ព្រះវិហារ: ស្ដ្រី​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៣៣៩ គ្រួសារ ដែល មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ប្ដី ដោយ​អះអាង​ថា មន្ត្រី​យោធា​បាន​ចាប់​ខ្លួន​លាក់​ទុក​និង​ធ្វើ​ទារុណកម្ម ប៉ុន្ដែ​មន្ត្រី​យោធា​បដិសេធ ខណៈ​អភិបាល​ខេត្ត​ថា ប្ដី​ស្ត្រី​នោះ​បាន​រត់​គេច​ពី​អាជ្ញាធរ​ទៅ​លាក់​ខ្លួន។

អ្នកស្រី ភិន ម៉ៅ ដែល​បាត់​ប្ដី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ម្សិលមិញ​ថា ប្ដី​អ្នក​ស្រី​ឈ្មោះ ស៊ុំ ម៉ឺន អាយុ ៥៤ ឆ្នាំ ត្រូវ​បាន​លោក លុយ សម្បត្តិ (ហៅ​ រឹម ខេន) ជា​មន្ត្រី​យោធា​កង​ពល​លេខ ៦ នៃ​វរ​អន្តរាគមន៍​លេខ ២៦១ បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២០ ខែ​ មករា ឆ្នាំ​នេះ​ក្នុង​ពេល​គាត់​ត្រឡប់​ពី​ផ្សារ។

អ្នកស្រី​បន្តថា រហូតមកទល់​ពេលនេះ​ក្រុមគ្រួសារ​មិនទាន់​បាន​ទទួល​ដំណឹង​រស់​ឬ​ស្លាប់​នៅឡើយ ដោយ​អ្នក​ស្រី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ដោះ​លែង​ប្ដី​អ្នក​ស្រី ឲ្យ​មាន​សេរីភាព​និង​ជួបជុំ​គ្រួសារ​វិញ។ ការ​ចាប់​និង​ឃុំខ្លួន​ប្ដី​អ្នកស្រី​ទាំង​អាថ៌កំបាំង​នេះ ដោយសារ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព។

អ្នកស្រី ភិន ម៉ៅ បាន​បញ្ជាក់ថា៖ «ខ្ញុំ​សូម​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ប្ដី​ខ្ញុំ​មកវិញ ព្រោះ​គាត់​បាត់​ខ្លួន​ជាច្រើន​ថ្ងៃ​មក​ហើយ ខ្ញុំ​មិន​ដឹង​ថា មាន​អ្នកណា​នៅ​ពី​ក្រោយ​ខ្នង ហើយ​យក​ប្ដី​ខ្ញុំ​ទៅ​លាក់​ទុក។អ្នក​ចាប់​ប្ដី​ខ្ញុំ​ហ្នឹង គឺ​យោធា​ម្នាក់​ឈ្មោះ លុយ សម្បត្តិ (ហៅ​រឹម ខេន) ដែល​ជា​អ្នក​យាម​ដី​ឲ្យ​ក្រុមហ៊ុន​មេត្រីភាព ហើយ​ខ្ញុំ​បាន​ទៅ​សួរ​គេ គេ​ថា​អត់​ដឹង ហើយ​ខ្ញុំ​ទៅរក​នៅ​ពន្ធនាគារ​ខេត្ត ទៅ​រក​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ក៏​អត់​ឃើញ​ដែរ ខ្ញុំ​មិន​ដឹង​ទៅ​រក​ឯណា​ទៀត​ទេ»។

លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ករណី​នេះ មិន​មាន​ការ​ឃាត់​ខ្លួន​លាក់​ទុក​អ្វី​ទេ គឺ​គាត់​រត់​គេច​ដោយ​ខ្លួនឯង ព្រោះ​ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី។

លោក​បន្តថា កាលពី​អំឡុងពេល​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព ពលរដ្ឋ​ខ្លះ​បាន​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ដោយ​មាន​អ្នកខ្លះ​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្ដែ​បុរស​ម្នាក់​ឈ្មោះ ស៊ុំ ម៉ឺន នៅ​មិន​ទាន់​ត្រឡប់​វិញ​ទេ។

លោក​ថា៖ «គាត់​អត់​មាន​ទៅណា​ទេ គឺនៅក្បែរៗផ្ទះ​គាត់​ហ្នឹង​ទេ គឺ​គាត់​បាន​រត់​រួច​ពី​ការ​ឃាត់​ខ្លួន​របស់​សមត្ថកិច្ច ហើយ​មក​ទល់​ពេល​នេះ គ្មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​គាត់​ទៀត​ទេ។ តាម​ព័ត៌មាន​ពី​អ្នក​ជិត​ខាង​គាត់​ហ្នឹង គឺ​គាត់​នៅ​ក្បែរៗ​ហ្នឹង​ទេ ខ្ញុំ​បាន​ឲ្យ​អភិបាល​ស្រុក​ទៅ​ជួប​ប្រពន្ធ​គាត់​ដែរ គាត់​និយាយ​មក​ធម្មតា​ទេ ហើយ​ប្រពន្ធ​គាត់​ក៏​ជួយ​លាក់​ប្ដី​ដែរ ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន យើង​លែង​មាន​វិធានការ​តាម​ចាប់​គាត់​ហើយ»។

លោក លុយ សម្បត្តិ (ហៅ ​រឹម ខេន) មន្ត្រី​យោធា​កងពល​លេខ ៦ នៃ​វរ​អន្តរាគមន៍​លេខ ២៦១ បាន​ថ្លែង​ថា ការ​ចោទ​ប្រកាន់​នេះ មិន​ពិត​ទេ «ខ្ញុំ​អត់​ដឹង​រឿង​ហ្នឹង​ទេ បង​សួរ​ទៅ​អាជ្ញាធរ​គេ​ពាក់ព័ន្ធ​ផ្សេង​ទៅ ព្រោះ​វា​មិន​មែន​ជា​ដែន​សមត្ថកិច្ច​របស់​ខ្ញុំ​ទេ​គឺ​វា​ខុស​ពី​ជំនាញ​ខ្ញុំ»។

លោក ឡោ ចាន់ មន្ត្រី​សម្រប​សម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារ​យល់​ថា បើ​មាន​ការ​ចាប់​ខ្លួន​លាក់​ទុក​ទាំង​អាថ៌កំបាំង​មែន គឺ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ចាប់។

លោក​បញ្ជាក់ថា៖ «អ្នកទទួលខុសត្រូវ​លើ​រឿងនេះ មិនមែន​តែ​អ្នក​ចាប់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​អ្នក​ដែល​ទទួល​បន្ត​ហ្នឹង​ក៏ត្រូវ​មាន​ទោស​ដែរ។ ឧទាហរណ៍​ថា ជន​សង្ស័យ​ចាប់​ខ្លួន​ជន​រង​គ្រោះ​ឲ្យ​មន្ត្រី​បរិស្ថាន គឺ​មន្ត្រី​បរិស្ថាន​ក៏​ជា​អ្នក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ដែរ ព្រោះ​នាពេល​នេះ អាជ្ញាធរ​មិន​អាច​រុញ​ដាក់​គ្នា​បាន​ទេ ត្រូវ​ដោះស្រាយ​ទាំង​អស់​គ្នា»។

តាម​លិខិត​សុំ​ជួយ​អន្តរាគមន៍ ចុះ​ថ្ងៃទី ១៨ មីនា ​ដែល​បាន​ផ្ញើ​ជូន​លោក សួស យ៉ា​រ៉ា តំណាង​រាស្ត្រ​មណ្ឌល​ព្រះវិហារ​និង​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ របស់​អ្នកស្រី ភិន ម៉ៅ បង្ហាញ​ថា៖ «នាង​ខ្ញុំ​សូម​ជម្រាប​ជូន​ឯកឧត្តម សួស យ៉ារ៉ា និង​ឯកឧត្តម អ៊ុន ចាន់​ដា ឲ្យ​បាន​ជ្រាប​ថា​កាល​ពី​ថ្ងៃ ២០ មករា ឆ្នាំ ២០១៩ វេលា​ម៉ោង ៥:៣០ នាទី​ល្ងាច ប្ដី​នាង​ខ្ញុំ​ត្រូវ​បាន​លោក លុយ សម្បត្តិ (ហៅ​រឹម ខេន) ចាប់​ខ្លួន ខណៈ​ប្ដី​នាង​ខ្ញុំ​កំពុង​បើក​គោយន្ត​ដឹក​អីវ៉ាន់​ចាប់​ហួយ​ពី​ផ្សារ​ម្ដុំ​ស្ពាន​ទី ២ ស្ថិត​នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ ហើយ​ចាប់​ពី​ពេល​ចាប់​ខ្លួន​មក ប្ដី​ខ្ញុំ​បាន​បាត់​ខ្លួន​រហូត​ដោយ​មិន​ដឹង​មូល​ហេតុ។ មួយ​វិញ​ទៀត​មក​ទល់​ពេល​នេះ​មិន​ដឹង​ថា គាត់​ស្លាប់​ឬ​រស់​ព្រោះ​បាត់​ដំណឹង​ឈឹង»។

កាលពី​ចុងខែ​មករា ពលរដ្ឋ​ប្រមាណ ២០០ នាក់ មកដល់​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​អន្តរាគមន៍ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ពួកគាត់ ១៣ នាក់​ជា​បន្ត​បន្ទាប់​ដែល​ពលរដ្ឋ​បាន​អះអាង​ថា​ពួកគេ​ជាង ៣០០ គ្រួសារ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​មេត្រី​ភាព​នៅ​ទីតាំង​ជាប់​ព្រំ​ប្រទល់​ខេត្ត​ឧត្តរ​មានជ័យ​និង​ខេត្ត​ព្រះវិហារ​ហើយ​ក៏​ត្រូវ​បាន​ទាហាន​ម្នាក់ ឈ្មោះ លុយ សម្បត្តិ ជា​អ្នក​ការពារ​ដី​ក្រុមហ៊ុន​នេះ​បាន​ចាប់​ពួកគេ​តែ​ក្រោយ​មក​បែរជា​មាន​ការ​ចោទ​ប្រកាន់​ពួកគាត់​ពី​តុលាការ​ទៅវិញ៕