សៀមរាប៖ ស្ត្រី​ម្នាក់​ដែល​ចាក់​សាំង​ប៉ង​ដុត​សម្លាប់​ប្តី និង​កូន​តូច​ចំនួន ២ នាក់ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​សៀមរាប សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី ២ ខែ​ឧសភា ដោយ​ចោទ​ប្រកាន់​ពី​បទ «ប៉ុនប៉ង​ឃាតកម្ម» ទៅ​លើ​បុរស​ជា​ប្ដី។

លោក យ៉ិន ស្រាង អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៣ ឧសភា​ថា ស្ត្រី​ឈ្មោះ ឡូញ សាន្ត អាយុ ២៦ ឆ្នាំ ជា​កសិករ​មាន​ទី​លំនៅ​ក្នុង​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ត្រូវ​បាន​នគរបាល​ស្រុក​ស្វាយលើ ចាប់​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី ៣០ ខែ​មេសា បន្ទាប់​ពី​គាត់​បាន​ធ្វើ​សកម្មភាព​យក​សាំង​ចាក់​ស្រោច​លើ​បុរស​ជា​ប្ដី ព្រម​ទាំង​កូន​តូចៗ ២ នាក់​ទៀត ដែល​កំពុង​ដេក​លង់​លក់​ក្នុង​កូន​ខ្ទម​ចាំ​ចម្ការ​មួយ ដែល​ធ្វើ​ពី​ឫស្សី ប្រក់​ស្លឹក ហើយ​ដុត​បណ្ដាល​ឲ្យ​ឆេះ​រលាក​រង​របួស​ធ្ងន់ធ្ងរ​ដល់​ប្ដី និង​កូន​តូចៗ​ទាំង ២ នោះ។

លោក​ថ្លែង​ថា កាល​ពី​រសៀល​ថ្ងៃទី ២ ខែ​ឧសភា ស្ត្រី​ដៃ​ដល់​ក្នុង​ករណី​ខាង​លើ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ក្នុង​បទល្មើស «ហិង្សា​ដោយ​ចេតនា» និង​បាន​បញ្ជូន​ខ្លួន​មក​កាន់​តុលាការ​ ដើម្បី​មាន​ចំណាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

លោក​បញ្ជាក់​ថា៖ «ក្រោយ​ពី​បញ្ចប់​នីតិវិធី​ស៊ើបសួរ នៅ​ក្នុង​រសៀល​ថ្ងៃ​ដដែល​នោះ លោក ស៊ិន សង្ហា ដែល​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​នេះ បាន​សម្រេច​ចោទ​ប្រកាន់​ស្ត្រី​ដ៏​ហិង្សា​ឈ្មោះ ឡូញ សាន្ត ខាង​លើ​នេះ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​តាម​បញ្ញតិមាត្រា ២៧ និង មាត្រា ១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ស្ត្រី​ត្រូវ​ចោទ​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត ជា​បណ្ដោះអាន្ន»។

យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​ស្វាយលើ ដែល​ ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី ៣ ខែ​ឧសភា អ្នកស្រី ឡូញ សាន្ត បាន​ទទួល​សារភាព​ចំពោះ​ទង្វើ​របស់​គាត់​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​បុរស​ជា​ប្ដី និង​កូន​តូចៗ​ទាំង ២។

អ្នកស្រី​ប្រាប់​សមត្ថកិច្ច​ថា គាត់​ធ្វើ​បែប​នេះ ព្រោះ​តែ​គាត់​មិន​អាច​អត់​ទ្រាំ​ចំពោះ​បុរស​ជា​ប្ដី ដែល​តែងតែ​ដើរ​ផឹក​ស្រា​ស្រវឹង​រក​រឿង​ឈ្លោះ និង​វាយ​ទាត់​ធាក់​មក​លើ​គាត់​ជា​ប្រពន្ធ។

ក្នុង​របាយការណ៍​នោះ លោក ស៊ុន អេង អធិការ​ស្រុក​ស្វាយលើ​បាន​បញ្ជាក់​ថា៖​ « យោង​តាម​ចម្លើយ​របស់​ស្ត្រី​ដៃ​ដល់​ក្នុង​អំពើ​ដ៏​ហិង្សា​នេះ ​នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ បុរស​ជា​ប្ដី ឈ្មោះ គង់ ឆាយ អាយុ ៤៨ ឆ្នាំ បាន​ទៅ​ដើរ​ផឹក​ស៊ី ជាមួយ​អ្នក​ជិត​ខាង​នៅ​ក្នុង​ភូមិ។ លុះ​ត្រឡប់​ពី​ផឹក​ស៊ី​វិញ ក៏​បាន​បង្ក​រឿង​ឈ្លោះ និង​វាយ​ទាត់​ធាក់​ស្ត្រី​ជា​ប្រពន្ធ​ចំនួន​មួយ​កំផ្លៀង និង ២ ជើង និង​ព្រម​ទាំង​វាយ​បំផ្លាញ​ចាន ឆ្នាំង​មួយ​ចំនួន​ទៀត»។

លោក​បន្ត​ថា៖ «ដោយ​អត់​ទ្រាំ​នឹង​សកម្មភាព​ហិង្សា​របស់​បុរស​ជា​ប្ដី​លែង​បាន​​និង​ដោយ​ភាព​អវិជ្ជា ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ធ្ងន់ធ្ងរ ដោយ​បាន​យក​សាំង​ទៅ​ចាក់​ស្រោច​លើ​បុរស​ជា​ប្ដី ព្រម​ទាំង​កូន​ស្រី​តូចៗ ២ នាក់ រួម​មាន​ឈ្មោះ ឆាយ ស្រីមួយ អាយុ ៤ ឆ្នាំ និង​ឈ្មោះ ឆាយ ស្រីពៅ អាយុ ២ ឆ្នាំ​ ដែល​កំពុង​ដេក​លក់​នៅ​ក្នុង​ខ្ទម​ស្រែ ហើយ​ដុត​ភ្លើង​បណ្ដាល​ឲ្យ​ឆេះ​រលាក និង​រង​របួស​ធ្ងន់ធ្ងរ​ដល់​បុរស​ជា​ប្ដី និង​កូន​តូចៗ​ទាំង ២​ នោះ»។

បន្ថែម​ពី​លើ​របាយការណ៍​នេះ លោក ស៊ុន អេង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា ប្ដី-ប្រពន្ធ​ខាង​លើ​នេះ ជា​គ្រួសារ​កសិករ​ក្រីក្រ​មាន​កូន​តូចៗ ៣ នាក់ ក្នុង​បន្ទុក។

ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នោះ កុមារា​ឈ្មោះ ឆាយ គង់វង់ អាយុ ៦ ឆ្នាំ ដែល​ជា​កូន​ប្រុស​ច្បង​របស់​ពួក​គេ​បាន​ឃើញ​សកម្មភាព​ឪពុក​របស់​គេ វាយ​តប់​លើ​ម្ដាយ​របស់​គេ​ពេល​ត្រឡប់​ពី​ផឹក​ស្រា។ មិន​តែ​ប៉ុណ្ណោះ គង់វង់ ក៏​បាន​ឃើញ​សកម្មភាព​ម្ដាយ​របស់​គេ យក​ដប​សាំង​ចាក់​ស្រោច​លើ​ឪពុក និង​ប្អូនស្រី​របស់​គេ​ទាំង ២ ខាង​លើ​នេះ​ផង​ដែរ ។

លោក​បាន​ថ្លែង​ដោយ​លើក​យក​សម្ដី​របស់​កុមារា ឆាយ គង់វង់ មក​បញ្ជាក់​ថា៖ «ខ្ញុំ​ឃើញ​ម៉ែ​យក​ដប​សាំង​មក​ចាក់​ស្រោច​លើ​ពុក ហើយ​កេះ​ដែក​កេះ​ដុត។ នៅ​ពេល​ភ្លើង​ឆេះ ពុក​ក៏​ដឹង​ខ្លួន ប៉ុន្តែ​គាត់​អត់​ដឹង​ថា ម៉ែ​ដុត​ទេ គាត់​ខំ​ស្រែក​ឲ្យ​ម៉ែ​ជួយ ហើយ​ម៉ែ​គាត់​ក៏​ស្ទុះ​មក​ជួយ​ប្អូនៗ​ខ្ញុំ​មុន បន្ទាប់​មក​ទើប​គាត់​ទៅ​ជួយ​ពុក»។

បើ​តាម​លោក ស៊ុន អេង នៅ​ពេល​នេះ កុមារា ឆាយ គង់វង់ ត្រូវ​បាន​លោក ឈឿម សាំង មេឃុំ​ខ្នងភ្នំ ទទួល​យក​ទៅ​ថែរក្សា​ជា​បណ្ដោះអាសន្ន​ក្នុង​គ្រួសារ​របស់​គាត់ ក្នុង​គ្រា​ដែល​ឪពុក និង​ប្អូនស្រី​ទាំង ២ របស់​គេ កំពុង​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។

រីឯ​ម្ដាយ​របស់​គេ​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី ២ ខែ​ឧសភា។

ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​បញ្ឈប់​នូវ​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​ធ្វើ​ឲ្យ​មាន​អរីភាព​នៅ​ក្នុង​សង្គម។

លោក​ថ្លែង​ថា៖ «លទ្ធផល​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​នេះ វា​ល្មម​គ្រប់គ្រាន់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ស្វែង​យល់ និង​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​បញ្ឈប់​វា​នៅ​ក្នុង​សង្គម​ជាតិ​របស់​យើង»៕