ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ នេះ បានប្រកាសពីករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ទៀតដែលកើតឡើងលើស្រ្តីជនជាតិខ្មែរ ដែលទើបតែមាន អាយុ ២៨ ឆ្នាំប៉ុណ្ណោះ។

យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីរូបនេះរស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ ១៩ នារសៀលថ្ងៃនេះ។

ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយគាត់ក៏ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃដដែលនោះដែរ។

អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូងដោយសារគាត់មានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែមប្រភេទ១ ជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលឱ្យអ្នកជំងឺនេះធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។

ក្រសួងសុខាភិបាលថា ៖ «ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះព្យាបាលតាមបច្ចេកទេស ដោយរួមផ្សំការប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមផងនោះ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបានឡើយ»។

ប្រភពដដែលបានបន្ថែមថា ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យស្ត្រីនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារកូវីដ១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ និងជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរ ដំណាក់កាលចុងក្រោយ។

គិតត្រឹមយប់ថ្ងៃពុធទី៣១ ខែមីនា នេះ មានមនុស្សចំនួន ១៣ នាក់ហើយត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕