេល​នេះ​របួស​នោះ​បាន​ធូរ​ស្រាល​បន្តិច​ហើយ»៕