ភ្នំពេញៈ ក្រសួងសុខាភិបាល​បានប្រកាស​ពី​ការរកឃើញ​ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​ ៤២ ​ឆ្នាំ​ ដែលជា​ពលករ​មកពី​ប្រទេស​ថៃ​ ១ ​រូប ​តេស្ត​វត្ថុ​សំណាក​របស់គាត់​លើក​ទី​៤ ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូវីដ​ ១៩​។ ជាមួយ​គ្នា​នេះដែរ ពលករ​ខ្មែរ​ ៤ ​នាក់ និង​អ្នកដំណើរ​ម្នាក់​បាន​ព្យាបាល​ជាសះស្បើយ​កាលពី​ថ្ងៃទី​ ២៧ ខែ​ មករា ឆ្នាំ​ ២០២១​។ ​

របាយការណ៍​របស់​ក្រសួងសុខាភិបាល​បានឱ្យ​ដឹងថា ពលករ​រូបនេះ​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១២ ខែ​មករា ហើយ​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​៤ របស់​ស្ត្រី​រូបនេះ​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​នេះ​ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បន្ទាយមានជ័យ​។

លោក​ លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ថា ស្ថានភាព​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ​ចូល​មកក្នុង​ប្រទេស​កម្ពុជា​តាម​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​គឺ​នៅតែមាន​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ ហើយ​អាជ្ញាធរ​នៅតែ​បន្ត​ការត្រួតពិនិត្យ​សុខភាព និង​បញ្ជូន​ពួកគាត់​ទៅ​ធ្វើ​ចត្តាឡីស័ក​តាម​មណ្ឌល​នានា​ក្នុង​ខេត្ត​ដែលមាន​ចំនួន​ ១៧ ​កន្លែង​ផងដែរ​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​ខេត្ត​របស់​យើង​បាន​បង្កលក្ខណៈ​បាន​យ៉ាង​ល្អ​ទៅដល់​ពលករ​ខ្មែរ​ទាំង​អស់ទាំង​ការពិនិត្យ ការ​បញ្ជូន​ទៅ​ស្នាក់នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក និង​ការព្យាបាល​អ្នកជំងឺ​ដែល​បាន​រកឃើញ​មាន​វិជ្ជមាន​កូវីដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដោយ​យើង​បាន​ប្រើប្រាស់​កម្លាំង​សរុប​ទាំងអស់​នៅក្នុង​ខេត្ត​»​។

លោក​ លី សារី ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ទៅដល់​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បានរួម​សហការ​គ្នា​ដែលជា​វីរភាព​មួយ​ដើម្បី​ខ្មែរ​ជួយ​ខ្មែរ​។

សម្រាប់​ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ តាម​ខេត្ត​បន្ទាយមានជ័យ​ហើយ​បាន​បំពេញ​នូវ​ការធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​ត្រឹមត្រូវ​តាម​វិធានការ​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ២៨ ខែមករា បានបញ្ចប់​ចត្តាឡីស័ក​ជាង​ ៣ ០០០ ​នាក់​ ហើយ​ពលករ​ប្រមាណ​ជា​ ៣ ០០០ ​នាក់​ផ្សេងទៀត​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅតាម​មណ្ឌល​នានា​ក្នុង​ខេត្ត​នេះ​ផងដែរ​។

យោងតាម​របាយការណ៍​ស្តីពី​សភាពការណ៍​ទូទៅ​ និង​ការគ្រប់គ្រង​កូវីដ​១៩​ក្នុង​ខេត្ត​បាត់ដំបង​នា​ថ្ងៃទី​ ២៧ ខែ មករា ឆ្នាំ​ ២០២១ ​បាន​ឱ្យ​ដឹងថា ពលករ​ខ្មែរ​ដែល​បាន​បញ្ចប់​ចត្តាឡីស័ក​ និង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​សរុប​ចំនួន ២ ៣០៧ ​នាក់ និង​ពលករ​ដែល​នៅសល់​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ខេត្ត​បាត់ដំបង​សរុប​ចំនួន ​៩៥៦ ​នាក់​។ សម្រាប់​ខេត្តបាត់ដំបង​មាន​មណ្ឌល​ចត្តាឡីស័ក​សរុប​ ១១ ​មណ្ឌល រួមមាន​ស្រុក​កំរៀង សំពៅ​លូន ភ្នំព្រឹក បវេល ថ្មគោល សំឡូត ឯក​ភ្នំ បាណន់ មន្ទីរពេទ្យ​បង្អែក​ខេត្ត រតនមណ្ឌល និង​ស្រុក​មោងឫស្សី​។

នៅ​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២១ មាន​ករណី​អ្នកជំងឺ​កូវីដ​ ១៩ ជាសះស្បើយ​ចំនួន​ ៥ ​នាក់​ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន​ ៤ ​នាក់ និង​អ្នកដំណើរ​ចូលមក​កម្ពុជា​ចំនួន​ ១ ​នាក់​។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​នេះ កម្ពុជា​មាន​អ្នកមាន​វីរុស​កូវីដ​-១៩​ចំនួន​ ៤៦១ ​នាក់ ក្នុង​នោះ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៤២៨ ​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​ ៣៣ ​នាក់​ក្នុង​នោះ​មាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង​ និង​ហង់សិន​ចំនួន​ ៧ ​នាក់​។

មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ចំនួន​ ១ ​នាក់ មន្ទីរពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ​ចំនួន​ ១៦ ​នាក់ មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ចំនួន​ ៥ ​នាក់ មន្ទីរពេទ្យបង្អែក​ខេត្ត​ឧត្តរមានជ័យ​ចំនួន​ ២ ​នាក់ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ចំនួន​ ១ ​នាក់ និង​មណ្ឌល​សុខភាព​ចាក់អង្រែ​ចំនួន​ ១ ​នាក់​។

ដោយឡែក​យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​ឱ្យ​ដឹង​ផងដែរ​ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​ ២៨ ខែមករា មាន​មន្ត្រីជាន់ខ្ពស់​ និង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ចំនួន ៣៥៤ ​រូប​ បាន​បរិច្ចាគ​ប្រាក់បៀវត្សរ៍​របស់ខ្លួន​ជូន​ដល់​ក្រសួង​សុខាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​​កូវីដ​ ១៩ ជំហាន​ទី​២​។

គួរបញ្ជាក់​ផងដែរ​ថា ការបរិច្ចាគ​ប្រាក់បៀវត្សរ៍​នេះ​ធ្វើឡើង​ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​របស់លោក​ទាំងអស់​បន្ទាប់ពី​កាត់ពន្ធ​ហើយ​ចំនួន​ ៧ ​ខែ ដែល​សរុប​ជាង​ ៦៣ ​លាន​រៀល​ទៅ​ដល់​ក្រសួងសុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​​កូវីដ ​១៩៕