ភ្នំពេញៈ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួនជាង ១៧ ម៉ឺននាក់ បានទទួលបានការគាំពារដោយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ប្រមាណជាង ១០ លានដុល្លារសហរដ្ឋអាមេរិក ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញ និងត្រូវបានអនុវត្តចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៩ ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម លោក វង សូត បានថ្លែងឱ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំត្រូវបានអនុវត្តយ៉ាងល្អប្រសើរសម្រាប់ឆ្នាំ ២០២០ បើទោះបីជាមានឧបសគ្គដោយសារជំងឺកូវីដ ១៩ ក៏ដោយ។
ការថ្លែងបែបនេះត្រូវបានលើកឡើង ខណៈដែលលោក វង សូត បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលឆ្នាំ ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២១ នៃការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩» កាលពីថ្ងៃទី ១ ខែកុម្ភៈ កន្លងទៅនេះ។
លោកបន្តថា ដោយឡែកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅនេះមានគ្រួសារក្រីក្រ និងងាយរងគ្រោះជាង ៧១ ម៉ឺនគ្រួសារ (ឬប្រជាជនជាង ២,៨ លាននាក់) បានទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសនេះដោយរាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ២៣២ លានដុល្លារ បើគិតត្រឹមថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ នេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឱ្យដឹងផងដែរថា ការប្រសើរឡើងនៃការអនុវត្តកម្មវិធីនេះដោយសារបច្ចុប្បន្នកម្ពុជាមានបច្ចេកទេសគ្រប់គ្រាន់ និងបច្ចេកវិទ្យាទំនើបដែលបង្កលក្ខណៈងាយស្រួលដល់ស្រី្តមានផ្ទៃពោះក្នុងការមកទទួលសេវា និងទទួលសាច់ប្រាក់ជាដើម។
លោកថ្លែងថា៖ «កម្មវិធីនេះដំបូងជួបការលំបាកច្រើនព្រោះជាកម្មវិធីថ្មី ទំនើប និងពាក់ព័ន្ធប្រព័ន្ធបច្ចេកវិទ្យាពីមុនប្រព័ន្ធអ៊ីនធឺណិតដើរមិនល្អ រអាក់រអួលធ្វើឱ្យកម្មវិធីនេះជួបឧបសគ្គច្រើន ប៉ុន្តែឥឡូវនេះមិនមានទេ យើងដោះស្រាយបាន ព្រោះវីងវេរលុយ មិននៅឆ្ងាយទេ ឱ្យតែគាត់មកដល់មន្ទីរពេទ្យ គឺគាត់អាចដោះស្រាយបញ្ហា (ដក លុយ) នេះបានហើយ»។
លោកថ្លែងថា រដ្ឋនឹងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំដោយមិនកំណត់ ខណៈក្រសួងកំពុងមានផែនការផ្តល់សាច់ប្រាក់ដល់គ្រួសារជនក្រីក្រជាកញ្ចប់ផងដែរ។ «កម្មវិធីកញ្ចប់គ្រួសារប្រហាក់ប្រហែលដូចកញ្ចប់ផ្ទេរសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះដែរ គ្រួសារគាត់មានប៉ុន្មាននាក់ មនុស្សចាស់ ក្មេង ប៉ុន្មាននាក់ យើងឱ្យជាកញ្ចប់វិញ យើងមិនទាន់បញ្ជាក់ពីទំហំសាច់ប្រាក់ដែលត្រូវផ្តល់ជូនទេ ព្រោះកម្មវិធីនេះស្ថិតនៅក្នុងផែនការនៅឡើយទេ»។
នាយិកានៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាលោកស្រី រស់ សុភាព ថ្លែងថា ការអនុវត្តនាពេលកន្លងមក តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំគឺបានរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ សំដៅជំរុញការលូតលាស់ទាំងកាយសម្បទា និងឆ្លាតវៃ ទាំងសុខភាពមាតា និងទារកដែលជាធនធានរបស់សង្គម។
យ៉ាងណាក្តីលោកស្រីជំរុញដល់ស្ថាប័នពាក់ព័ន្ធគួរមានយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការដោះស្រាយបញ្ហាទៅលើស្ត្រីមុនពេលពពោះ ក៏ដូចជាដំណោះស្រាយខ្វះមន្ទីរពេទ្យនៅតំបន់ដាច់ស្រយាលជាដើម។
លោកស្រីថ្លែងថា៖ «ប៉ុន្តែខ្ញុំចង់ឱ្យរដ្ឋាភិបាលមើលឱ្យបានវែងឆ្ងាយជាងនេះ ថាស្ត្រីត្រូវការជួយជាយុទ្ធសាស្ត្រ ដើម្បីសម្រាប់ខ្លួនគាត់ទៅថ្ងៃក្រោយឱ្យរឹងមាំ ដោយមិនរំពឹងទៅលើសេវាសង្គមដែលផ្តល់ជូនគាត់ ពីព្រោះលុយដែលផ្តល់នោះអាចយកចំណាយក្នុងរយៈពេលមានកំណត់ ប៉ុន្តែបើយកលុយនោះទៅវិនិយោគលើប្រព័ន្ធសុខាភិបាល ធ្វើម៉េចឱ្យគាត់អាចទទួលបាននូវសេវាសុខភាពល្អប្រសើរ រាល់ថ្ងៃនេះបានល្អហើយប៉ុន្តែខ្ញុំនៅមើលឃើញថាមានកន្លែងខ្លះនៅមានការខ្វះខាត ឧទាហរណ៍តំបន់ដាច់ស្រយាល និងតំបន់មិនមានថ្នាំសង្កូវគ្រប់គ្រាន់»។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំនេះត្រូវអនុវត្តជា ៣ ដំណាក់កាល ទី១ ផ្តល់ការឧបត្ថម្ភចំនួន ៤ ម៉ឺនរៀល ក្នុង ១ ដង សម្រាប់ការមកទទួលសេវាពិនិត្យផ្ទៃពោះចំនួន ៤ ដង មុនពេលសម្រាលកូន។ ដំណាក់កាលទី២ ការផ្តល់ឧបត្ថម្ភចំនួន ២០ ម៉ឺនរៀល ក្នុង ១ ដងគត់ នៅពេលសម្រាលកូន និងដំណាក់កាលទី៣ ឧបត្ថម្ភចំនួន ៤ ម៉ឺនរៀល ក្នុង ១ ដង នៅពេលមកទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាលចំនួន ៤ ដង និងចំនួន ៦ ដង ចុងក្រោយសម្រាប់ការនាំកូនមកចាក់ថ្នាំបង្ការក្នុង ១ លើកៗ រហូតដល់អាយុ ២ ឆ្នាំ៕
វីដេអូ៖