បាត់ដំបងៈ ស្រ្តី​អាយុ​ ៤៥​ ឆ្នាំ​​ម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខេត្ត​បាត់​ដំបង​​ កាល​ពី​ថ្ងៃ​ចន្ទ​​​​ ពាក់​ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​​ស្រ្តី​ ៥​ នាក់​ទៅ​ប្រទេស​ម៉ាឡេស៊ី​​​ បន្ទាប់ពី​​ឪ​ពុក​​របស់​ជន​រង​គ្រោះ​ម្នាក់​ បាន​ដាក់​​ពាក្យ​បណ្តឹង​ទៅ​​នគរ​បាល​ខេត្ត​​។

​លោក ​ប៊ុន វណ្ណារ៉ា​ ប្រធាន​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ប្រចាំខេត្ត​ បាន​ថ្លែង​ថា ​អាជ្ញា​ធរ​​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​​ឈ្មោះ យឿន ភាព អាយុ​ ៤៥ ​ឆ្នាំ​​​ក្នុង​​​ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​​បវែល​។

​លោក​បាន​ថ្លែង​ថា​ ​អ្នក​ស្រី ភាព​ ​​បាន​ទទួល​ប្រាក់​ចំនួន ​​៤០០​ ដុល្លារ ​ពី​មេ​ខ្យល់​​​ សម្រាប់​ការ​ជួយ​ជួញ​ដូរ​ស្រ្តី​ ៥​ នាក់​ រួម​ទាំង​កូន​ស្រី​របស់​ខ្លួន​ ​​ហើយ​ថា​​​ មាន​ជន​សង្ស័យ​ពីរ​នាក់​ទៀត​ នៅ​មិន​ទាន់​ចាប់​ខ្លួន​នៅ​ឡើយ​។

​នៅ​ក្នុង​បទ​សម្ភាស​​មួយ​ កាល​ពី​ម្សិលមិញ​ ជន​រង​គ្រោះ​ ម៉ៅ មុំ អាយុ​២២​ឆ្នាំ​ ​បាន​ថ្លែង​ថា ​​នាង​បាន​ចាក​ចេញ​ពី​​កម្ពុជា​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៦​ ​ហើយ​អាច​ត្រឡប់​មក​វិញ​​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​នេះ​។

​អ្នក​នាង មុំ ​ត្រូវ​បាន​​​​ផ្ទេរ​ឲ្យ​​​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ៗ​គ្នា​ចំនួន​បី​​ ​និង​មិន​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល ​ហើយ​ទទួល​​រង​ការ​រំលោភ​បំពាន​​នៅ​កន្លែង​ការ​ងារ​នីមួយ​ៗ​។

​អ្នក​នាង​បាន​ថ្លែង​បន្ត​ថា​ និយោជក​ទី​ពីរ​របស់​អ្នក​នាង​ ​​ធ្លាប់​យក​ទឹក​កក​វៃ​​អ្នក​នាង​«ត្រង់​ថ្ងាស់​​ដោយសារ​អ្នក​នាង​ដាក់​​ថ្នាំ​ពេទ្យ​នៅ​ក្នុង​ទូទឹក​កក​»។ ​

នាង​បាន​ថ្លែង​បន្ត​ថា ​បន្ទាប់​ពី​ត្រូវ​បាន​លក់​ទៅ​ឲ្យអ្នក​​លក់​ផ្លែ​ឈើ​ ​អ្នក​នាង​ មុំ ​បាន​ទទួល​​រង​​ការ​រំលោភ​បំពាន​​​​ធ្ងន់​ធ្ងរ​បំផុត​​។ ​​អ្នក​នាង​ត្រូវ​បាន​វាយ​ប្រហែល​​​ម្តង​​​ក្នុងមួយ​​សប្តាហ៍​​​ដោយ​សារ​មិន​អាច​លើក​​ផ្លែ​ឈើ​​ចំនួន​ពី​ ៨០​ ទៅ ​៩០ ​គីឡូ​ក្រាម​។

នាង​​បន្ត​ថា​ នៅ​ទី​បំផុត​ ​​នាង​​ត្រូវ​បាន​ចាក់​សោ​នៅ​ក្នុង​ទូទឹក​កក​។

នាង​បាន​ថ្លែង​បន្ត​ថា​​៖ «​​​ខ្ញុំ​មិន​អាច​​ដើរ​បាន​​ មិន​អាច​ហូប​អ្វី​បាន​។ ​ខ្ញុំ​ស្ទើរ​តែ​ស្លាប់​»។ «​​ឥឡូវ​នេះ​​ខ្ញុំ​នៅ​មាន​​ការ​​ពិបាក​ដក​ដង្ហើម​​​ និង​មាន​អារម្មណ៍​ឈឺ​​នៅ​ក្នុង​ឆ្អឹង​»។​

និយោជក​របស់​អ្នក​នាង​នៅ​ទី​បំផុត ​​បាន​បញ្ជូន​អ្នក​នាង​ទៅ​​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​​ ​ហើយ​បន្ទាប់​មក​បាន​បញ្ជូន​ទៅ​ទីភ្នាក់​ងារ​​មួយ​នៅ​ខែ​ធ្នូ ឆ្នាំ​ ២០១៧​។​ ​អ្នក​នាង​បាន​ថ្លែង​បន្ត​ថា​៖ «​​ក្នុង​រយៈ​ពេល​​ទាំង​នេះ​ ​ខ្ញុំ​មិនដែល​ទទួល​បាន​ប្រាក់​ខែ​ណា​ទេ»។ ​

អ្នក​នាង​បាន​បន្ថែម​ថា ខ្ញុំ​មិន​ចង់​ឲ្យ​ជន​សង្ស័យ​​​ជាប់​​​ពន្ធនាគារ​ទេ​ «​គ្រាន់​តែ​សង​លុយ​ខ្ញុំ​​ចំពោះ​ការ​ងារ​ដែល​ខ្ញុំ​បាន​ធ្វើ​​ទៅ​បាន​ហើយ​​»៕ ​ PS​