ភ្នំពេញៈ ស្ត្រី​ជាប់ចោទ​ដែល​យក​ស្បែកជើង​គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​ ២០១៧ និង​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​ពី​ប្រទេស​ ថៃ​ ក្នុង​សវនាការ​ពី​ម្សិលមិញ​បាន​សុំ​តុលាការ​កំពូល​បន្ថយទោស ១ ​បទចោទ​ក្នុងចំណោម​បទចោទ​ ២ ​ករណី​ ដែល​បទ​ចោទ​នីមួយៗ​មាន​រយៈពេល​ ២ ​ឆ្នាំ​។

កំណត់ហេតុ​លោក​ចៅក្រម​ ស៊ឹង បញ្ញាវុឍ្ឍ អាន​នៅ​ចំពោះ​មុខ​ស្ត្រី​ជាប់​ចោទថា សំណុំ​រឿងនេះ​មាន​ស្ត្រី​ជាប់ចោទ​ឈ្មោះ​ សំ សុខា អាយុ​ ៣៨ ​ឆ្នាំ ​ជា​កម្មករ​កាត់ដេរ​មាន​ទីលំនៅ​ភូមិ​ត្រស់​សាលាក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​ដោយ​កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​ ២០១៧ បាន​យក​ស្បែកជើង​គប់​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រព្រឹត្ត​នៅ​ភូមិ​ អុង ឃុំរាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

លោក​អាន​កំណត់ហេតុ​បន្តថា​ក្រោយពី​បង្កហេតុ​សមត្ថកិច្ច​នគរបាល​បាន​ស្វែងរក​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ហើយ​ស្ត្រី​ជាប់ចោទ​បាន​រត់​ទៅ​លាក់ខ្លួន​នៅ​ប្រទេស​ថៃ​។ អំឡុងពេល​គេចខ្លួន​ក្នុង​ប្រទេស​ថៃ ស្ត្រី​ជាប់ចោទ​បាន​បង្ហោះ​សារ​ដែល​មានន័យ​រិះគន់​ដល់​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ក្រោយមក​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​ក្នុង​អំឡុង​ឆ្នាំ​ ២០១៧​។

បើ​តាម​ស្ត្រី​ជាប់ចោទ​ប្រាប់​ចៅក្រម​ក្នុង​អង្គសវនាការ​ថា នាង​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បើក​សវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១៩ ខែ មករា ឆ្នាំ​ ២០១៧​។ តុលាការ​ចោទ​នាង​ចំនួន​ ២ ​បទចោទ និង​ផ្តន្ទាទោស​នាង​ដាក់ពន្ធនាគារ​ ២ ​ឆ្នាំ និង​ពិន័យ​ ៥ ​លាន​រៀល​ ដោយ​ចោទ​ពី​បទជេរប្រមាថ​ជា​សាធារណៈ និង​បទញុះញង់​ឲ្យ​មាន​ការរើសអើង​តាម​មាត្រា​ ៥០២, ៤៩៤, ៤៩៦ ​នៃ​ក្រមព្រហ្មទណ្ឌ​។ ក្នុង​បទចោទ​ទាំង​ ២ ​នេះ​នាង​បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ ប៉ុន្តែ​ត្រូវ​សាលាឧទ្ធរណ៍​ប្រកាស​សាល​ដីកាស​ម្រេច​តម្កល់​ទោស​ដដែល​។

ស្ត្រី​ជាប់ចោទ​ប្រាប់​តុលាការ​ថា​៖ «​ពេល​ខ្ញុំ​យក​ស្បែកជើង​គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ពេលនោះ​ឪពុក​ខ្ញុំ​ទើប​ស្លាប់ ហើយ​ខ្ញុំ​ក៏​បាត់បង់​ការងារ​ធ្វើ​ទៀត​។ ខ្ញុំ​សុំ​តុលាការ​កំពូល​ជួយ​បន្ថយទោស​ដល់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ដឹង កំហុស​ហើយ​។ ខ្ញុំ​គ្មាន​លទ្ធភាព​សង​រដ្ឋ​នូវ​ប្រាក់​ពិន័យ​ ១០ ​លាន​រៀល​ទេ​»​។ ទោះយ៉ាងណា ស្ត្រី​ជាប់ចោទ​មិន​បាន​បញ្ជាក់​ច្បាស់​អំពី​ការសុំ​ឲ្យ​តុលាការ​កំពូល​បន្ថយទោស​សម្រាប់​នាង​កម្រិតណា​នោះទេ​។

លោក នៅ មុនីជោត តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ស្ត្រី​ជាប់ចោទ​បាន​ជាប់​ ២ ​បទល្មើស​ហើយ​ក្នុង​ ១ ​បទ​ចោទ​ គឺ​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ២ ​ឆ្នាំ និង​ពិន័យ​ប្រាក់​ ៥ ​លាន​រៀល​។ ប៉ុន្តែ​គាត់​បាន​សុំ​បន្ថយទោស​តែ​ ១ ​បទចោទ​ទេ គឺ​ករណី​បង្ហោះ​សារ ជេរប្រមាថ​ដល់​ថ្នាក់ដឹកនាំ​កម្ពុជា​។

លោក​សន្និដ្ឋានថា​៖ «​ហេតុដូច្នេះ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា​តាម​ច្បាប់​អំពី​ការស្នើសុំ​របស់​ជនជាប់ចោទ​»​។

លោក​ ឡោ ជុនធី មេធាវី​ស្ត្រី​ជាប់ចោទ​ សំ សុខា សន្និដ្ឋាន​ថា​កូនក្តី​របស់​លោក​បាន​ទទួលស្គាល់​កំហុស​ហើយ​។ ព្រោះ​គាត់​ថា​កាលពី​នៅ​ប្រទេស​ថៃ គេ​បាន​បង្កើត​អាខោន​ឲ្យ​គាត់​ប្រើ​ដោយ​មាន​ការជេរ​ដែល​ប៉ះពាល់​ដល់​រដ្ឋាភិបាល​កម្ពុជា​។ គាត់​ដើរ​មិនទាន់​បច្ចេកវិទ្យា​ទំនើប​នេះ ចេះ​តែ​ប្រើ​ដោយ​មិន​យល់​ពី​ច្បាប់​។

លោក​បន្តថា ម្យ៉ាង​កូនក្តី​របស់​លោក​នៅក្នុង​ពន្ធនាគារ​បាន​សរសេរ​លិខិត​សុំទោស​ដល់​ថ្នាក់ដឹកនាំ​កម្ពុជា​ជា​សាធារណៈ​ចំពោះ​ទង្វើ​ខុសឆ្គង​របស់​គាត់​ទាំង​ ២ ​បទល្មើស​នោះ​ហើយ​ដែរ​។ ចំពោះ​បទ​ចោទ​ទី​ ១ ​ដែល​ត្រូវ​ជាប់ពន្ធនាគារ​ ២ ​ឆ្នាំ​នោះ គឺ​នៅ​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ នឹងត្រូវ​ផុតកំណត់​ទោស​ហើយ​។ រីឯ​បទចោទ​ទី​ ២ ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​គឺ​គាត់​សុំ​តុលាការ​បន្ថយទោស​ដល់​គាត់​។

លោក​មេធាវី​ថា​៖ «​ខ្ញុំ​សុំ​ដល់​តុលាការ​កំពូល​មេត្តា​បន្ថយទោស​តាម​ការស្នើសុំ​របស់គាត់​ផង​»​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម គង់ ស្រ៊ីម ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែងថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ២២ មករា​៕