សៀមរាប: ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​កាល​ពី​ម្សិល​មិញ​សម្រេច​ឃុំ​ខ្លួន​ស្រ្តី​អាយុ​​ ២៣ ​ឆ្នាំ​ម្នាក់​ឈ្មោះ​ ពេត​ ​ម៉ៅ ​នៅ​ក្នុង​ពន្ធ​នាគារ​ខេត្ត​ ​ដោយ​ជាប់​ចោទ​ពី​បទ​​អូស​ទាញ​ពេស្យា​ចារ​កុមារ​ និង​ជ្រើ​សរើស​​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​កេង​ប្រវ័ញ្ច​ពល​កម្ម​កុមារ​ ​ដែល​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ខែ​ឧសភា ​ឆ្នាំ ​២០១៩។​

​លោក ​យិន​ ស្រាង​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប​ កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ​លោក​ កើត​ វណ្ណា​រ៉េត ​ព្រះ​រាជ​អា​ជ្ញា​​អម​សាលា​ដំបូង​ខេត្ត​សៀមរាប​បាន​ចេញ​ដី​កា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​​ស្ត្រី​ជា​ជន​សង្ស័យ​បន្ទាប់​ពី​រូបគេ​បាន​បង្ខំ​ឲ្យ​ក្មេង​ៗ​ចំនួន ៥ នាក់​ដើរ​សុំទាន​ និង​ដេក​​ជា​មួយ​ជនបរទេស។​

​លោក​ ​ស្រាង​ អះ​អាង​ថា​ បន្ទាប់​ពី​មន្ត្រី​ការិយា​ល័យ​ប្រ​ឆាំ​ង​​​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិ​ជន​ បាន​ចាប់​ឃាត់​ខ្លួន​ស្រ្តី​ដែល​ជា​ជន​សង្ស័យ​នោះ​បាន​កាល​ពី​ថ្ងៃ​ទី ​១០​ ​ខែ​មិថុនា​ ពេល​គេ​​កំ​ពុង​ស្នា​ក់នៅ​ភូមិ​វិហារ​ចិន ​សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀម​រាប ​ខេត្ត​សៀម​រាប​។​

​លោក ​ទិ​ត ​ណា​រ៉ុង​ ស្នង​ការ​នគរ​បាល​ខេត្ត​សៀម​រាប​ កាលពី​ម្សិល​មិញ​បាន​ថ្លែង​ថា ​ការឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ទៅ​តាម​ដីកា​លោក​ កើត​ វណ្ណា​រ៉េត​ ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប​ កាល​ថ្ងៃ​ទី ​១០​ ខែ​មិថុនា។​

លោក​ ​ណារ៉ុង​ ថ្លែង​ថា៖​ «​សមត្ថ​កិច្ច​យើង​​បាន​ឃា​ត់​ខ្លួន​ភ្លា​ម​ៗ​ក៏​បញ្ជូន​ទៅ​តុលាការ​ភ្លាម​ៗ​ដែរ»។

​លោក​ ណា​រ៉ុង​ អះ​អាង​ថា ​បន្ទាប់​ពី​ឃាត់​ខ្លួន​ស្រ្តី​ជា​ជនសង្ស័យ​ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការ​សាក​សួរ ​និង​ធ្វើ​កំណត់​ហេតុ​រួច​ហើយ​ ក៏​បាន​បញ្ជូន​បន្ត​ទៅ​តុលា​ការ។​ ចំ​ណែក​កុមារ​រង​គ្រោះ​ចំនួន​ ៥ នាក់​ ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរ​សង្គម​កិច្ច​ជា​អ្នក​មើល​ថែរក្សា។​

​លោក ​ណារ៉ុ​ង​ បានថ្លែង​ថា​៖​ «​យើង​ឃាត់​ខ្លួន​គាត់​តែ​ម្នាក់​ហ្នឹង​ទេ ​គឺជា​​​មេក្រុម​ ហើយ​អត់​មាន​អ្នក​ពាក់​ព័ន្ធ​អ្វី​ទៀត​ទេ ​យើង​បាន​ស៊ើប​​អង្កេត​ សាកសួរ​អី​អស់​ហើយ​ គឺ​មាន​តែ​គាត់​ម្នាក់ ​ជា​អ្នក​បញ្ជា​ក្មេងៗ​ទាំង​ ៥ នាក់​ហ្នឹង»។​

​តាម​បណ្ដាញ​សារ​ព័ត៌​មាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ក្មេង​ស្រីៗ​ទាំង​ ៥ នាក់​នេះ​ ត្រូ​វ​បាន​បង្ខំ​ឲ្យ​ដើរ​សុំទាន​នៅ​ផ្សារ​ចាស់ ​តំបន់​ផាប់​​ស្រ្ទី​ត ​ចាប់​ពី​ពេល​ល្ងាច​ម៉ោ​ង​​ប្រហែល​ ៧​ យប់ ​រហូត​ដល់​ម៉ោង​ ៣ ​ទៀបភ្លឺ​ ទើប​ហៅ​ក្មេង​ស្រី​ទាំង​អស់​ទៅ​ជួប​ជុំ​គ្នានៅ​ស្ពាន​ឈើ​មុខ​សណ្ឋា​គារ​តា​ព្រ​ហ្ម​ ហើយ​តម្រូវ​ឲ្យ​ក្មេង​ទាំង​អស់​បង់​ប្រាក់​ឲ្យ​ខ្លួន​ក្នុង​ម្នាក់​ ១០០០០ ​រៀល​ ទៅ​ ២០០ ០០ រៀល ​ក្នុង​ ១ យប់​ ជា​ថ្នូរ​ដែល​ផ្ដល់​កន្លែង​ស្នាក់នៅ។​ ​

បើ​ក្មេង​ទាំង​អស់​នោះ​មិន​ស្តាប់​តាម​បង្គាប់​គេ​ទេ ជន​សង្ស័យ​គំរាម​វាយ​ធ្វើ​បាប​ ព្រម​ទាំង​បង្ខំ​ឲ្យ​ក្មេង​ជក់​គ្រឿងញៀន​ ហើយ​បើ​មាន​ភ្ញៀវ​បរ​ទេស​ណា ​ត្រូវ​ការ​យក​ក្មេង​ទៅ​ដេក​ជា​មួយ​ ឈ្មោះ ​ពេ​ត ​ម៉ៅ ​ជា​អ្នក​ជំរុញ​ឲ្យ​ទៅ​ជា​មួយ​ជន​បរ​ទេស ​ហើយ​បក​ប្រែ​ភាសា​ឲ្យ​ក្មេងៗ​ រួច​ដក​យក​ភាគ​រយ​ដែល​ជន​បរ​ទេស​ឲ្យ​លុយ​ទៅ​ក្មេងៗ​ថែម​ទៀត។​

ទោះ​ជា​យ៉ាង​ណាក៏ដោយ​យោង​តាម​ច្បាប់​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ មាត្រា ​៣០​ នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ​និង​អំពើ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​បាន​បង្ហាញ​ថា ​ជន​ណា​ដឹក​នាំ​ធ្វើ​ប្រតិប​ត្តិកា​រ​ ឬ​ចេញ​ប្រាក់​ឲ្យ​គ្រឹះ​ស្ថាន​ពេស្យា​ចារ​ដោយ​ផ្ទាល់ ​ឬ​តាមរយៈ​អន្តរការី​ ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ២ ឆ្នាំ​ ទៅ ​៥ ឆ្នាំ៕