ភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរ អាយុ ៧២ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតកាលពីរសៀលថ្ងៃទី០៣ ខែមេសា ម្សិលមិញនេះ ដោយសារជំងឺកូវីដ១៩ ដែលធ្វើឱ្យករណីស្លាប់ដោយជំងឺនេះ បានកើនឡើងដល់ចំនួន ២០ នាក់ហើយ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃអាទិត្យនេះបានឱ្យដឹងថា តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្រ្តីដែលស្លាប់នេះ រស់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក្រោយពេលគាត់ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះកាលពីព្រឹកថ្ងៃទី០២ ខែមេសា។

ក្រសួងបានបន្តថា ស្ត្រីខាងលើនេះមានស្ថានភាពហត់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យយកអ្នកជំងឺទៅសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងបានយកសំណាកទៅវិភាគភ្លាមៗ។ រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ហើយក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។

ប្រភពដដែលថា ៖ «លទ្ធផលពិនិត្យសំណាករបស់ គាត់ដែលទទួលបានពីមន្ទីរពិសោធន៍ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បញ្ជាក់ថាមានវិជ្ជមានវីរុសកូវីដ១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យស្ត្រីនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ១៩»៕