កំពង់ឆ្នាំងៈ ​ស្ត្រី​មាន​ផ្ទៃពោះ ៣ ខែ​ម្នាក់​ និង​កូនប្រុស​គាត់ ៤ នាក់​ទៀត​ត្រូវបាន​ឆេះ​ស្លាប់​នៅក្នុង​គំនរ​ភ្លក់ភ្លើង​នៃ​គ្រោះ​អគ្គិភ័យ​មួយ​កាលពី​យប់​ថ្ងៃទី ៩ ខែឧសភា នៅ​ចំណុច​ភូមិ-ឃុំ​ខុនរ៉ង ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ។ នេះ​បើតាម​ការអះអាង​ពី​មន្ត្រីនគរបាល​មូលដ្ឋាន។

លោក គឹម សុផាត នាយនគរបាល​ប៉ុស្តិ៍​ឃុំ​ខុនរ៉ង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃទី ១០ ខែ​ឧសភា នេះ​ថា អ្នកស្រី សៀង សុជា អាយុ ៣៨ ឆ្នាំ​ដែល​កំពុងមាន​ផ្ទៃពោះ ៣ ខែ មាន​មុខរបរ​ជា​អ្នករកស៊ី​លក់​ខោអាវ​ជជុះ​នៅក្នុង​ភូមិ​កើតហេតុ និង​កូនប្រុស​របស់គាត់ ៤ នាក់​ទៀត រួមមាន ឈ្មោះ សេង រក្សា អាយុ ៩ ឆ្នាំ, សេង ជីវ័ន និង សេង ជីវ៉ា (ជា​កូនភ្លោះ) អាយុ ៦ ឆ្នាំ​ និង នីឡុង ចំរើន អាយុ ៣ ឆ្នាំ​បាន​ឆេះ​ស្លាប់​នៅក្នុង​ភ្នក់ភ្លើង​ដ៏គួរ​ឲ្យ​សង្វេគ​បំផុត។

លោក​បាន​បញ្ជាក់ថា៖ «នេះ​ជា​ករណី​គ្រោះ​អគ្គិភ័យ​ដំបូង​ និង​ដ៏អាក្រក់​បំផុត ដែល​មិន​ធ្លាប់មាន​ទាល់តែសោះ នៅក្នុង​ភូមិសាស្ត្រ ឃុំ​ខុនរ៉ង​របស់​យើងខ្ញុំ»។

បើតាម​លោក សុផាត នៅក្នុង​គ្រោះ​អគ្គិភ័យ​នេះ​មាន​តែ​បុរស​ជា​ប្ដី​ឈ្មោះ នន់ សារ៉េត អាយុ ៣៨ ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​រួច​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះ​មានតែ​គាត់​ម្នាក់​គត់​ដែល​បាន​រត់​ចេញពីផ្ទះ​រួច​ក្នុងពេល​ភ្លើង​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ ផ្ទះ​ទំហំ ៧ ម៉ែត្រ × ១២ ម៉ែត្រ​ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី ម៉ូតូ​រ៉ឺម៉ក​កង់បី ១ គ្រឿង និង​ទំនិញ​ជា​ខោអាវ​ជជុះ​ជាង ៣ តោន​ត្រូវបាន​ឆេះ​ខូចខាត​អស់ទាំង​ស្រុង។

កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣ គ្រឿង និង​ប្រើប្រាស់​ទឹក​អស់ ១៨ ម៉ែត្រគុប ទើប​អាច​ពន្លត់​អគ្គិភ័យ​នេះ​ឲ្យ​រលត់​អស់។

លោក សុផាត បាន​បញ្ជាក់ថា៖ «ក្នុង​ជំហាន​ដំបូង​នេះ សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​សន្និដ្ឋានថា គ្រោះ​អគ្គិភ័យ​នេះ​អាច​បង្កឡើង​ពី​ការទូស្សេ​ចរន្តអគ្គិសនី ឬ ផ្ទុះ​កំប៉ុង​ហ្គាស​ក្នុងពេល​ដាំស្ល បណ្ដាល​ឲ្យ​ឆាបឆេះ​រាល​ដល់​គំនរ​ខោអាវ​ជជុះ ដែល​ជនរងគ្រោះ​បាន​ទិញ​យកមក​ស្តុក​ទុក​លក់​នៅក្នុង​ផ្ទះ ព្រោះ​នៅមុន​ពេល​អ្នកភូមិ​ឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ចេញមកក្រៅ គឺ​គេ​ឮស្នូរ​សំឡេង​ផ្ទុះ»។

លោក​បាន​បន្ថែមថា យ៉ាងណា​ក៏ដោយ នៅពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​រក​មូលហេតុ​ពិត​នៃ​ការបង្ក​ឲ្យ​មាន​ករណី​អគ្គិភ័យ​នេះ​កើតឡើង គ្រា​ដែល​បុរស​ជា​ប្ដី ឈ្មោះ នន់ សារ៉េត ត្រូវបាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​បរិបូរណ៍​ ដើម្បី​ពិនិត្យ​ព្យាបាល។

លោក​ថា៖ «ពេលនេះ​អារម្មណ៍​របស់លោក នន់ សារ៉េត មិន​នឹងនរ​ទេ ម្ដង​យំ ម្ដង​សើច ហើយ​សន្លប់ ព្រោះ​រន្ធត់ចិត្ត​ ដោយសារ​ឃើញ​ប្រពន្ធ​កូន​គាត់​ស្លាប់​អស់»៕