The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ត្រី​ពពោះ​ជំនួស​ ១៥ ​នាក់​ត្រូវ​បាន​ដោះលែង តែ​ត្រូវ​ចិញ្ចឹម​កូន

ស្ត្រី​ពពោះ​ជំនួស​ ១៥ ​នាក់​ត្រូវ​បាន​ដោះលែង តែ​ត្រូវ​ចិញ្ចឹម​កូន

Content image - Phnom Penh Post
ស្ត្រី​ពពោះ​ជំនួស​ក្នុង​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​នាពេល​កន្លង​ទៅ​។ ផា លីណា

ស្ត្រី​ពពោះ​ជំនួស​ ១៥ ​នាក់​ត្រូវ​បាន​ដោះលែង តែ​ត្រូវ​ចិញ្ចឹម​កូន

ភ្នំពេញៈ ស្ត្រី​ ១៥ ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ស៊ីឈ្នួល​ពពោះ​ជំនួស​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយ​ភ្ជាប់​នឹង​ការសន្យា​ចិញ្ចឹម​កូន ក្រោយពី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ស្នើ​ទៅ​តុលាការ​ឲ្យ​ពិចារណា​ដោះលែង ខណៈ​ពួកគេ​បាន​សម្រាល​កូន​រួច​ជា​​អ្វី​ដែល​មន្ត្រី​សិទ្ធិមនុស្ស​ស្វាគមន៍ តែ​ចង់​ឱ្យ​មាន​ច្បាប់​។

យោង​តាម​បុរស​អ្នក​យាម​នៅ​មន្ទីរពេទ្យ​ ១៦ ឧសភា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា​គិត​មក​ត្រឹម​ថ្ងៃ​ ៤ ​ធ្នូ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​ ១៧​ ​នាក់​កំពុង​នៅ​មន្ទីរពេទ្យ​ក្នុង​នោះ​មាន​ ១៥ ​នាក់​បាន​សម្រាល​កូន​រួច​ហើយ​ត្រូវ​បាន​បញ្ចូន​ចេញពី​មន្ទីរពេទ្យ​ដែល​ ៤ ​នាក់​ត្រូវ​បាន​បញ្ចូន​ចេញ​កាលពី​សបា្តហ៍​មុន រីឯ​ ១១ ​នាក់​ត្រូវ​បាន​ដោះលែង​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។

លោក​ថា​៖ «​ខ្ញុំ​គិត​ថា​អាទិត្យ​ក្រោយ​គេ​នឹង​ដោះលែង​ទាំងអស់​ហើយ ខ្ញុំ​ជិត​បាន​ទៅ​ធ្វើការ​នៅ​កន្លែង​ដើម​វិញ​ហើយ​»​។

លោក សួស វិទ្យារ៉ាន់ឌី អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការបកស្រាយ​ពី​ករណី​នេះ​បាន​ទេ កាលពី​ម្សិលមិញ​។

ស្ត្រី​ពពោះ​ម្នាក់​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ខ្លួន​ត្រូវ​បាន​គេ​ឱ្យ​ចុះ​កិច្ចសន្យា​ថា​នឹង​ត្រូវ​ចិញ្ចឹម​កូន​ជាមួយ​នឹង​ការអនុញ្ញាត​ឲ្យ​មាន​សេរីភាព​បណ្ដោះអាសន្ន និង​ត្រូវ​ចិញ្ចឹម​កូន​រហូត​ដល់​អាយុ​ ១៨ ​ឆ្នាំ ខណៈ​កូនប្រុស​គាត់​ទើប​មាន​អាយុ​ត្រឹម​តែ​ជាង ៣ ​ខែ​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​គេ​ឱ្យ​យើង​ធ្វើ​កិច្ចសន្យា​ចុះហត្ថលេខា​ថា ទាល់តែ​ចិញ្ចឹម​កូន​ហ្នឹង​ទើប​បាន​ចេញ​។ ​ប្រសិន​បើ​បាត់​កូន​ហ្នឹង ខ្ញុំ​នឹង​ត្រូវ​បញ្ជូន​ទៅ​គុក​ព្រៃស​ហើយ ។​...​ជីវិត​ពួកខ្ញុំ​គឺ​នៅ​នឹង​កូន ហើយ​ពួក​ខ្ញុំ​ត្រូវ​ចិញ្ចឹម​កូន​ជា​ការ​ដោះដូរ ទាល់​តែ​គាត់​អាយុ​ ១៨ ​ឆ្នាំ ហើយ​គេ​នឹង​តាម​ត្រួតពិនិត្យ​យើង​។​ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​ពិត​ជា​ស្រឡាញ់​គាត់​មែន ហើយ​អាណិត​ថែម​ទៀត ខ្ញុំ​ទុក​ចិញ្ចឹម​ខ្លួនឯង​»​។

អ្នកស្រី​បាន​បន្ត​ថា​៖ «​ពេល​គេ​ប្រាប់​ខ្ញុំ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ខណៈ​ខ្ញុំ​កំពុង​អង្គុយ​មើល​កូន ខ្ញុំ​អរ​សឹង​ងាប់​ទៅ​ហើយ គេ​យក​ពួកយើង​ទៅ​សម្រាក​នៅ​អង្គការ​បាន​ ១ ​យប់​»​។ ខ្ញុំ​បាន​មក​ដល់​ផ្ទះ​ហើយ ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត កូន​ខ្ញុំ​ឥឡូវ​មាន​អាយុ​ជាង​ ៣ ​ខែ​ហើយ​។ ខ្ញុំ​បាន​មក​ដល់​ផ្ទះ​ខ្ញុំ​តាំងពី​​ថ្ងៃ​រសៀល​»​។

បុរស​ជា​ប្តី​ស្ត្រី​ពពោះ​ជំនួស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ដែរ​ថា ប្រពន្ធ​លោក​ទើប​មាន​ទម្ងន់​ ៧ ​ខែ​ដែល​ជា​កូន​ពពោះ​ជំនួស ប៉ុន្តែ​លោក​រីករាយ ខណៈ​ដឹង​ថា​ភរិយា​នឹង​ត្រូវ​គេ​ដោះលែង​វិញ បន្ទាប់ពី​ឃាត់​ខ្លួន​។

បុរស​វ័យ​ ២៧ ​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​៖ «​ខ្ញុំ​ឮ​គេ​ថា អាទិត្យ​ក្រោយ​គេ​នឹង​ដោះលែង​គាត់​ហើយ​។ ខ្ញុំ​នឹក​គាត់​ខ្លាំង​ណាស់​។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​។ កូនស​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​។ មេធាវី​ឱ្យ​ចុះ​ហត្ថលេខា​ប្រហែល​ជា​មួយ​ខែ​មុន គាត់​ប្រាប់​ថា​កុំ​ឱ្យ​ធ្វើ​អំពើ​អ៊ីចឹង​ទៀត​។ ​ខ្ញុំ​អត់​បាន​អាន​ក្រដាស​ហ្នឹង​ទេ​។ ​ខ្ញុំ​នឹង​ទុក​កូន​ហ្នឹង​យក​មក​ផ្ទះ​ទាក់ទង​នឹង​ឪពុកម្តាយ​បង្កើត​វា​ជា​រឿង​របស់​គេ​​ទេ​។ គេ​បាន​ហៅ​យើង​ឱ្យ​ទៅ​ផ្តិត​មេដៃ​ធានា​។ ការឱ្យ​យើង​នៅ​ក្រៅ​ឃុំ​ហ្នឹង ខ្ញុំ​គិត​ថា ប្រហែល​អ៊ីចឹង​ហើយ ដែល​យើង​ត្រូវ​ចិញ្ចឹម​កូន​»​។

កាលពី​ថ្ងៃទី​ ២២ ខែ​មិថុនា​ឆ្នាំ​នេះ ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ស្ត្រី​ពពោះ​ជំនួស ៣២ នាក់​ក្នុង​សង្កាត់​ ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ហើយ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក្នុង​នាម​ជា​ជនរងគ្រោះ ប៉ុន្តែ​ នៅ​ទីបំផុត​ ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ និង​ឃុំ​ខ្លួន​មុន​ការជំនុំជម្រះ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ខែ​ កក្កដា​ ក្រោម​ការចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​លក់ ទិញ ឬ​ដោះដូរ​មនុស្ស​សម្រាប់​ការផ្ទេរ​ឆ្លង​ព្រំដែន និង​ ប្រព្រឹត្ត​ជា​លក្ខណៈ​អន្តរការី​រវាង​ឪពុក ម្តាយ​ស្មុំ​កូន និង​ស្ត្រី​ពពោះ​ជំនួស​តាម​មាត្រា ១៦ ​នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ការ​ជួញដូរ​មនុស្ស និង​កេងប្រវ័ញ្ច​ផ្លូវភេទ និង​មាត្រា ៣៣២ នៃ​ក្រមព្រហ្មទណ្ឌ​។

កាលពី​ចុង​ខែ​តុលា​ឆ្នាំ​នេះ​លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​ធ្លាប់​បាន​ឲ្យ​ដឹង​ថា មេធាវី​ការពារ​ឲ្យ​ស្ត្រី​ពពោះ​ទាំង ៣២ នាក់​បាន​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ​ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ពិចារណា​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ដើម្បី​ឲ្យ​ពួកគេ​បាន​ចិញ្ចឹម​កូនៗ​ដែល​ពួកគេ​ស៊ីឈ្នួល​បង្កើត​ឲ្យ​អ្នក​ផ្សេង​នោះ ដោយ​ពួកគេ​មិន​បញ្ជូន​កូន​ទាំង​នោះ​ទៅ​ឲ្យ​អ្នក​ជួល​ពួកគេ​ឡើយ​។

លោកស្រី ជូ ប៊ុនអេង កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​។

លោកស្រី ធីតា ឃឹះ ជា​នាយិកា​ប្រតិបត្តិ​អង្គការ​សីលកា​បាន​ស្វាគមន៍​ចំពោះ​ការដោះលែង​ស្ត្រី​ក៏ដូចជា កុមារ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​នេះ​។ ប៉ុន្តែ​​លោកស្រី​បាន​សើ្ន​ឱ្យ​មាន​ការ​ស្រាវជ្រាវ​ច្បាស់លាស់​ពាក់ព័ន្ធ​ករណី​នេះ​ និង​បាន​គាំទ្រ​ឱ្យ​បង្កើត​ច្បាប់​ឱ្យ​បាន​​តឹងរ៉ឹង​ដើម្បី​ចៀសវាង​កើត​ករណី​នេះ​​នៅ​ថ្ងៃ​អនាគត​ទៀត​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​នេះ​គឺជា​រឿង​មួយ​ចម្រូងចម្រាស​ណាស់​ដែល​ថា បច្ចេកទេស និង​សេចក្តី​ត្រូវការ​របស់​អ្នក​នៅ​ខាង​ក្រៅ និង​អ្នក​រកស៊ី​​វា​លឿន​ជាង​ច្បាប់​របស់​អ្នក​នៅ​ក្នុង​ស្រុក​យើង​។ អ៊ីចឹង​ទៅ​ប្រសិន​បើ​មិន​ស្រាវជ្រាវ​ឱ្យ​ច្បាស់ យើង​អាច​សម្រេចចិត្ត​ខុស​ច្រើន​»​។

ទោះបី​ជា​យ៉ាង​ណា​ក្ដី​លោកស្រី​យល់​ថា​ជា​ការ​លំបាក​ចំពោះ​អ្នក​មាន​តម្រូវការ និង​អ្នក​ត្រូវការ​ចំណូល​បាន​ពី​សកម្មភាព​នេះ​។

លោកស្រី ធីតា ឃឹះ បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា វា​ជា​រឿង​លំបាក​នៅ​ក្នុង​ករណី​អស់ហ្នឹង វា​ជា​ករណី​ដែល​អ្នក​រកស៊ី​មាន​សេចក្តី​ត្រូវការ​អ្នក​មាន​លុយ និង​ពលរដ្ឋ​យើង​ដែល​ត្រូវការ​លុយ វា​ជា​ការ​លំបាក​ក្នុង​ការ​សម្រេច​ចិត្ត​ពី​រឿងនេះ​...​អ៊ីចឹង​ក្នុង​ករណី​ហ្នឹង​កូន​គួរ​តែ​ឱ្យ​ទៅ​ឪ​ម៉ែ​គេ​វិញ ហើយ​ចាំ​ដាក់​ច្បាប់​កុំ​ឲ្យ​ធ្វើ​ក្នុង​ករណី​នេះ​គឺ​ស្ត្រី និង​ទារក​ជា​អ្នក​ទទួល​រងគ្រោះ​។ យើង​ត្រូវ​ធ្វើ​ច្បាប់​»៕

អត្ថបទគួរចាប់អារម្មណ៍