ភ្នំពេញៈ ស្ត្រី​កម្ពុជា​ចំនួន​ ៣ ​រូប​ បាន​ជាប់​ជា​បេក្ខជន​ផ្ដាច់ព្រ័ត្រ​សម្រាប់​ពានរង្វាន់​ «​ស្ត្រី​ឆ្នើម​សម្រាប់​អនាគត​អាស៊ីអាគ្នេយ៍​ឆ្នាំ​ ២០២០» ​ដែល​ជា​វេទិកា​នវានុវត្តន៍​ដើម្បី​បង្ហាញ​ពី​ស្ត្រី​អ្នកដឹកនាំ និង​ជា​ថ្នាល​បណ្ដុះ​អ្នកមាន​ទេពកោសល្យ​នៅក្នុង​តំបន់​។

អ្នកស្រី សុខ មួយហ្គេច ស្ថាបនិក​នៃ​ក្រុមហ៊ុន BMK Architects, អ្នកស្រី អាត សុធាវី អ្នកគ្រប់គ្រង​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​នវានុវត្តន៍​នៅ​អង្គការ DAI Global និង​អ្នកស្រី យូ សុធារី ស្ថាបនិក​គេហទំព័រ Next Women Generation គឺជា​ស្ត្រី​ខ្មែរ​ ៣ ​រូប​ ក្នុង​ចំណោម​បេក្ខជន​ចុងក្រោយ​ចំនួន​ ៤៩ ​នាក់​ មកពី​ប្រទេស​ចំនួន​ ១០ ​នៅក្នុង​តំបន់​អាស៊ាន​។ ​អ្នករៀបចំ​កម្មវិធី​បានចាត់ទុក​បេក្ខភាព​ទាំងអស់​ថា ជា​អ្នក​ «​កំពុង​ជួយ​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន និង​ជម្នះ​នូវ​ឧបសគ្គ​នៅក្នុង​វិស័យ​ដែល​ពួកគេ​កំពុង​ធ្វើ​» ។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នករៀបចំ​កម្មវិធី​កាលពី​សប្ដាហ៍​មុន​បាន​ឲ្យ​ដឹងថា​ «​ស្ត្រី​ឆ្នើម​សម្រាប់​អនាគត​អាស៊ីអាគ្នេយ៍​ឆ្នាំ​ ២០២០» ​បាន​លើកឡើង ថា​៖ «​បេក្ខជន​ចុងក្រោយ​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ត្រី​ឆ្នើម​ដែល​មាន​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដោយ​អ្នក​ទាំងនេះ​មាន​ទាំង​ថ្នាក់ដឹកនាំ​នៃ​កងទ័ព​ឥណ្ឌូនេស៊ី​រហូតដល់​អ្នក​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការលើកកម្ពស់​ការយល់ដឹង​បន្ថែម​លើ​វាសនា​ជនភៀសខ្លួន​នៅ​ប្រទេស​ ម៉ាឡេស៊ី​»​។

សេចក្ដីប្រកាស​ព័ត៌មាន​បាន​បន្តថា ស្ត្រី​ទាំង​ ៤៩ ​នាក់​នោះ​ ត្រូវ​បាន​ជ្រើសរើស​តាម​វិស័យ​ចំនួន ១០ ​ពាក់ព័ន្ធ​នឹង​ការងារ​របស់​ពួកគេ ហើយ​ការប្រកាស​ជយលាភី​តាម​វិស័យ​នីមួយៗ​នឹង​ធ្វើ​នៅ​ថ្ងៃទី​ ១៨ ខែ​ មីនា ឆ្នាំ​ ២០២០​។

អ្នកស្រី សុខ មួយហ្គេច ស្ថាបនិក​នៃ​ក្រុមហ៊ុន BMK Architects ដែលជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​ ៣ ​នាក់​ ពី​កម្ពុជា​ត្រូវបាន​ចាត់​ចូល​ក្នុង​វិស័យ​មួយ​ឈ្មោះថា​ «​ទ្រព្យ​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​»​។ បេក្ខជន​នៅក្នុង​វិស័យនេះ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​អ្នក​ដែល​ «​បង្កើត​ពិភពលោក​ដែល​យើង​រស់នៅ​តាមរយៈ​ការងារ​របស់​ពួកគេ​ទាំង​ក្នុង​វិស័យ​ទ្រព្យ​សំណង់ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​»​។

អ្នកស្រី មួយហ្គេច បាន​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ស្ថាបត្យកម្ម​ពី​សាកលវិទ្យាល័យ Nottingham ចក្រភព​អង់គ្លេស​។ អ្នកស្រី​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការដែល​អ្នកស្រី​សម្រេចចិត្ត​ចូលរួម​ក្នុង​កម្មវិធី​នេះ​គឺ​ដោយសារ​មាន​ជំនឿ​ថា អ្នកស្រី​អាចធ្វើ​ឲ្យ​មាន​ភាព​វិជ្ជមាន​ដល់​សង្គម​តាមរយៈ​ការងារ​របស់​អ្នកស្រី​។

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​តាមពិត​ទៅ យើង​មិនមែន​ប្រកួតប្រជែង​ដើម្បី​យកពាន់​រង្វាន់​នោះទេ ខ្ញុំ​ជឿថា​អ្នក​ដែល​ឈ្នះ​ពានរង្វាន់​នេះ​នឹង​ធ្វើឲ្យ​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​ពិភពលោក​ដែល​យើង​រស់នៅ​។ ​ដូច្នេះ​បញ្ហា​សំខាន់​គឺ​នៅត្រង់ថា តើ​អ្នកណា​អាច​ធ្វើឲ្យ​មាន​ឥទ្ធិពល​វិជ្ជមាន និង​រួមចំណែក​ដល់​សង្គម​»​។

យោងតាម​របៀបវារៈ​នៃ​កម្មវិធី​នេះ​បេក្ខជន​ដែល​ជាប់​ចុងក្រោយ​នឹងត្រូវ​ទៅ​ឆ្លើយ​សំណួរ​ផ្ទាល់មាត់​ជាមួយ​អ្នក​ដាក់​ចំណាត់​ថ្នាក់​តាម​វិស័យ​នីមួយៗ​​នៅ​ប្រទេស​សិង្ហបុរី​នា​ចុងខែ​វិច្ឆិកា​នេះ​។

អ្នកស្រី​ មួយហ្គេច បន្តថា​អ្នកស្រី​នឹង​ព្យាយាម​ឲ្យ​អស់​សមត្ថភាព ដើម្បី​ឆ្លើយតប​នឹង​សំណួរ​ដែល​នឹង​លើកឡើង​ដោយ​អ្នក​ដាក់ពិន្ទុ​​ ខណៈ​ដែល​ក្នុង​វិស័យ «​ទ្រព្យសំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​» ​នេះ​មាន​សុទ្ធតែ​ស្ត្រី​ឆ្នើមៗ​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​អ្វីដែល​សំខាន់​គឺថា​តើ​យើង​រួមចំណែក​អ្វីខ្លះ​ដល់​សង្គម​ដើម្បី​ធ្វើឲ្យ​ស្ត្រី​ផ្សេងទៀត​ចូលរួម​ក្នុង​សង្គម ជាពិសេស​ការតស៊ូ​លើ​ផ្នត់គំនិត​ (​អវិជ្ជមាន​) ​មួយ​ចំនួន​ទម្លាប់​ (​មិន​ល្អ​) ​ក្នុង​សង្គម​ និង​ធ្វើឲ្យ​សំឡេង​របស់​យើង​ត្រូវបាន​គេ​ឮ​»​។

កាលពី​ឆ្នាំ​មុន​តារាចម្រៀង និង​ជា​អ្នកនិពន្ធ​បទចម្រៀង ឡូរ៉ា ម៉ម ដែល​ជា​ស្ថាបនិក​ផលិតកម្ម​បារមី គឺជា​អ្នក​ទទួល​បាន​ជយលាភី​សម្រាប់​វិស័យ «​សិល្បៈ និង​វប្បធម៌​» ហើយ​នៅ​ឆ្នាំ​នេះ អ្នកនាង ម៉ៅ គន្ធា ស្ថាបនិក​ក្រុមហ៊ុន​ «​តស៊ូ​» ទទួល​ជយលាភី​សម្រាប់​វិស័យ «​សហគ្រិន​សង្គម​»៕