សៀម​រាបៈ ចៅក្រម​​សាលា​ដំបូង​ខេត្ត​សៀម​រាប បាន​ចោទ​ប្រកាន់​ស្ត្រី​ម្នាក់ ពី​បទ​​លួច​មាន​ស្ថាន​ទម្ងន់​ទោសពាក់​ព័ន្ធ​ករណី​ដែល​ស្ត្រី​រូប​នេះ យក​កាវ ៥០២ ដាក់​ក្នុង​មាត់​ស្ត្រី​រងគ្រោះ​ម្នាក់​ ដើម្បី​ប្លន់​យក​ខ្សែ​កមាស ១ ​តម្លឹង​ កាលពី​ចុង​ខែ​មីនា​ ប្រ​ព្រឹត្ត​នៅ​ស្រុក​អង្គរ​ជុំ។

លោក ​យិន ស្រាង អ្នកនាំពាក្យ​​សាលា​ដំបូង​ខេត្តសៀមរាប​ ថ្លែង​នៅ​ថ្ងៃ​ទី​ ៨​ មេសា​​ថា ស្ត្រី​ឈ្មោះ គុណ ហួច អាយុ​ ២៨​ ឆ្នាំ​ ត្រូវបាន​តំណាង​​អយ្យការ អម​សាលាដំបូង​ខេត្តសៀមរាប​​ ចោទ​​ប្រកាន់​ពី​បទ​​លួច​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​​ ៣៥៧​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

លោក​​បន្ត​ថា៖ «បន្ទាប់​ពី​​តំណាង​អយ្យការ​ចោទ​ប្រកាន់ស្ត្រី​ម្នាក់នេះ​ ត្រូវ​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​​បន្ត​នីតិវិធី​»​។

នៅ​ប្រហែល​ជា​ ១ ម៉ោង​ក្រោយ​មក លោក​ស្រីចៅ​ក្រម​ស៊ើប​សួរ លិ ស៊ីវ​ទាន​ បាន​សម្រេច​ចេញ​ដីកាឃុំ​ខ្លួន​​​ស្រ្តី​រូប​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​​លួច​មាន​ស្ថាន​ទម្ងន់ទោស​​។

យោងតាម​មាត្រា​ ៣៥៧ ប្រសិន​បើ​តុលាការ​រកឃើញថា​ ស្ត្រី​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​ នឹងត្រូវផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​ពី ៣ ​ឆ្នាំ​ទៅ ១០ ឆ្នាំ។

លោក សុខ ម៉េង​អ៊ាង នាយ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​សៀមរាប​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​មេសា ដោយ​​យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ យ៉​ម រួម អាយុ ៦៧ ឆ្នាំ​រស់នៅ​ភូមិ-ឃុំ តា​សោម ស្រុក​អង្គរជុំ ខេត្ត​សៀម​រាប។

រវាង​ស្ត្រី​រងគ្រោះ និង​ស្ត្រី​សង្ស័យ ជាមនុស្ស​រាប់អានគ្នា​ ហើយ​កាលពី​ថ្ងៃ​ទី​ ៣០​ ខែមីនា​ ស្ត្រី​សង្ស័យ​ឈ្មោះ គុណ ហួច ដែល​មាន​ផ្ទៃពោះ​ ៧ ​ខែ​ផង​នោះ បាន​ប្លន់​ស្ត្រី​រងគ្រោះ​ ខណៈ​​ស្ត្រី​រង​គ្រោះ​​នៅផ្ទះ​ម្នាក់ឯង។ ​

ស្ត្រី​សង្ស័យ​បាន​យក​កាវ​វិទ្យាសាស្ត្រ​ ៥០២ ទៅ​បន្តក់​លើ​ក្រដាស​ជូត​មាត់​ ហើយ​យកទៅ​ញាត់​ក្នុង​មាត់​ស្ត្រី​រង​គ្រោះ​ និង​ដោះ​យក​ខ្សែ​កមាស ១​ តម្លឹង របស់​ស្រ្តី​រង​គ្រោះ​ ​រួច​គេច​ខ្លួន​បាត់។

លោក សុខ ម៉េង​អ៊ាង ​​បាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា​ ក្រោយពី​កើតហេតុ​ការណ៍​មក​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​ បាន​ដាក់​​ពាក្យបណ្តឹង ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ ហើយ​នគរបាល​ស្រុក​អង្គរជុំ​ បាន​បញ្ជូន​បណ្តឹង​បន្ត​​មក​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​​របស់​លោក ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​។

បន្ទាប់ពី​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្ត​ បានបើក​ការ​​ស៊ើប​អង្កេត​​​អស់​រយៈ​ពេល​ប្រហែល ​១ ​សប្តាហ៍​​ ទើបចាប់​ស្ត្រី​សង្ស័យ​បាន​ នៅ​​ថ្ងៃទី ៦​ មេសា​។

លោក​ម៉េង​អ៊ាង​​បញ្ជាក់​ថា៖ «ស្ត្រី​សង្ស័យ ​មិនបាន​សារភាព​ទេ ហើយ​ឆ្លើយ​ដាក់​កូនប្រុស​ម្នាក់​របស់​ស្ត្រី​រងគ្រោះ​ថា​ជា​អ្នក​បង្គាប់​ឲ្យ​នាង​ធ្វើបែបនេះ។ តែ​ក្រោយមក​ ​ស្ត្រី​សង្ស័យ​ថា​ គាត់​ជា​អ្នកធ្វើ​ខ្លួនឯង​ទៅវិញ»៕