ភ្នំ​ពេញៈ ​លោក​ ​កុយ​ ​គួង​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស ​និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា ​ស្រ្តី​ខ្មែរ​ដែល​​បាន​ប្រកាស​​ឱ្យ​លោក​នាយក​មន្រ្តី​ជួយ​អន្ត​រាគមន៍​ពី​ប្រទេស​ចិន​ បាន​វិល​ត្រឡប់​មក​​ដល់​​អាកាស​យាន្ដ​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ដោយ​សុវត្ថិ​ភាព​។​ លោ​ក​ ​ថ្លែង​ថា​៖​ ​«​ដូច្នេះ​គាត់​អាច​មក​ដល់​ភ្នំ​ពេញ​ហើយ​ពេល​នេះ​»​។​

យោង​តាម​សេច​ក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កាល​ពី​សប្តាហ៍​មុន​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា ​ប្រ​ចាំ​ទី​ក្រុង​សៀង​ហៃ​ ប្រទេស​ចិន បាន​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ចិន​ ​អន្ត​រាគមន៍​ជួយ​នារី​ខ្មែ​រ​ម្នាក់​ឈ្មោះ ​សែម​ ​ស្រី​ពេជ្រ ស្នាក់​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​ ​ដែល​មាន​បំណង​ត្រ​ឡប់​មក​កម្ពុជា​វិញ​ ​ដោយ​សារ​មិន​អាច​រស់​នៅ​ចុះ​សម្រុង​ជា​មួយ​ប្តី​របស់​នាង​បាន។​ ​

ស្ថាន​អគ្គ​កុង​ស៊ុល​បាន​ចេញ​លិខិត​បើក​ផ្លូវ​ដល់​រូប​នាង​ ហើយ​ប៉ូលីស​ចិន​ក៏​បាន​យល់​ព្រម​នឹង​ប្រ​គល់​ទិដ្ឋា​ការ​ជូន​នៅ​ថ្ងៃ​ទី​​​ ២១​ ​ខែ​ តុលា​ ឆ្នាំ​ ២០២០​ តាម​សំណើរ​បស់​ស្ថាន​អគ្គ​កុង​ស៊ុល​ ​អង្គ​ការ​សម្ព័ន្ធ​ចាប់​ដៃ​កម្ពុជា​នៅ​ភ្នំ​ពេញ​ ​បាន​យល់​ព្រម​ជួយ​ចេញ​សំបុត្រ​យន្ត​ហោះ​ដល់​នាង​។​

ស្ថាន​អគ្គ​កុង​ស៊ុល​ ​ក៏​បាន​ឧបត្ថម្ភ​ថ្លៃ​ហូប​ចុក​ ​ថ្លៃ​សំបុត្រ​រថ​ភ្លើង​ ​(​ពីទី​ក្រុង​វិន​ចូវ​ ម​ក​សៀង​ហៃ)​ ថ្លៃ​ពិនិត្យ​ស្វែង​រក​មេរោគ​កូវី​ដ​​ ១៩​ ​ដែល​សរុប​ជា​ទឹក​ប្រាក់​ ៥០០​ ដុល្លារ​អាមេ​រិក​ ជូន​ដល់​នាង​ផង​ដែរ​។

លោក​ ​កុយ​ គួង ​បញ្ជាក់​ថា​រាជ​រដ្ឋាភិ​បាល​បាន​សង្គ្រោះ​ស្រ្តី​រង​គ្រោះ​ពី​ប្រ​ទេស​ចិន​ បាន​ចំ​នួន​ ៧៥​ នាក់​ ក្នុង​រយៈ​ពេល​ ៩ ខែ​ ​ឆ្នាំ ​២០​២០​។​

លោក​ស្រី ​ជូ ​ប៊ុន​អេង​ ​រដ្ឋ​លេខា​ធិការ​ក្រ​សួង​មហា​ផ្ទៃ ​និង​ជា​អនុ​ប្រធាន​អចិ​ន្ត្រៃយ៍​ នៃ​គណៈ​កម្មា​ធិការ​ជាតិ​ប្រ​យុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តី​ពី​សេវា​គាំ​ទ្រ​ជន​រង​គ្រោះ ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​កាល​ពី​ថ្ងៃ​ពុធ ​ទី ២១​ ខែ​តុលា​ ​ដោយ​​អំពាវ​នាវ​ទៅ​ដល់​ស្រ្តី​ខ្មែរ​ត្រូវ​ធ្វើការ​ពិចារ​ណា​ក្នុង​ការ​ជ្រើស​រើស​ប្តី​ជា​ជន​ជាតិ​បរ​ទេស​ ដើម្បី​ចៀស​វាង​ការ​ចាញ់​បោក​គេ​ដោយ​សារភាព​មាន​បាន​ពី​អាពាហ៍​ពិពាហ៍​នៅ​ក្រៅប្រ​ទេស​។​

លោក​ស្រី​បាន​មាន​ប្រ​សាសន៍​ថា៖​ ​«​យើង​គួរ​តែ​ទប់​ស្មារ​តី​ដើម្បី​កុំ​ឱ្យ​ចាញ់​បោក​គេ ​សុំកុំចេះ​តែ​ប្រថុយ​ប្រថាន​ហើយ​ត្រូវ​ចេះ​រៀន​រស់​ក្នុង​ស្រុក​ រៀន​រស់​នៅ​ក្នុង​ស្ថាន​ភាព​មួយ​ល្អ​ប្រសើរ​ដូច​គេដូច​ឯង​។​ ​មា​ន​មនុស្ស​រាប់​លាន​នាក់​អាច​រស់​នៅ​បាន​ ​តើ​ហេតុ​អី​យើង​រស់​នៅទី​នេះ​មិន​បាន​»​។​

លោក​ស្រី​បាន​បញ្ជាក់​ថា ​មិន​មាន​ការ​ហាម​ឃាត់​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ ​ប្រ​សិន​បើ​ក្នុង​ករណី​មាន​សុវត្ថិ​ភាព​ ប៉ុន្តែ​បើ​ពួក​គាត់​យល់​ថា ​ចេញ​ទៅ​ហើយ​ចាញ់​បោក​គេ​ ហើយ​គ្មាន​សុវត្ថិ​ភាព​គួរ​តែ​ទប់​ស្កាត់​ចិត្ត​ខ្លួន​ឯង​ ដើ​ម្បី​កុំ​ឱ្យ​ចាញ់​បោក​គេ​បន្ត​ទៀត​។​

លោក​ស្រី​ ​ជូ​ ​ប៊ុន​អេង​ បាន​ថ្លែង​ថា៖​ ​«​ពេល​ចាញ់​បោក​គេ​ គឺ​យើង​ខាត​ពេល​វេលា ​ខាត​ទ្រព្យ​សម្បតិ្ត​ ខាត​សេច​ក្តី​ថ្លៃ​ថ្នូរ​ ​និង​កិត្តិ​យស​ ​ហើយ​ពេល​ខ្លះ​គេ​សង្គ្រោះ​បាន​ក៏​ល្អ​ ពេល​គេ​សង្គ្រោះ​មិ​ន​បាន យើង​នឹង​ជួប​វិបត្តិ​មួយ​ជីវិ​ត​»​៕​​