ស្ត្រី​ជន​ជាតិ​ខ្មែរម្នាក់​អាយុ ៣៩​ ឆ្នាំ និង​កូន​ប្រុស​អាយុ​ ១២​ ឆ្នាំ រស់​នៅ​ក្រុង​សៀម​រាប ត្រូវ​បាន​រក​ឃើញ​វិជ្ជ​មាន​ជំងឺកូវីដ​ ១៩ ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​​នេះ​ ដែល​ត្រូវ​បាន​រក​ឃើញ​​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ ១០៩​ នាក់ ដែល​ក្នុង​ចំណោម​នេះ អ្នក​ដែល​ត្រូវ​បាន​ព្យា​បាល​ជា​សះ​ស្បើយ​ចំនួន​ ២៣ ​នាក់។ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ដែល​ទើប​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ៣១ ​ខែ ​មីនា ​ឆ្នាំ ​២០២០។

ស្ត្រី​ជា​ម្តាយ​និង​កូន​ដែល​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺកូវីដ​ ១៩ ​នេះ គឺ​ជា​ភរិយា​និង​កូន​របស់​បុរស​អាយុ​ ៤០ ​ឆ្នាំ ដែល​មាន​វីរុស​កូវីដ​ ១៩ កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​សៀម​រាប ហើយ​បុរស​រូប​នេះ​គឺ​ជា​អ្នក​ដែលបាន​​វិល​ត្រឡប់​មក​ពី​ពិធី​សាសនា នៅ​ប្រទេស​ ម៉ា​ឡេស៊ី។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា បុគ្គល​ទាំង​ពីរ​នាក់​ម្តាយ​នឹង​កូន ​ត្រូវ​បាន​ដាក់​ឲ្យ​​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​សៀម​រាប​។ រី​ឯ​កូន​ពីរ​នាក់​ទៀត និង​ឪពុក​​របស់​គ្រួសារ​នេះ​ មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​។

មក​ដល់​ពេល​នេះ អ្នក​ដែល​កំពុង​សម្រាក​ព្យា​បាល​សរុប​មានចំនួន ៨៦​ នាក់ (ស្ត្រី​ ២៨​ នាក់ និង​បុរស​ ៥៨ ​នាក់​) នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត៕