ភ្នំពេញៈ ក្រោយពី​បើក​ការជំនុំជម្រះ​កាលពី​ដើម​ខែ​មិថុនា​ សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ជាប់​ពន្ធនាគារ​ ១១ ​ឆ្នាំ​ និង​កូន​ជាប់​ពន្ធនាគារ​ ១០ ​ឆ្នាំ​ក្នុង​សំណុំរឿង​ឃាតកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០១៩​។

នៅក្នុង​បន្ទប់​សវនាការ​កាលពី​ថ្ងៃ​ទី​ ៩ ខែ​មិថុនា ស្ត្រី​ជាប់ចោទ​ជា​ម្ដាយ​ឈ្មោះ គង់ ធីតា អាយុ ៤៧ ​ឆ្នាំ និង​កូនស្រី​ឈ្មោះ ង៉ូវ សុម៉ារី អាយុ ២០ ​ឆ្នាំ រួមទាំង​មេធាវី​ជនជាប់ចោទ​បាន​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស​ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​។

ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​លោក​ចៅក្រម អ៊ិន វ៉ាន់វិបុល ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​នៅ​ចំពោះមុខ​ជន​ជាប់ចោទ ដោយ​បាន​អះអាង​តាមរយៈ​អង្គហេតុ​បង្ហាញ​ថា ពួកគេ​ធ្វើ​សកម្មភាព​លើ​ជនរងគ្រោះ​មាន​លក្ខណៈ​សាហាវ ដូច្នេះ​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ម្នាក់ៗ​ពី​ ១០ ​ឆ្នាំ​ទៅ​ ១១ ​ឆ្នាំ​នេះ​គឺ​សមរម្យ​ហើយ​។

ស្ត្រី​ជាប់ចោទ​ជា​ម្តាយ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា​នឹង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្តទៀត​ព្រោះ​ឧទ្ធរណ៍​បើក​សិទ្ធិ​ឲ្យ​ ១ ​ខែ​ដើម្បី​ប្តឹង​ទៀត​។ ​លោក​ចៅក្រម​បាន​ឲ្យ​ដឹង​ដោយ​យោងតាម​កំណត់ហេតុ​ស្ត្រី​ជាប់ចោទ​ទាំង​ ២ ​បាន​រួមគ្នា​សម្លាប់​បុរស​ម្នាក់​ដែល​ជា​កូនប្រសា​ និង​ប្ដី​។

លោកចៅក្រមថ្លែង​ថា ​សំណុំ​រឿង​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៣ ខែ​ធ្នូ​ឆ្នាំ​ ២០១៩ ផ្តន្ទាទោស​ស្ត្រី​ឈ្មោះ គង់ ធីតា ដាក់​ពន្ធនាគារ ១១ ​ឆ្នាំ​។ រីឯ​ស្ត្រី​ជា​កូន​ដាក់​ពន្ធនាគារ​ ១០ ​ឆ្នាំ​ចោទ​បទ​ឃាតកម្ម​តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​ឲ្យ​សង​គ្រួសារ​ជនរងគ្រោះ ២០០ លាន​រៀល​៕