សៀមរាបៈ ស្ត្រី​សង្ស័​យ​ម្នាក់​ត្រូវ​បាន​ស​មត្ថ​កិ​ច្ច​ក​ងរា​ជ​អា​វុធ​ហ​ត្ថ​ខេត្ត​សៀ​ម​រាប​ប​ញ្ជូន​ទៅ​សា​លាដំ​បូង​ខេត្ត​ពី​ម្សិ​លមិញ​បន្ទាប់​ពីឃា​ត់​ខ្លួ​ន​រឿងកា​ប់​ប្ដី​ជាម​ន្ត្រី​​យោធា​នៅ​វរ​សេនា​តូច​បញ្ជូន​សារ​កង​ពល​ធំ​អន្តរា​គមន៍​លេខ​ ២ ​ខេត្ដ​សៀមរាប​ បណ្ដាល ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ដោយ​សារ​ជម្លោះ​ក្នុង​គ្រួសារ​កាល​ពី​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ។ ​

លោក កែវ សារិន មេប​ញ្ជាការ​រងកង​រាជ​អាវុ​ធ​ហត្ថស្រុក​បន្ទាយ​ស្រីបា​ន​ប្រាប់កាល​ពីម្សិ​ល​មិញ​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ភូមិស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។

លោក​បាន​ឲ្យ​ដឹង​​​ថា ​មូល​ហេតុ​បណ្តាល​ឲ្យ​មាន​អំពើ​ហិ​ង្សាកើ​ត​ឡើ​ងគឺដំ​បូង​ដោយ​សារ​ប្រពន្ធ​សុំ​លែង​លះ​ តែបុ​រស​រង​គ្រោះ​ជាប្តី​មិន​ព្រម ក៏ទាស់​សម្តី​គ្នាហើយកើត​ជា​អំពើ​ហិង្សារហូត​ដល់​ប្រពន្ធ​យក​កាំបិតបុ័ងតោ​​មក​កាប់​ប្តីចំ​ភ្លៅ​ខាង​ឆ្វេងបណ្ដាល​ឲ្យ​​​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ខេត្ដ​សៀមរាប។

លោក សារិន​ បាន​ឲ្យ​ដឹង​ថា​៖ «ករណី​នេះ កើត​ឡើង​តាំង​ពី​ម៉ោង​ប្រហែល​ ២ ​រសៀល ​ថ្ងៃ​អាទិត្យ។ ពេល​កើត​ហេតុ​មិនមាន​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ទេ គឺមាន​តែ​ជន​រង​គ្រោះ និង​ ប្រ​ពន្ធ​តែ​ម្ដង​»។

ទោះ​បីយ៉ាង​ណា​ លោក​ កែវ ​សារិន​ បាន​បញ្ជា​ក់ថា ​ស្ត្រី​ជា​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ​កង​រាជ​អាវុធ​ហត្ថខេ​ត្ត​បញ្ជូន​ទៅ​តុលា​កា​រហើយ​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​កង​រាជ​អា​វុធ​ហ​ត្ថ​ស្រុ​កចាប់ប​ញ្ជូ​ន​បន្ត​ទៅខេ​ត្ត​​រួចមក។

លោក​ថា៖ «ជន​សង្ស័យ​សមត្ថ​កិច្ច​ខេត្ត​យើង​បញ្ចូន​ទៅ​ដល់​សាលា​ដំបូង​ខេត្ដ​ហើយ​។ ករណី​នេះជាអំពើហិង្សាដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​។ជន​រងគ្រោះ​ជា​ពល​ទាហាន​ធម្មតា​ទេ»។

បើតាម​លោក សារិន ជន​រងគ្រោះ​ជា​ប្ដី​ដែល​ស្លាប់​​នោះ ឈ្មោះ ឆេង ប្រុស អាយុ​ ២៤ ​ឆ្នាំ ជា​មន្ត្រី​យោធា​នៅវ​រសេនាតូចបញ្ជូនសារ កង​ពល​ធំ​អន្ត​រាគម​ន៍លេខ​ ២ ​។ ចំណែក​ស្រ្តីស​ង្ស័យជា​ប្រ​ព​ន្ធ ​មា​នឈ្មោះ ​បេង សុខលាភ ​អាយុ​ ១៩ ​ឆ្នាំ។

លោក​បញ្ជាក់​ថា​៖ «ជន​រង​គ្រោះ​ត្រូវ​ប្រពន្ធ​កាប់​ត្រូវ​ចំភ្លៅ​ជើង​ខាង​ឆ្វេង​រួច​ក៏​បញ្ជូន​ទៅម​ន្ទីរពេទ្យ​​ខេត្ដ​ តែ​ដោយ​សារ​ស្នាម​របួស​ធំ​ពេក​ ហើយ​ឈាម​ហូរ​ខ្សោះ​អស់​ទើប​គ្រូ​ពេទ្យ​ជួយ​មិន​ទាន់​ក៏​​បណ្ដាល​ឲ្យ​ស្លាប់​។ ឥឡូវ​យើង​រៀប​ចំធ្វើ​បុណ្យ​ឲ្យ​គាត់​នៅ​ក្នុង​បន្ទាយ​តែ​ម្ដង​​»៕