ភ្នំពេញៈ ស្ត្រីជាមន្ត្រីយោធាជើងអាកាសម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការម្សិលមិញ ពាក់ព័ន្ធករណីឆបោកលុយជាង ១២ ម៉ឺនដុល្លារអាមេរិក ពីជនរងគ្រោះជាថ្នូរនឹងការសន្យាជួយឱ្យមានតួនាទីជាមន្រ្តីយោធាក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ខណៈបុរសម្នាក់ក៏ត្រូវបានចាប់បញ្ជូនទៅតុលាការដូចគ្នា ករណីយកឈ្មោះថា្នក់ដឹកនាំដើរបោកប្រាស់ពលរដ្ឋថាយកទៅរត់ការចូលបម្រើការនៅតាមក្រសួង។
តាមដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩ ដោយលោក ខៀវ ផល្លា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ករណីឆបោកលុយជាង ១២ ម៉ឺនដុល្លារ មានឈ្មោះ ម៉ី ផានិត អាយុ ៤៤ ឆ្នាំ មានតួនាទីជាជំនួយការសម្ភារនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានលំនៅផ្ទះលេខ ១០៣ ផ្លូវលេខ ៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដីកាដដែលនោះ បានបញ្ជាឲ្យជនសង្ស័យរូបនេះ ចូលខ្លួននៅតុលាការឲ្យបានមុនថ្ងៃទី ១៥ ខែ សីហា ដើម្បីសាកសួរលើបណ្តឹងរបស់ឈ្មោះ សែម ស៊ីថា ភេទប្រុស អាយុ ៥៣ ឆ្នាំ ពីបទឆបោក។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍ ថាសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅតុលាការ កាលពីថ្ងៃចន្ទ ដើម្បីបន្តនីតិវិធី។ លោកបន្ថែមថា ការឃាត់ខ្លួនស្ត្រីរូបនេះ គឺយោងទៅតាមដីការបស់តុលាការ។
លោកបញ្ជាក់ថា៖ «បញ្ជូនទៅតុលាការ ព្រោះយើងទើបតែឃាត់ខ្លួនថ្ងៃ (អាទិត្យ) ហ្នឹង ដោយឃុំខ្លួននៅស្នងការរាជធានីភ្នំពេញបណ្តោះអាសន្នសិន។ យើងមិនសួរចម្លើយអ្វីទៀតទេ ហើយក៏គ្មានអ្វីត្រូវសួរទៀតដែរ យើងធ្វើតាមដីកា»។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ខៀវ ផល្លា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកស្រី យិច ឈាណាវី ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
លោក ប្រាក់ សុខា អ្នកនាំពាក្យបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃក្រសួងការពារជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ស្ត្រីត្រូវចោទឈ្មោះ ម៉ី ផានិត ពិតជាបានប្រើប្រាស់តួនាទីរបស់ខ្លួននៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដើរបោកប្រាស់លុយពីជនរងគ្រោះ ដែលចង់ចូលធ្វើមន្ត្រីយោធា ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ជិត ២០ នាក់ ក្នុងទំហំទឹកប្រាក់ជាង ១២ ម៉ឺនដុល្លារមែន។ លោកបន្តថា ហេតុការឆបោកនេះ បានកើតឡើងតាំងពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០១៨ ដែលលោក អះអាងថា ករណីនេះ គឺត្រូវតែអនុវត្តទៅតាមច្បាប់ ចំពោះមន្ត្រីយោធាណា ដែលប្រព្រឹត្តល្មើសនឹងច្បាប់។
លោកបញ្ជាក់ថា ៖ «លោកស្រី ម៉ី ផានិត រឿងហ្នឹងវាពិតជាអ៊ីចឹងហើយ ពាក់ព័ន្ធនឹងរត់ការឲ្យគេចូលទ័ពចូលអីហ្នឹង គឺជារឿងរបស់គាត់ទេ។ ប៉ុន្តែប្រហែលជាមាន (ជនរងគ្រោះ) ច្រើនអ៊ីចឹងមែនបានជាមានគេប្តឹងបែបហ្នឹង ហើយវាដូចតាំងពីឆ្នាំទៅឯណោះ។ តែសូមជម្រាបជូនថា គាត់ប្រព្រឹត្តធ្វើខុសច្បាប់ វាជារឿងបុគ្គលទេ។ ចំពោះកងទ័ពអាកាសទាំងមូល គឺមិនគាំទ្រឲ្យបុគ្គលណាម្នាក់ប្រព្រឹត្តអ្វីឲ្យខុសច្បាប់ ជាពិសេសខុសច្បាប់ស្តីពីលក្ខន្តិកៈផ្ទៃក្នុងនៃកងយោធពលខេមរភូមិន្ទ»។
ស្រដៀងគ្នានេះដែរ លោក កេង សុគន្ធ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានឲ្យដឹងពីម្សិលមិញថា កាលពីថ្ងៃទី ១០ សីហា កម្លាំងនាយកដ្ឋាន ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលមានឈ្មោះ សេក សុខជា ហើយបញ្ជូនទៅតុលាការ ពីម្សិលមិញផងដែរ។
លោកបញ្ជាក់ថា ការឃាត់ខ្លួននេះ បន្ទាប់ពីជនសង្ស័យបានប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋថា ខ្លួនស្គាល់អ្នកធំនៅតាមក្រសួង ដោយលួងលោមឲ្យជនរងគ្រោះទុកចិត្ត ហើយជនរងគ្រោះបានប្រគល់លុយឲ្យជាបន្ដបន្ទាប់ ប្រមាណជិត ៤០ ម៉ឺនដុល្លារ។
លោកនិយាយថា៖ «បើសិនជាមានករណីបែបនេះ ហើយត្រូវបានម្ចាស់បណ្តឹងប្តឹង ហើយបើយើងរកឃើញថា ពិតជាមានពាក់ព័ន្ធនឹងអំពើឆបោក និងរំលោភលើទំនុកចិត្តហើយ គឺគ្មានអីក្រៅពីការកោះហៅគាត់ចូលបំភ្លឺ។ បើរកឃើញថា មានទោសហើយ ថាគាត់បានប្រព្រឹត្តដូចអ្វីគេចោទប្រកាន់មែន គឺនឹងបញ្ជូនទៅតុលាការ»។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃ ៩ សីហា បានបញ្ជាឲ្យជនសង្ស័យរូបនេះ ចូលបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទឆបោក និងរំលោភទំនុកចិត្តតាមបណ្តឹងរបស់ឈ្មោះ ម៉ក់ ចាន់ធី។
លោកកែវ សុធា និយាយថា ករណីនេះ នៅមានជនជាប់ពាក់ព័ន្ធមួយចំនួនទៀត ដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ខណៈលោកអះអាងថា លោកនឹងបោសសម្អាតជនដែលពាក់ព័ន្ធនឹងករណីនេះឲ្យអស់។
លោកបញ្ជាក់ថា៖ «ទុកឲ្យសមត្ថកិច្ចគេធ្វើការសិន កុំអាលនិយាយអ្វីផ្តេសផ្តាស ពីព្រោះនៅមានបក្ខពួកវាមួយចំនួនទៀត។ ខ្ញុំកំពុងតែបោសសម្អាតមនុស្សខិលខូចមួយចំនួន»៕