បាត់ដំបង៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​សភាព​​អាក្រាត​កាយ និង​មាន​ស្នាម​ជាំ​ក្រមៅ​នៅ​លើ​បំពង់​ក ដែល​ក្រុម​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ ជា​អំពើ «ឃាតកម្ម» និង​កំពុង​​ធ្វើ​ការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​សង្ស័យ​។

លោក អូន ប៉ៃ នាយ​ការិយាល័យ ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​អង្គារ​ថា ស្ត្រី​រងគ្រោះ ឈ្មោះ ហង្ស ហ៊ន អាយុ ​៣៧ ​ឆ្នាំ រស់នៅ​ភូមិ-ឃុំរកា ស្រុក​សង្កែ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​កាល​ពី​ព្រឹក​​ថ្ងៃ​ចន្ទ​នៅ​លើ​ដី​ស្រែ​មួយ​កន្លែង​នៅ​ខាង​ក្រោយ​ផ្សារ​ទំនើប​ភូពុយ ក្នុង​​ភូមិ​ចំការ​សំរោង ​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង។ «សព​ស្ត្រី​រងគ្រោះ​មាន​សភាព​អាក្រាត​ និង​មាន​ស្នាម​ជាំ​ក្រមៅ​នៅ​លើ​បំពង់​ក។ នៅ​ក្បែរ​​សព​របស់​​នាង សមត្ថ​កិច្ច​យើង​បាន​រក​ឃើញ ខោ​ទ្រនាប់​ពណ៌​ត្រួយ​ចេក​មួយ ដាក់​នៅ​លើ​ស្បែក​ជើង​កែង​ចោត និង​មាន​ខ្សែ​អង្រឹង ​១ ​ខ្សែ​ផង​ដែរ»។

លោក ​ប៉ៃ ​ថា៖ «​យោង​តាម​ការ​ពិនិត្យ​កោសល្យ​វិច័យ​បែប​វិទ្យាសាស្ត្រ​នៅ​នឹង​កន្លែង​កើត​ហេតុ និង​​ស្លាកស្នាម​ដែល​មាន​​​នៅ​លើ​សព​ជន​រងគ្រោះ អាច​ឲ្យ​យើង​សន្និដ្ឋាន​ថា គឺ​ជា​អំពើ​ឃាតកម្ម​រំលោភ​សម្លាប់ ហើ​យ​​ជន​រងគ្រោះ និង​ឃាតករ​ទំនង​ជា​មនុស្ស​ស្និទ្ធស្នាល​នឹង​គ្នា​»​។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ សមត្ថកិច្ច​នៅ​ពុំទាន់​បាន​ដឹង​ពី​តម្រុយ​ ឬ​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​ជា​ឃាតករ​នៅ​ឡើយ​ទេ ខណៈ​សព​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ប្រគល់​​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​។

លោក យិន ម៉េងលី មន្ត្រី​អង្កេត​នៃ​សមាគម​អាដហុក ខេត្ត​បាត់ដំបង​ថ្លែង​ថា ករណី​ឃាតកម្ម​នេះ​បាន​បង្ក​ឲ្យ​មាន​ក្ដី​ព្រួយ​បារម្ភ​ជា​ទូទៅ ​ខណៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​ក្នុង​ការ​ការពារ​សុវត្ថិភាព​សន្តិសុខ​សង្គម​​នៅ​​មាន​កម្រិត​នៅ​ឡើយ​៕