ភ្នំពេញៈ លោក​នាយ​ករ​ដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា ស្ដ្រី​ក្រីក្រ​ដែល​ទៅ​ពិនិត្យ​ផ្ទៃពោះ​សម្រាល​កូន​ និង​មាន​កូន​អាយុ​ក្រោម ​២​ ឆ្នាំ​ចំនួន​ ១៨​ ៧២៥ ​នាក់ បាន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិ​បាល ​ខណៈ​​កម្មវិធី​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ​ ទើប​ចាប់​ផ្ដើម​អនុវត្ត​បាន ​១ ខែ​គឺ​ពី​ថ្ងៃទី ១ ខែ​ មិថុនា ​មក។

លោក ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង​សាលា​កុមារ​ពិការភ្នែក ​និង​កុមារ​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ឱ្យ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​អប់រំ​ យុវជន និង​កីឡានិង​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​វិទ្យា​ស្ថាន​អប់រំ​ពិសេសកាល​ពី​ម្សិល​មិញ​ថា ​ចាប់​ពី​ថ្ងៃទី​ ១​ ខែ ​មិថុនា​ ឆ្នាំ ២០១៩ ​ទៅ​ សម្រាប់​ស្រី្តក្រីក្រ​ចាប់​តាំ​ងពី​ពួកគេ​មាន​ផ្ទៃពោះ​ដំបូង​រហូត​កូន​មាន​អាយុ​ក្រោម ​២ ​ឆ្នាំ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថ​ម្ភ​​ក្នុង​កម្មវិ​ធី​គោល​នយោបាយ​គាំពារ​សង្គម​របស់​រដ្ឋាភិបាល​ជា​អ្វី​ដែល​លោក​សង្ឃឹម​ថា ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ​នឹង​អាច​ជួយ​កាត់​បន្ថយ​ទារក​កើត​មក​មាន​បញ្ញា​ខ្សោយ​ឬ​មាន​កាយ​សម្បទា​មិន​គ្រប់គ្រាន់។

លោក​ថា៖ ​«មាន​ ៣ ផ្នែ​ក ផ្នែក​ទី១​ អ្នក​ដែល​មាន​ផ្ទៃពោះ​​ភ្លាម​គឺ​ត្រូវ​ទៅ​ពិនិត្យ​ ៤ ​ដង ​ពិនិត្យ​ម្ដង​ទទួលបា​ន​ប្រាក់ ​ពីមុន​ទៅ​ពិនិត្យ​គេ​ទារលុយ​ ឥឡូវ​ទៅ​ពិនិត្យ​ហើយ​គេ​ឱ្យ​លុយ​មក​ផ្ទះ​វិញ​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​អា​ហារូ​បត្ថម្ភ​មុន​ពេល​សម្រាល​ ដល់​ថ្ងៃ​សម្រាល​យើង​នឹង​ឧបត្ថម្ភ​ម្ដង​ទៀត​ និង​បន្ទាប់​ពី​សម្រាល​រួច ​យើង​ត្រូវ​ឧបត្ថម្ភ​ ៨ ​ដង​ទៀត​ អ៊ី​ចឹង​ខ្ញុំ​គិត​ថា ចំ​នួន​អ្នក​កើត​ដែល​ខ្សោយ​បញ្ញា​ឬ​មាន​សម្ប​ទា​​មិន​គ្រប់​គ្រាន់ នឹង​អាច​កាត់​បន្ថយ​តាម​រយៈ​នយោ​បាយ​គាំ​ពារ​សង្គម​នេះ»។

លោក​ ហ៊ុន​ ​សែន បន្ថែម​ថា ការ​ដាក់​អនុវត្ត​កម្មវិធី​ផ្ដល់​ប្រាក់​ឧប​ត្ថម្ភ​នេះ គឺមា​ន​បំណង​ជួយ​ឱ្យ​ពលរដ្ឋ​មាន​សុខភាព​ល្អ។

លោក ​ហួត ​សូ​នី ប្រធាន​មូល​និ​ធិ​សម​ធម៌​នៃ​មន្ទី​រពេទ្យ​ខេត្ត​សៀមរាប​ បាន​ថ្លែង​ថា ក្នុង​រយៈ​ពេល ​១ ខែ​មក​នេះ ​មន្ទី​រពេទ្យ​របស់​លោក​មាន​ស្ដ្រី​ទើប​សម្រាល​កូន​ ១៧ នាក់ ​ក្នុង​នោះ​មាន​ម្នាក់​​រលូត​កូន ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​នេះ ​ដោយសា​រ​គាត់មា​ន​បណ្ណ​ក្រីក្រ​និង​មាន​កាត​ ID​ បញ្ជាក់​ពី​ភាព​ក្រីក្រ។​

លោក​ថា៖​ «ប្រាក់​ទាំង​អស់​ហ្នឹងគឺ​យើង​ឱ្យ​តាម​ដំណាក់កា​ល ​ដែល​ទាំង​អស់​មាន​ ១៥ ដំ​ណាក់កា​លគឺ ​៤ ​ដំណាក់​កាល​មុន​សម្រាល​ទទួល​បាន​ម្ដង​ ៤ ម៉ឺ​ន ហើយ​ថ្ងៃ​សម្រាល​ទទួល​បាន​ ២០ ​ម៉ឺន ហើយ​ក្រោយ​សម្រាល​គាត់​ទទួល​បាន​ ៤ ​ម៉ឺន ​១០​ ដង​ទៀត»។

អ្នក​ស្រី ឡាយ សុ​ចាប អាយុ​ ២៤​ ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ឈូក​ស ​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ​ខេត្ត​សៀម​រាប​ បាន​ថ្លែង​ថា ​ អ្នក​ស្រី​បាន​ទៅ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​សៀមរាប​កាលពី​ថ្ងៃទី​ ៤ ​ខែ ​មិថុនា។

បន្ទាប់​ពីសម្រាលរួច ​ខាង​មន្ទីរ​ពេ​ទ្យបាន​ប្រគល់​កាត​ Wing ឱ្យ​ម្ដាយ​អ្នក​ស្រី ទៅ​បើក​លុយ​ ២០ ​ម៉ឺន​រៀល ​រួច​បា​ន​ប្រាប់​ទៀត​ថា ពេ​ល​​យក​កូន​មក​ចាក់​វ៉ាក់​សាំង​តាម​ការ​កំណ​ត់ នឹង​ទទួល​បាន​ប្រាក់​ម្ដងៗ​ ៤ ​ម៉ឺនរៀល​បន្ថែម​ទៀត។

អ្នក​ស្រី​ថា៖ ​«មាន​អី​នៅពេ​ល​គេ​ឧបត្ថ​ម្ភ​អ៊ីចឹ​ង​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ​ព្រោះ​កំពុង​ខ្វះ​ខាត​ថវិកា​ដែរ។ ថវិកា​ហ្នឹង​សម្រាប់​ទិញ​របស់​របរ​ទុកឱ្យ​មី​អូន»។

លោក ​ស៊ឹង​ សែន​ករុ​ណា មន្ត្រី​នាំ​ពាក្យ​សមា​គម​អាដ​ហុក​បានថ្លែងថា ​ពលរដ្ឋ​គ្រប់រូប​គឺ​ចាប់​ពី​កើត​ភ្លាម​គឺ​ត្រូវតែ​ទទួល​បាន​ការ​ធានា​ពី​សុខុមាលភាព​ដែល​នេះ​គឺជា​កាតព្វកិច្ច​របស់​រដ្ឋ។

លោក​ថា៖​ «អ៊ីចឹង​យើង​ចាំមើល​ថា​ តើ​ការ​អនុវត្ត​ទៅ​មុខ​ហ្នឹង ​មាន​ភាព​រលូន​ឬ​យ៉ាង​ណា​ទៀត​ អា​ហ្នឹង​ទាល់​តែ​ចាំ​តាម​ដាន»។

លោក​ Vincent ​Doyle នាយក​ផ្នែក​អភិ​វឌ្ឍ​ន៍​កម្ម​វិធី​និង​គុណភាព​នៃ​អង្គ​ការ​ Save The Children យល់​ឃើញ​ថា កា​រផ្ដល់​ឧបត្ថម្ភ​នេះ​គឺជា​ការបង្ហាញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការ​លើក​កម្ពស់​សុខុ​មាល​ភាព​ស្ដ្រី ​និង​កុមារ​ ​ជាពិសេស​អ្នក​ក្រីក្រ​និង​អ្នក​ងាយ​រងគ្រោះ។​

លោក​ថា៖ «យើង​ជឿ​ជាក់​ថា វា​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​សម្រេច​ឱ្យ​បាន​ទិស​ដៅ​អភិវ​ឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​ប្រទេស ​កម្ពុជា។ យើង​រីក​រាយ​ដើម្បី​សហការ​ក្នុង​ការ​អនុវត្ត​គោលនយោ​បាយ​នេះ»។

លោកស្រី​ ឱ វ​ណ្ណឌី​ន មន្ត្រី​នាំ​ពាក្យ​ក្រសួង​សុខា​ភិ​បាល​បាន​ថ្លែង​ថា ក្រសួង​សុខាភិ​បាល​កំពុង​ខិតខំ​អនុវត្ត​ទៅតា​ម​ប្រសា​ស​ន៍​របស់​លោក​នា​យក​រដ្ឋមន្ត្រី ដើម្បី​ជួយ​ពិនិត្យ​សុខ​ភាព​ទៅ​ដល់​ស្ដ្រី​ក្រី​ក្រចាប់​តាំង​ពី​ពួកគេ​មាន​ផ្ទៃពោះ​រហូត​ក្រោយ​ពេល​សម្រាល​រួច។

លោក​ស្រីថា​៖ «សេវា​សុខា​ភិ​បាល​កំពុ​ងតែ​សស្រា​ក់សស្រាំ​ក្នុង​ការទ​ទួល​ស្ដ្រី​ដែល​មាន​ផ្ទៃ​ពោះ​មក​ពិនិត្យ​ផ្ទៃពោះ​​ហ្នឹង​»។

អង្គ​ការ​យូ​ណេស្កូ​បាន​លើកឡើង​ថា ពី​ឆ្នាំ​ ២០០០​ ដល់​ឆ្នាំ ២០១៤ អត្រា​មរណ​ភាព​ទារក​និង​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ​ នៅក​ម្ពុជា​បាន​ថយ​ចុះ​ជាង​ ៧០​ ភាគរយ ខណៈ​អត្រា​មរណ​ភាព​មាត្រា​បាន​ថយ​យ៉ាង​គំហុក​ពី​ ៤៧២ ករណី ​មក​ត្រឹម​ ១៧០​ ករណី ដែល​កត្តា​នេះ ដោយ​សារ​ការ​ថែ​ទាំ​សុខ​ភាពបា​ន​ប្រសើរ​ជាង​មុន​ ទាំង​នៅ​ពេល​និង​ក្រោយ​ពេល​មាន​ផ្ទៃ​ពោះ និង​ការ​សម្រាល​កូន​ជាមួយ​នឹង​ឆ្មប​ជំនាញ​ជាដើម៕